27 C
Phnom Penh

លោក សម រង្ស៊ី បញ្ជាក់ជំហរ​​​​ថា ការ​ធ្វើ​ពហិការ​នៅ​ដដែល ទោះ​សភា​មាន​ផែនការ​អ្វីក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំគណបក្ស ប្រឆាំង បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិនឹងបន្តធ្វើពហិការមិនចូលប្រជុំសភាដដែល ប៉ុន្តែតំណាងរាស្ត្រជាន់ខ្ពស់ មួយរូបបានលើកឡើងថា គណបក្សនឹងប្រើប្រាស់គណៈកម្មការសភាដើម្បីដាក់សម្ពាធរដ្ឋមន្ត្រីទាំងអស់ក្នុងរដ្ឋាភិបាលលើបញ្ហាបន្ទាន់របស់ជាតិ។

cam-photo-sokha-800x533ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍កាលពីថ្ងៃអង្គារថា គណបក្សប្រឆាំងបានបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួន ដែលបានចាប់ផ្ដើមបន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីចុងខែឧសភា។ ប៉ុន្តែលោក សម រង្ស៊ី បានមានប្រសាសន៍ថា ត្រូវតែមាន “ដំណោះស្រាយគ្រប់ជ្រុងជ្រោយ” មុនពេលគណបក្សត្រឡប់ចូលទាំងអស់គ្នា។

លោក សម រង្ស៊ី បានលើកឡើងនៅក្នុងអុីម៉េលថា “ការត្រឡប់មកកាន់រដ្ឋសភាវិញនៅ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ មានន័យថា ស្ថានការណ៍នយោបាយត្រឡប់ទៅរកសភាពធម្មតាវិញ ដែលជាក់ស្តែងមិនមែនអ៊ីចឹងនោះ”។

លោកបានបន្ថែមថា “ដរាបណាអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រមិនត្រូវបានគោរព និងសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេមិនត្រូវបានធានានៅពេលបំពេញការងារនោះ វានៅតែលំបាកសម្រាប់សមាជិកសភាគណបក្សប្រឆាំងក្នុងការបន្តការងាររបស់ខ្លួនជាធម្មតា”។

លោក សម រង្ស៊ី ត្រូវបានបណ្ដេញចេញពីសភាបន្ទាប់់ពីការកាត់ឱ្យជាប់ទោសពីបទបរិហារកេរ្តិ៍រយៈពេលជាច្រើនឆ្នាំរបស់លោក ត្រូវបានសើរើឡើងវិញកាលពីខែវិច្ឆិកា។លោកកំពុងរស់នៅក្នុងប្រទេសបារាំងដើម្បីគេចពីទោសជាប់ពន្ធនាគារ។ លោក កឹម សុខា ដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីដើមខែនេះ នៅតែសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិដដែល។ តំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប និងសមាជិកព្រឹទ្ធសភាមួយរូបកំពុងជាប់ពន្ធនាគារ ជុំវិញការបង្ហោះសារក្នុងទំព័រហ្វេសប៊ុក ដែលត្រូវបានចាត់ទុកថា ជាទោសព្រហ្មទណ្ឌ។

យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា មានមន្ត្រី ឬសមាជិកគណបក្សសង្គ្រោះជាតិសរុប១៩នាក់ ដែលបច្ចុប្បន្ននេះកំពុងជាប់ឃុំជុំវិញការចោទប្រកាន់ដែលមានលក្ខណៈនយោបាយ។

ជាការឆ្លើយតបចំពោះការគំរាមធ្វើមហាបាតុកម្មប្រឆាំងការវាយប្រហារលើប្រព័ន្ធតុលាការ លោក ហ៊ុន សែន បានសន្យាកាលពីថ្ងៃច័ន្ទថានឹង “កម្ចាត់” អ្នកដែលប៉ុនប៉ងធ្វើការតវ៉ាបែបនេះ។ លោកក៏បានលើកឡើងផងដែរថា ខ្លួនលោកផ្ទាល់បានបញ្ជាឱ្យមានការដាក់កម្លាំងកងទ័ពនៅជុំវិញទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៣១ខែសីហា។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា ចាំបាច់ត្រូវកែប្រែច្រើនណាស់មុនពេលគណបក្សសង្គ្រោះជាតិអាចត្រឡប់ទៅធ្វើការវិញដូចធម្មតា។

លោកបានថ្លែងថា ”ការមិនមានដំណោះ ស្រាយគ្រប់ជ្រុងជ្រោយចំពោះវិបត្តិនយោបាយបច្ចុប្បន្ន វាធ្វើឲ្យយើងថ្កោលទោសកាន់តែខ្លាំងបន្ថែមទៀតចំពោះការត្រឡប់ ទៅរកប្រព័ន្ធដែលមានតែមួយគណបក្សនៅក្នុងប្រទេសយើង”។

លោក សុន ឆ័យ តំណាងរាស្ត្រដែលជាប្រធានក្រុមតំណាងរាស្ត្រភាគតិចរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ការធ្វើពហិការរបស់គណបក្សប្រឆាំងមិនដែលរារាំងតំណាងរាស្ត្រមិនឱ្យធ្វើការនៅក្នុងគណៈកម្មការទាំងនេះទេ គឺអនុវត្តចំពោះសម័យប្រជុំពេញអង្គតែប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា គណបក្សនឹងបន្តជំរុញសំណើឱ្យពិនិត្យមើលច្បាប់បីស្ដីពីប្រព័ន្ធតុលាការដែលបានអនុម័តកាលពីឆ្នាំ២០១៤ ហើយបានចោទសួររដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រសួងកសិកម្ម ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល។

លោកបានថ្លែងថា “សុំបញ្ជាក់ថា គណបក្សសង្គ្រោះជាតិអត់ដែលធ្វើពហិការជាទូទៅទេ។យើងបានធ្វើការសម្រេចចិត្តមិនចូលរួមប្រជុំកន្លងទៅ ដោយសារស្ថានភាពទេ”។

បើទោះជាលោក ហ៊ុន សែន បានលើកឡើងកាលពីថ្ងៃច័ន្ទថា គណបក្សប្រជាជនកម្ពុជានឹងមិនពិចារណាការចរចារហូតដល់គណបក្សសង្គ្រោះជាតិទម្លាក់ចោលការគំរាមធ្វើបាតុកម្ម ហើយចូលសភាក៏ដោយក៏លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកមានគំនិតសុទិដ្ឋិនិយមថា នៅពេលឆាប់ៗនេះគណបក្សទាំងពីរនឹងស្វែងដំណោះស្រាយរួមបាន។

លោកបានមានប្រសាសន៍ថា “ខ្ញុំជឿថា បើយើងជួបគ្នា វាអត់យូរទេ បរិយាកាសនឹងដូចដើមវិញ ហើយអ្នកនៅពន្ធនាគារទាំងអស់នឹងបានចេញមក”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស