34 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចង់​បាន​ច្បាប់​ហាម​ការ​មាន​ផ្ទៃ​ពោះ​ជំនួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចង់បានបម្រាមមួយលើការមានផ្ទៃពោះជំនួសបែបរកស៊ី ដោយហៅកិច្ចការនេះ ដែលស្ត្រីកម្ពុជាម្នាក់ផ្តល់កំណើតកូនរបស់ឪពុកម្តាយផ្សេង ថាជាទម្រង់នៃការជួញដូរ ដែលសមត្ថកិច្ចគួរត្រូវស៊ើបអង្កេត។

ថ្លែងកាលពីថ្ងៃពុធក្នុងបទបង្ហាញគោលការណ៍ណែនាំថ្មីរបស់ក្រសួងស្តីពីការស្មូមកូនចិញ្ចឹមក្នុងស្រុក លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់សមាជិករដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញច្បាប់ថា ជនបរទេសរាប់ពាន់នាក់បានធ្វើដំណើរមកប្រទេសកម្ពុជា និងបានចំណាយលើអ្នកជំនួសដើម្បីពពោះកូនរបស់ពួកគេ។

លោកបានមានប្រសាសន៍ថា “យើងត្រូវការច្បាប់នេះដើម្បីទប់ស្កាត់ការមានផ្ទៃពោះបែបនេះ ពីព្រោះខ្ញុំដឹងថា ទង្វើនេះនឹងមិនបំពេញសេចក្តីត្រូវការរបស់បុគ្គលទេ ប៉ុន្តែខ្ញុំខ្លាចក្រែងថា គេប្រើវាជាទម្រង់នៃការជួញដូរទៅវិញ”។

លោកបានមានប្រសាសន៍បន្ថែមថា “យើងមិនចង់ឃើញការជួញដូរប្រភេទនេះក្នុងប្រទេសរបស់យើងទេ”។

លោក វង្សវឌ្ឍានា បានមានប្រសាសន៍ថា លោកបានស្រាវជ្រាវតាមអីុនធឺណិតអំពីការមានផ្ទៃពោះជំនួស និងឪពុកម្តាយដែលចង់បានរបៀបនេះ ពីព្រោះពួកគេមិនអាចមានកូនដោយខ្លួនឯងផ្ទាល់ ហើយបានដឹងថា “ប្រហែល២០.០០០នាក់ក្នុងចំណោមពួកគេមកប្រទេសកម្ពុជា និងសុំឲ្យស្ត្រីខ្មែរពពោះជំនួសពួកគេ”។

លោកបានមានប្រសាសន៍ថា “យើងក៏ត្រូវការឲ្យមានការស៊ើបអង្កេតមួយចំនួនពីនគរបាលដែរ។ ខ្ញុំងឿងឆ្ងល់ ថាតើវាមានពិតមែនឬយ៉ាងណា”។

លោក វង្សវឌ្ឍានា បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ នៅពេលទាក់ទងបន្ទាប់ពីការប្រជុំនោះ។ ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួង លោក ជិន ម៉ាលីន បានបញ្ជាក់អំពីជំហររបស់លោករដ្ឋមន្ត្រីរូបនេះ។

លោកបាននិយាយថា “អ្វីដែលយើងអាចប្រាប់អ្នកគឺអ៊ីចឹង បាទ មែនហើយ យើងត្រូវការច្បាប់នោះ គឺច្បាប់ស្តីពីការពពោះជំនួស ដើម្បីទប់ស្កាត់ការធ្វើបែបនេះ ជាពិសេសដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រីនិងកុមារ”។

លោកបាននិយាយបន្ថែម ដោយបង្វែរសំណួរទៅរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកស្រី ចាន់ សុធាវី ដែលមិនអាចទាក់ទងបានថា “ដូច្នេះ នេះជាគម្រោងទាំងមូលដែលយើងកំពុងធ្វើការ ប៉ុន្តែចំពោះសេចក្តីលម្អិត ខ្ញុំផ្តល់យោបល់ឲ្យអ្នកនិយាយទៅកាន់នរណាដែលមានភារៈទាក់ទិននឹងរឿងហ្នឹង”។

ក្រុមអ្នកជំនាញឧស្សាហកម្មនិយាយថា អ្នកផ្តល់ការពពោះជំនួសនិងឈ្មួញកណ្តាលដល់ទៅ៥០នាក់កំពុងរកស៊ីនៅប្រទេសកម្ពុជា ក្នុងនោះមានអ្នកដែលមកបើករបររបស់ពួកគេនៅទីនេះផង ដោយសារតែរដ្ឋាភិបាលផ្សេងទៀតនៅអាស៊ីរឹតបន្តឹងការគ្រប់គ្រង ឬដាក់បម្រាមទាំងស្រុង។

កាលពីខែសីហា ប្រទេសឥណ្ឌាបានប្រកាសផែនការហាមប្រាមជនបរទេស គូស្នេហ៍ភេទដូចគ្នា និងឪពុកម្តាយទោលមិនឲ្យប្រើសេវាពពោះជំនួសទេ បន្ទាប់ពីមានបម្រាមរបស់រដ្ឋាភិបាលនេប៉ាល់នៅខែកញ្ញា និងបម្រាមរបស់រដ្ឋាភិបាលថៃអំពីការពពោះជំនួសបែបជំនួញកាលពីឆ្នាំមុន។

លោក ចូស ឡែម (Josh Lam) ស្ថាបនិកនិងជានាយកប្រតិបត្តិសេវាផ្តល់ការពពោះជំនួស (New Genetics Global) ដែលបានប្តូរមុខជំនួញរបស់លោកពីប្រទេសថៃមកប្រទេសកម្ពុជាបន្ទាប់ពីមានបម្រាមនេះ បាននិយាយថា លោកលើកទឹកចិត្តឲ្យតំណាងរាស្ត្រអនុម័តច្បាប់ដែលការពារសិទ្ធិរបស់អ្នកដែលពាក់ព័ន្ធ។

លោកបាននិយាយតាមរយៈសារអីុម៉េលថា “គេអាចធ្វើដូច្នេះបានដោយរៀបចំច្បាប់សម្របសម្រួលមុនសិន ដើម្បីពិនិត្យឲ្យបានត្រឹមត្រូវទៅលើឪពុកម្តាយ ទីភ្នាក់ងារ និងគ្លីនីក IVF ទាំងអស់ដែលចង់បានការពពោះជំនួស”។

មន្ត្រីស្ថានទូតអូស្ត្រាលីក្នុងក្រុងភ្នំពេញបាននិយាយនៅពេលមុនថា ក្រសួងការបរទេសកម្ពុជាបានណែនាំពួកគេថា ការពពោះជំនួសបែបជំនួញ និងការយកកម្រៃពីការពពោះជំនួស ត្រូវ “ហាមឃាត់” ក្នុងប្រទេសនេះ។

ទោះជាយ៉ាងនេះក្តី លោក ម៉ាក ដឺវូ (Marc Derveeuw) តំណាងមូលនិធិប្រជាជនសហប្រជាជាតិ (United Nations Population Fund) ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ភាពត្រឹមត្រូវតាមច្បាប់នៃការអនុវត្តកំពុងពិភាក្សានៅឡើយ។ លោកបាននិយាយតាមរយៈសារអេឡិចត្រូចនិកកាលពីថ្ងៃពុធថា “រដ្ឋាភិបាលនៃប្រទេសកម្ពុជាកំពុងខិតខំតាក់តែងច្បាប់ដើម្បីធ្វើបញ្ញត្តិកម្មលើការពពោះជំនួស ដើម្បីការពារស្ត្រីនិងកុមារ និងទប់ស្កាត់ការកេងប្រវ័ញ្ចនិងការរំលោភបំពាន”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស