42.2 C
Phnom Penh

លោក ហ៊ុន សែន គាំទ្រ​លោក ត្រាំ​​​  ​​ខណៈ​លោក សម រង្ស៊ី រិះ​គន់​​​ថា​លោក​ជាមនុស្ស​​គ្រោះ​ថ្នាក់ខ្លាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា លោកកំពុងគាំទ្រលោក ដូណាល់ ត្រាំ ឱ្យឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយ ពីព្រោះបេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះនឹងនាំមកនូវសន្តិភាពដល់ពិភពលោក រួមជាមួយបណ្ដាមេដឹកនាំផ្ដាច់ការក្នុងពិភពលោក ដូចជា លោក គីម ជុងអ៊ុន លោក រូ៉បឺត មូហ្គាបេ និងលោក វ្លា៉ឌីមៀ ពូទីន ដែលគាំទ្រអតីតតារាទូរទស្សន៍រូបនេះដែរ។

cam-photo-hun-sen-trump_headលោកបានថ្លែងទៅកាន់សិក្ខាកាមប្រមាណ២.០០០នាក់នៅបណ្ឌិត្យសភានគរបាលកម្ពុជាថា “សម្រាប់ខ្ញុំ និយាយដោយត្រង់ ខ្ញុំចង់ឱ្យ ត្រាំ ឈ្នះខ្លាំងណាស់។ បើ ត្រាំ ឈ្នះ ពិភពលោកអាចនឹងមានការប្រែប្រួល  ហើយអាចមានសភាពការណ៍ល្អផង ព្រោះ ត្រាំ ជាអ្នករកស៊ី គឺ ត្រាំ មិនចង់ឱ្យមានសង្គ្រាមទេ”។

លោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យបានប្រកួតប្រជែងគ្នាយ៉ាងជូរចត់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលពោរពេញដោយការចោទប្រកាន់ចំពោះការរើសអើងជាតិសាសន៍ អំពើពុករលួយ ការគេចពន្ធ និងការស្ទាបអង្អែល។

លោកស្រី ហ៊ីលឡារី គ្លីនតុន មានពិន្ទុនាំមុខ៦ភាគរយនៅក្នុងការស្ទង់មតិចុងក្រោយបំផុតរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និង Ipsos ប៉ុន្តែការស្ទាបស្ទង់ផ្សេងៗទៀតបង្ហាញថា ការប្រកួតប្រជែងនេះមានភាពប្រកិតប្រកៀកគ្នាជាងនេះ។

លោក ដូណាល់ ត្រាំ ជាមហាសេដ្ឋីដែលប្រកាសដោយខ្លួនឯងថា  មានអាណាចក្រអចលនទ្រព្យ បានបន្តកម្មវិធីនយោបាយទប់ជនភៀសខ្លួនម៉ិចស៊ិកមិនឱ្យចូលសហរដ្ឋអាមេរិក និងរុះរើកំណែទម្រង់សេវាថែទាំសុខភាព ព្រមទាំងប្រកាសថា ខ្លួនលោកគឺជាអ្នកស្ទង់មើលទិសដៅដ៏ស្វាហាប់ម្នាក់ ដែលនឹងធានាថា សហរដ្ឋអាមេរិកមិនចាញ់បោកប្រទេសដទៃ។

កាលពីម្សិលមិញ លោក ហ៊ុន សែន បានធ្វើការវិភាគលើលទ្ធផលដែលអាចទៅរួចនៅក្នុងពេលបោះឆ្នោត ដោយព្រមានថានឹងមានភាពតានតឹងនៅក្នុងកិច្ចការពិភពលោក ហើយបានគូសបញ្ជាក់ថា លោកស្រី ហ៊ីលឡារី គ្លីនតុន  ធ្លាប់បានផ្ដល់អនុសាសន៍ឱ្យលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកវាយប្រហារប្រទេសស៊ីរី នៅពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេស។

លោកបានលើកឡើងថា “បើដូច្នោះ គឺនៅពេលបក្សប្រជាធិបតេយ្យបន្តជាប់ឆ្នោត សភាពការណ៍ប្រហែលជាមិនងាយស្រួលប៉ុន្មានទេ។ ទំនាក់ទំនងរវាងចិន និងអាមេរិកអាចគ្រប់គ្រងបាន ប៉ុន្តែទំនាក់រវាងអាមេរិក និងរុស្ស៊ីនឹងមានការលំបាក។ បើសិនជា ត្រាំ ឈ្នះ វាអាចទៅជាមិត្តភក្ដិរវាង ត្រាំ និង ពូទីន ទៅវិញ”។

ទោះជាយ៉ាងណា លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានរិះគន់ខ្លាំងៗចំពោះហេតុផលលើកឡើងរបស់លោក ហ៊ុន សែន ព្រមទាំងអត្តចរិតរបស់លោក ត្រាំ ផងដែរ ហើយបានមានប្រសាសន៍ថា  លោកគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ពេញទំហឹង។

លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “លោកស្រី គ្លីនតុន មានការអប់រំខ្ពស់ជាង មានចិត្តទូលាយជាង ប្រកបដោយបរិយាប័នជាង។ លោកស្រីហាក់យកចិត្តទុកដាក់ខ្លាំងជាងចំពោះសន្តិសុខសង្គម។ ផ្ទុយទៅវិញ លោក ត្រាំ ដែលមានអត្តចរិតច្រឡោត និងឆេវឆាវ  ហាក់មានគ្រោះថ្នាក់សម្រាប់សន្តិភាពពិភពលោក”។

ប្រធានគណបក្សប្រឆាំងរូបនេះបានលើកឡើងទៀតថា លោក ហ៊ុន សែន និងលោក ត្រាំ  មានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំង។ លោកបានមានប្រសាសន៍ថា “បក្សីដែលមានរោមដូចគ្នា វានៅផ្ដុំជាមួយគ្នា។ លោក ត្រាំ ហាក់ជឿជាក់លើអំណាចផ្ដាច់ការរបស់លុយ ហើយលោក ហ៊ុន សែន ហាក់ជឿជាក់អំណាចផ្ដាច់ការរបស់កាំភ្លើងបូករួមជាមួយនឹងលុយ។ ត្រាំ និងលោក ហ៊ុន សែន ពិតជាមិនមែនអ្នកប្រជាធបិតេយ្យនោះទេ”។

បណ្ដាអ្នកធ្វើអត្ថាធិប្បាយក៏បានលើកឡើងដែរថា លោក ហ៊ុន សែន និងលោក ត្រាំ ទំនងជាយល់ថា ខ្លួនមានលក្ខណៈស្រដៀងគ្នាត្រង់ការមិនគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

លោក លី ម៉ហ្គិនបេស័រ (Lee Morgenbesser) អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Griffith University របស់ប្រទេសអូស្ត្រាលី ដែលមានជំនាញឯកទេសខាងនយោបាយអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា “ជាការពិត ហ៊ុន សែន ស្ថិតក្នុងចំណោមមេដឹកនាំផ្ដាច់ការជាច្រើនដែលបានគាំទ្រគាត់។ អត្ថប្រយោជន៍ច្បាស់បំផុតបានពីតំណែងប្រធានាធិបតីរបស់ ត្រាំ សម្រាប់លោក ហ៊ុន សែន អាចពិចារណាបានថា ជាការបន្ទន់ជំហររបស់អាមេរិកទាក់ទិនស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ អ្វីដែលសំខាន់ខ្លាំងគឺនៅត្រង់ចំណុចនេះ”។

បណ្ដាមេដឹកនាំផ្ដាច់ការទូទាំងពិភពលោកបាននិងកំពុងបោះជំហានទៅមុខ ដោយធ្វើឱ្យការគាំទ្ររបស់លោក ហ៊ុន សែន ប្រហែលជារឿងគួរឱ្យភ្ញាក់ផ្អើលតិចបំផុតដែលកើតឡើងក្នុងនយោបាយរបស់កម្ពុជានៅឆ្នាំនេះ។ ក្រុមមេដឹកនាំផ្ដាច់ការកំពុងតែសហការគ្នាកាន់តែខ្លាំងឡើងតាមវិធីថ្មី និងប្រកបដោយការឆ្នៃប្រឌិតជាងមុនដើម្បីការពារផលប្រយោជន៍រួមរបស់ពួកគេ”។

លោក អៀ សុផល សាស្ត្រាចារ្យរងជំនាញខាងការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College ក្នុងទីក្រុងឡូសអែនជើឡេស  បានចាត់ទុកការឡើងកាន់អំណាចរបស់លោក ត្រាំ ថាជា “ការក្រោកឡើងរបស់មនុស្សអវិជ្ជា” ហើយបានមានប្រសាសន៍ថា លោក ហ៊ុន សែន មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងបេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះ។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “គាត់ និង ត្រាំ មានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំង។ ត្រាំ បង្ហាញពីនិន្នាការយ៉ាងច្បាស់ថា អត្តធិបតេយ្យទាក់ទិនគ្នាយ៉ាងខ្លាំងទៅនឹងរបបផ្ដាច់ការ សូម្បីជនហ្វាស៊ីស។ គាត់ស្អប់សារព័ត៌មាន ចង់ដឹងសារព័ត៌មាន។ គាត់រសើបចំពោះការរិះគន់។  គាត់តែងតែត្រូវជានិច្ចទោះបីជាគាត់ខុសទាំងស្រុងក៏ដោយ។ បើយើងក្រឡេកមើលទៅជុំវិញពិភពលោក មេដឹកនាំដូចគាត់ សុទ្ធតែមាននិន្នាការមិនស្របតាមលទ្ធិប្រជាធិបតេយ្យ”។

លោក វីលៀម ខុនគ្លីន (William Conklin) ជាអ្នករៀបចំមកពី Democrats Abroad Cambodia ដែលជានាយកប្រចាំប្រទេសនៃអង្គការមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ជាអង្គការតស៊ូមតិដើម្បីសិទ្ធិការងារមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែរនោះ មានការប្រយ័ត្នប្រយែងចំពោះការធ្វើអត្ថាធិប្បាយអំពីការគាំទ្ររបស់លោក ហ៊ុន សែន ដោយលើកឡើងថា នៅក្នុងប្រទេសកម្ពុជា “មានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំង”។

ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា លោក ត្រាំ ហាក់ខ្វះលក្ខណសម្បត្តិជាប្រធានាធិបតី ដូចជា សមត្ថភាពក្នុងការស្ដាប់ និងការស្នើដំណោះស្រាយការទូតជាដើម។ លោកថ្លែងថា “យើងត្រូវតែមានសមត្ថភាពធ្វើយ៉ាងណាកុំឆាប់ធ្វើការវិនិច្ឆ័យខ្លាំងពេក។ ពេលនេះ លក្ខណសម្បត្តិទាំងនេះមិនត្រូវបានលោក ត្រាំ បង្ហាញទេបើតាមអ្វីដែលយើងបានមើលឃើញនៅក្នុងសុន្ទរកថារបស់គាត់”។

លោកបានលើកឡើងបន្ថែមទៀតថា “ការគាំទ្ររបស់លោក ហ៊ុន សែន ទំនងជាមិនមែនកត្តាគួរឱ្យព្រួយបារម្ភនោះទេ ខណៈពលរដ្ឋអាមេរិកនាំគ្នាទៅបោះឆ្នោត ឬធ្វើការបោះឆ្នោតពីបរទេស។ “ខ្ញុំយល់ថា វាមិនធ្វើឱ្យខុសប្លែកគ្នាប៉ុន្មាននោះទេត្រង់ថា មេដឹកនាំពិភពលោកគាំទ្របេក្ខជនឬក៏អត់”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស