32.5 C
Phnom Penh

បុរស​បង់ក្លាដេស​បដិសេធ​បទ​ចោទ​ជួញ​ដូរ​មនុស្ស​នៅ​សវនាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសបង់ក្លាដេសម្នាក់ ដែលជាប់ចោទពីបទជួញដូរមនុស្ស បានព្យាយាមប្តូរចម្លើយរបស់ខ្លួនវិញនៅក្នុងសវនាការកាលពីថ្ងៃច័ន្ទ ដែលដំបូងឡើយថា សក្ខីកម្មរបស់ខ្លួនកន្លងមកនោះមិនត្រឹមត្រូវ បន្ទាប់មកឆ្លើយថា ខ្លួនឆ្លើយដោយសារការបង្ខិតបង្ខំ។

លោក រ៉ាម៉ាន មីហ្សានួ (Raman Mizanur) អាយុ៣៨ឆ្នាំ ត្រូវបានឃាត់ខ្លួននៅស្ថានទូតម៉ាឡេស៊ីក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី១៥ខែកក្កដា នៅពេលដែលកំពុងដាក់ពាក្យសុំទិដ្ឋាការធ្វើដំណើរឲ្យជនជាតិបង់ក្លាដេស៧នាក់ផ្សេងទៀត។

យោងតាមតុលាការក្រុងភ្នំពេញ លោក មីហ្សានួ ដំបូងឡើយបានប្រាប់សមត្ថកិច្ចថា ជនជាតិបង់ក្លាដេស៧នាក់បានបង់ប្រាក់២.៥០០ដុល្លារក្នុងម្នាក់ៗ ដោយរំពឹងថា បានទៅប្រទេសម៉ាឡេស៊ី ហើយថា គាត់ទទួលបានសរុប៨០០ដុល្លារសម្រាប់សេវារបស់គាត់។ តាមសេចក្តីរាយការណ៍ គាត់ក៏បានប្រាប់សមត្ថកិច្ចដែរថា ពីមុនគាត់បានជួយមនុស្ស៨០នាក់ធ្វើដំណើរពីប្រទេសបង់ក្លាដេសទៅប្រទេសម៉ាឡេស៊ីតាមរយៈប្រទេសកម្ពុជា។

និយាយតាមរយៈអ្នកបកប្រែនៅសវនាការកាលពីថ្ងៃច័ន្ទ លោក មីហ្សានួ បានសារភាពថាបានដាក់ពាក្យសុំទិដ្ឋាការចំនួន៧ ប៉ុន្តែបានបដិសេធការអះអាងផ្សេងទៀត។

លោកបាននិយាយថា “ខ្ញុំមិនបាននិយាយថា ជនរងគ្រោះម្នាក់ៗបានបង់ប្រាក់២.៥០០ដុល្លារ ឬថា ខ្ញុំបានបញ្ជូនមនុស្ស៨០នាក់ពីប្រទេសកម្ពុជាទៅប្រទេសម៉ាឡេស៊ីនោះទេ”។ ក្រោយមក លោក មីហ្សានួ បាននិយាយថា លោកបានសារភាពក្រោមការធ្វើបាបលើរាងកាយពីនគរបាល។

លោកបាននិយាយថា “នៅពេលខ្ញុំនិយាយជាមួយនគរបាល នគរបាលបានទះខ្ញុំបីកំផ្លៀង ហើយខ្ញុំចេះតែនិយាយទៅ”។ លោកបាននិយាយបន្ថែមថា លោកប្រកាន់យកចម្លើយដែលផ្តល់ឲ្យ នៅពេលត្រូវសាកសួរក្រោយមកទៀតក្រុមមន្ត្រីតុលាការ។

លោក មីហ្សានួ បានអះអាងថា លោកបានទទួលលិខិតឆ្លងដែនចំនួន៧ និងពាក្យសុំទិដ្ឋាការ តាមរយៈតាក់ស៊ីពីប៉ោយប៉ែត ពីឈ្មោះ សាគីល ហាសាន រ៉េបុន ជាអ្នកស្គាល់គ្នាកាលពីពេលធ្វើការជាមួយគ្នានៅប្រទេសម៉ាឡេស៊ី។

ចៅក្រមជំនុំជម្រះ ហេង សុខណា បានសួរចុងចោទ ថាតើលោកដឹងថា លិខិតឆ្លងដែនទាំងនោះក្លែងក្លាយឬទេ។

គាត់បានឆ្លើយថា “ខ្ញុំមិនដឹងទេពីមុនមក ប៉ុន្តែឥឡូវនេះ ខ្ញុំដឹងថា វាក្លែងក្លាយ”។

មេធាវីរបស់លោក មីហ្សានួ គឺលោក លឹម លីណាំ បាននិយាយបន្ថែមថា ការបកប្រែមិនបានល្អទំនងជាធ្វើឲ្យភាន់ច្រឡំដល់ការផ្តល់សក្ខីកម្មពីមុនរបស់កូនក្តីលោក ហើយថា បទចោទប្រកាន់មិនត្រឹមត្រូវ។

លោកបាននិយាយថា “កូនក្តីរបស់ខ្ញុំបានទទួលលិខិតឆ្លងដែន។ តើគាត់បានបង្ខិតបង្ខំគេឬ? មិនមានជនរងគ្រោះក្នុងរឿងក្តីនេះទេ។ ដូច្នេះ ខ្ញុំស្នើសុំចៅក្រមឲ្យកូនក្តីរបស់ខ្ញុំរួចពីការចោទប្រកាន់”។

ចៅក្រម ហេង សុខណា បានមានប្រសាសន៍ថា សេចក្តីសម្រេចនឹងប្រកាសនៅថ្ងៃទី២៥ខែតុលាខាងមុខនេះ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស