42.2 C
Phnom Penh

ការ​​​សិក្សា​​​៖ ស្ថិរភាព​​​សេដ្ឋ​​​កិច្ច​​​គ្រួសារ​​រង្គោះរង្គើ​​​ដោយសារ​​​ឥទ្ធិពល​​​ អែល នីញ៉ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការសិក្សាថ្មីមួយបានរកឃើញថា ស្ថិរភាពសេដ្ឋកិច្ចនៃគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជា បានរងផលប៉ះពាល់យ៉ាងខ្លាំងអំឡុងវដ្ដអាកាសធាតុ ឬបាតុភូត អែល នីញ៉ូ (El Nino) ដែលបានគ្របដណ្តប់តំបន់អំឡុងរដូវប្រាំងកន្លងទៅ បណ្តាលឲ្យមានគ្រោះរាំងស្ងួតដែលបានធ្វើឲ្យគ្រួសារជាច្រើនជំពាក់បំណុលគេ និងទទួលបានកម្រិតប្រាក់ចំណូលទាបជាងមុន។

របាយការណ៍សិក្សាដែលបានចេញផ្សាយកាលពីសប្តាហ៍មុននេះ បានស្ទង់មតិលើប្រជាពលរដ្ឋចំនួន២.៤០០គ្រួសារនៅទូទាំងប្រទេស ហើយបានរកឃើញថា ជាង៥០ភាគរយនៃគ្រួសារមានប្រាក់ចំណូលមធ្យមនិងគ្រួសារមានប្រាក់ចំណូលខ្ពស់បានចងការប្រាក់គេ និងបានធ្លាក់ចូលក្នុងកម្រិតអ្នកមានប្រាក់ចំណូលទាប។

របាយការណ៍ដែលធ្វើឡើងដោយអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ និងអង្គការយូនីសេហ្វនេះបានលើកឡើងថា បំណុលក្នុងចំណោមគ្រួសារមានប្រាក់ចំណូលទាបដែលត្រូវបានស្ទង់មតិ បានកើនឡើងជាមធ្យម១.២០០ដុល្លារគិតមកត្រឹមពេលចុងបញ្ចប់នៃបាតុភូត អែល នីញ៉ូ ពីព្រោះពួកគាត់បានទិញគ្រាប់ពូជថ្មីដើម្បីជំនួសដំណាំដែលមិនដុះ និងសត្វពាហនៈងាប់។

លោកស្រី ហ្វ្រែនសេក្កា អឺដេលមែន (Francesca Erdelmann) នាយករងប្រចាំប្រទេសរបស់ WFP បានមានប្រសាសន៍កាលពីម្សិលមិញថា “ជាធម្មតានៅក្នុងករណីរាំងស្ងួតធ្ងន់ធ្ងរ តាមការរំពឹងទុកគឺថា ប្រជាពលរដ្ឋក្រីក្របំផុតគឺជាអ្នកដែលរងផលប៉ះពាល់បំផុត។ ក្នុងករណីនេះ ផលប៉ះពាល់ធំធេងណាស់ក្នុងចំណោមប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែ ផលប៉ះពាល់នៃគ្រោះរាំងស្ងួតនេះបានធ្លាក់ទៅដល់ក្រុមដែលមានជីវភាពធូរធារ”។

ឈានដល់កម្រិតកំពូលរបស់ខ្លួនកាលពីខែធ្នូ និងបញ្ចប់ទៅវិញនៅខែឧសភា បាតុភូត  អែល នីញ៉ូ បាននាំទៅរកគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងមួយជំនាន់មនុស្ស ហើយប្រហែលពីរភាគបីនៃរាជធានីខេត្តទាំង២៥របស់ប្រទេសកម្ពុជា បានជួបការខ្វះខាតទឹកសម្រាប់ផឹក និងធារាសាស្ត្រ នេះបើយោងតាមការឲ្យដឹងពីរដ្ឋាភិបាល។

សត្វពាហនៈរាប់រយក្បាលបានងាប់ អ្នកភូមិជនបទធ្លាក់ខ្លួនឈឺដោយសារសោះជាតិទឹកក្នុងខ្លួន ម៉ោងសិក្សានៅតាមសាលារៀនត្រូវបានកាត់បន្ថយ ហើយប្រឡាយ ព្រែកព្រមទាំងអណ្តូងទឹកនៅទូទាំងប្រទេសរីងស្ងួតគ្មានសល់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនរថយន្តយោធាចំនួន១០០គ្រឿងកាលពីខែមេសា ដើម្បីដឹកទឹកទៅផ្គត់ផ្គង់ដល់តំបន់នានាដែលពឹងផ្អែកលើទឹកភ្លៀងសម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីការផឹករហូតដល់ការធ្វើកសិកម្ម។

អភិបាលខេត្តនានាត្រូវបានបញ្ជាឲ្យស្ថិតនៅក្នុងខេត្តរបស់ខ្លួនរៀងៗខ្លួនរហូតដល់រដូវវស្សាឈានចូលមកដល់។

ដោយភ្លៀងចាប់ផ្តើមធ្លាក់នៅចុងខែឧសភា លោក ហ៊ុន សែន បានមានប្រសាសន៍ ថា គ្រោះរាំងស្ងួតនេះបានផ្តល់មេរៀនស្តីពីរបៀប “ប្រយុទ្ធប្រឆាំង” ស្ថានភាពបែបនេះនៅពេលអនាគត ហើយថា ប្រព័ន្ធធារាសាស្ត្រនឹងត្រូវពង្រីកបន្ថែម។

ប៉ុន្តែប្រជាពលរដ្ឋជាច្រើនបានរងផលប៉ះពាល់រួចទៅហើយដោយសារឥទ្ធិពលនេះ។

របាយការណ៍ឆ្នាំ២០១៤របស់ធនាគារពិភពលោកលើកឡើងថា ថ្វីបើអត្រាភាពក្រីក្រក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះឥតឈប់ក្តី ក៏ភាគច្រើននៃអ្នកទាំងនោះដែលបានគេចផុតពីភាពក្រីក្រ “នៅតែងាយរងគ្រោះខ្លាំង ដែលសូម្បីការប្រែប្រួលតូចតាចក៏អាចធ្វើឲ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រវិញបានយ៉ាងងាយ”។

ការស្ទង់មតិថ្មីដែលបានបញ្ចប់កាលពីខែឧសភានេះបានរកឃើញថា ៦២ភាគរយនៃគ្រួសារដែលត្រូវបានសាកសួរ បានបាត់បង់ប្រាក់ចំណូលដោយសារតែផលប៉ះពាល់នៃបាតុភូត អែល នីញូ៉ ពោលគឺធ្លាក់ចុះប្រាក់ចំណូលសរុប១៩ភាគរយ។ ការស្ទង់មតិ នេះក៏បានរកឃើញដែរថា អត្រាដំណាំដាំមិនដុះមាន១៨ភាគរយ។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថា  ប្រហែល១៣ភាគរយនៃគ្រួសារនានានិយាយថា ពួកគាត់បានចងការប្រាក់គេបន្ថែម ហើយភាគច្រើននៃប្រាក់ចងការទាំងនោះ “ត្រូវបានវិនិយោគដោយផ្ទាល់ក្នុងវិស័យកសិកម្មដើម្បីព្យាយាមសម្រាលការខាតបង់ក្នុងផលិតកម្ម ឬដំណាំដាំមិនដុះ”។

ពួកគេបានលើកឡើងទៀតថា “អ្វីដែលមិនច្បាស់នៅពេលនេះគឺថា តើនេះគ្រាន់តែជាការខាតបង់បណ្តោះអាសន្នដែលគ្រួសារនានានឹងប្រសើរឡើងវិញយ៉ាងរហ័ស ហើយការកើនឡើងបន្ទុកបំណុលនឹងបន្តជះផលប៉ះពាល់ដល់គ្រួសារនានាក្នុងរយៈពេលខ្លី និងរយៈពេលមធ្យម ឬយ៉ាងណា”។

យោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា ធនាគារកណ្តាល កំពុងសហការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនានាដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុដែលគ្រួសារទាំងនោះត្រូវការដើម្បីធូរស្រាលពីគ្រោះរាំងស្ងួតនេះ។ លោកបានបង្វែរសំណួរពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធទៅមន្ត្រីក្រសួងធនធានទឹកដែលមិនអាចទាក់ទងបានកាលពីម្សិលមិញ៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស