28.4 C
Phnom Penh

ប្រការ​​​ធំបំផុត​​​នៃ​​​ថវិកា​​​គឺ​​​ការ​​​ចំណាយ​​​មិន​​​បាន​​​លៃលកទុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តើលុយទៅណា? វាជាសំណួរជាប្រចាំរបស់សង្គមស៊ីវិលនិងគណបក្សប្រឆាំង នៅពេលដែលដល់ពេលសភាអនុម័តថវិកាជាតិម្តងៗ ដូចជាបានធ្វើឡើងកាលពីថ្ងៃពុធដែរ។

លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជាបាននិយាយក្នុងសារអ៊ីម៉ែលថា “ដំណើរការថវិកាមិនមានតម្លាភាពទេ ហើយចំនួនព័ត៌មានមាននៅក្នុងឯកសារថវិកា គឺពិបាកយល់ពេកមិនអាចធ្វើការវិភាគដោយសុក្រឹតបានទេ”។

នៅក្នុងប្រទេសមួយដែលគេគិតថាជាប្រទេសពុករលួយបំផុតនៅក្នុងតំបន់ដោយចំណាត់ថ្នាក់របស់តម្លាភាពអន្តរជាតិកាលពីឆ្នាំមុន ចំណុចខ្សែធំបំផុតនៅក្នុងថវិកាទំនងជាពិបាកយល់ ពោលគឺស្ទើរតែ៨៥៤លានដុល្លារដែលទុកដោយឡែកសម្រាប់ “ការចំណាយមិនបានលៃលកទុក”ក្នុងថវិកាសរុប៥ប៊ីលានដុល្លារ។

រដ្ឋាភិបាលនិយាយទទួចថា មិនមានអ្វីអាក្រក់ទាក់ទងនឹងថវិកាចំណាយទេ ដែលខ្លួននិយាយថា ត្រូវចំណាយលើជំនួយគ្រោះមហន្តរាយ និងសេចក្តីត្រូវការកើតឡើងដទៃទៀត។ ប៉ុន្តែអ្នករិះគន់អះអាងថា ការអនុវត្តបែបនេះធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមានសេរីភាពទូលំទូលាយ ដោយមានការពិនិត្យមើលពីលើតិចតួចណាស់។

Cambodia's Prime Minister Hun Sen arrives before a plenary session at the National Assembly of Cambodia, in central Phnom Penhមន្ត្រីក្រសួងហិរញ្ញវត្ថុមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ទោះជាយ៉ាងនេះក្តី ឆ្លើយតបនឹងការរិះគន់ក្នុងឆ្នាំ២០១៤ នៅពេលដែលថវិកាបម្រុងមានសរុប១,៥៣ប៊ីលានដុល្លារ ហើយស្ទើរតែជាពាក់កណ្តាលនៃថវិកាជាតិនោះ ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ថវិកាបានប្រើសម្រាប់ឧបត្ថម្ភកធនអគ្គិសនី ការសងប្រាក់កម្ចី បេសកកម្មការទូត និងគម្រោងហេដ្ឋារចនាសម្ពន្ធនានា។

ប៉ុន្តែការប្រើពាក្យពេចន៍របស់ក្រសួងមិនច្បាស់លាស់ ដោយបញ្ជាក់ថា ជាងពាក់កណ្តាលនៃថវិកានឹងប្រើសម្រាប់”ក្រសួងនិងស្ថាប័ននានា”ដែលមិនបញ្ជាក់ច្បាស់លាស់។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីបានជំរុញឲ្យអ្នករិះគន់”ឡប់ៗ”នៅក្នុងគណបក្សប្រឆាំងពិនិត្យមើលរបាយការណ៍ថវិកាបញ្ចប់ឆ្នាំ ដែលមានការបែងចែកលម្អិតនៃ “ថវិកាប្រើពេលមានអាសន្ន និងមិនបានព្រាងទុកមុន” សម្រាប់ប្រការផ្សេងៗដូចជាសង្គ្រោះទឹកជំនន់ជាដើម។

លោកបាននិយាយថា “រាល់ថ្ងៃសុក្រ យើងតែងតែបើកកិច្ចប្រជុំ។ សំណើចំណាយបន្ថែម [រដ្ឋមន្ត្រី]ត្រូវដាក់ជូនអង្គប្រជុំរបស់រដ្ឋាភិបាល”។ តាមលោក ស៊ីផាន បន្ទាប់មក ថវិកាចំណាយត្រូវបោះឆ្នោតយល់ព្រម ឬមិនយល់ព្រមដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រី។

លោកបាននិយាយថា “រដ្ឋាភិបាលត្រូវបិទគណនីនោះ។ តម្រូវការបន្ទាន់ គេត្រូវតែពន្យល់នៅចុងឆ្នាំ។ បក្សប្រឆាំងគួរតែ “ត្រឡប់ទៅអានតារាងសិន”។

លោក សុន ឆ័យ តំណាងរាស្ត្របក្សប្រឆាំងបាននិយាយថា ការពន្យល់របស់រដ្ឋាភិបាលមិនច្បាស់លាស់ទាល់តែសោះ ហើយការអនុវត្តក៏មិនត្រឹមត្រូវទេ។

លោកបាននិយាយថា “នេះមិនមែនវិធីត្រឹមត្រូវទេ។ រដ្ឋាភិបាលអាចធ្វើអ្វីដែលខ្លួនចង់ធ្វើ”។

លោកបាននិយាយបន្ថែមថា “យើងស្ទើរតែមិនឃើញលុយសោះ”សម្រាប់ជំនួយគ្រោះមហន្តរាយ”។ នៅពេលវាដល់ពេលបោះឆ្នោត គេប្រើលុយនេះឃោសនា”។

លោក មីហ្គេល ចាន់ណូ អ្នកវិភាគថ្នាក់តំបន់សម្រាប់អង្គភាព  Economist Intelligence Unit បាននិយាយថា ការទុកដោយឡែកនូវថវិកាដ៏ច្រើន”មិនមែនជារឿងធម្មតាទាល់តែសោះ”នៅក្នុងប្រទេសផ្សេងទៀត។

លោកបានសរសេរក្នុងសារអ៊ីម៉ែលថា “រដ្ឋាភិបាលនានានៅក្នុងតំបន់នឹងចាត់ថាពួកគេមានសំណាង ប្រសិនបើគេស្ថិតក្នុងស្ថានការណ៍មួយ ដែលគេលៃទុកថវិកាសម្រាប់ ‘ថវិកាបម្រុង’។ រដ្ឋាភិបាលកម្ពុជាបន្តអនុវត្តបែបនេះ ហើយក៏ធ្វើក្នុងថវិកាចំនួនច្រើន បណ្តាលឲ្យមានកង្វល់ដ៏យូរទាក់ទងនឹងកង្វះតម្លាភាពសារពើពន្ធ”។

តាមលោក ម៉ាកុស កាប៊ូម អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិអាល្លឺម៉ង់ដែលផ្តោតលើកម្ពុជាឲ្យដឹងថា ការអនុវត្តបែបនេះក៏ធ្វើឲ្យខូចអំណាចសភាដែរ។

លោកបានសរសេរថា “ការធ្វើគម្រោងថវិកា គឺជាសិទ្ធិលេចធ្លោបំផុតរបស់អង្គនីតិបញ្ញតិ។ ការប្រគល់ការគ្រប់គ្រងឲ្យនាយករដ្ឋមន្ត្រី “មានន័យថា ជាការដកអំណាចខ្លួនឯងពីសភាកម្ពុជា ក្នុងពេលដែលសមាជិករបស់ខ្លួននឹងស្ទើរតែមិនបោះឆ្នោតលើការចំណាយច្បាស់លាស់នោះ”។

លោកបាននិយាយបន្ថែមថា “ទោះជាយ៉ាងនេះក្តី ក្នុងពេលដែលប្រាក់បម្រុងនៅខ្ពស់មិនគួរឲ្យជឿគឺ៤៤ភាគរយក្នុងឆ្នាំ២០១៤នោះ ការកាត់បន្ថយ គឺពិតជាការអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ”។

លោក សុផល អ៊ា សាស្ត្រាចារ្យរងផ្នែកការទូតនិងកិច្ចការពិភពលោកនៅមហាវិទ្យាល័យអុកស៊ីដិនថលក្នុងក្រុងឡូស អានជឺឡេស បាននិយាយថា លោកជឿថា រដ្ឋាភិបាលទំនងជាតម្រែតម្រង់ការចាយថវិកាច្រើនតាមរយៈគម្រោងថវិកា ជាជាងធ្វើក្រៅកំណត់ត្រាផ្លូវការ ដូចដែលខ្លួនបានធ្វើពីមុន។

លោកបាននិយាយថា “ការនេះនឹងជាជំហានដ៏ធំមួយឆ្ពោះទៅធ្វើឲ្យដំណើរការគម្រោងថវិកាស្របគ្នានឹងស្តង់ដារអន្តរជាតិ”។

លោកបាននិយាយថា “បន្ទាប់មកចូលដល់ចំណុចពិបាក គឺអ្វីស្ថិតក្នុងគម្រោងថវិកា គួរតែចំណាយឲ្យបានត្រឹមត្រូវ។ វាគួរតែធ្វើលទ្ធកម្មដោយប្រកួតប្រជែង។ វាគួរតែបញ្ជូនទៅកន្លែងត្រូវ ហើយមិនគួរដាក់លក់តាមទីផ្សារទេ”។

លោកបាននិយាយថា “លុយ៥ប៊ិល្លានដុល្លាគឺច្រើនណាស់….ប្រសិនបើអ្នកមានធុងលិចទឹក (ឬថវិកា) វានឹងធ្លាយចេញគ្រប់ច្រកល្ហកពុំខានឡើយ”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស