អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនបានត្រឡប់មកប្រទេសកម្ពុជាពីការនិរទេស ដើម្បីចូលរួមពិធីឈាបនកិច្ចម្តាយក្មេករបស់លោកកាលពីម្សិលមិញទេ បន្ទាប់ពីលិខិតរបស់លោកដែលស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតដើម្បីត្រឡប់មកវិញ គ្មានការឆ្លើយតបនោះ។
ឧបាសិកា ញឹក ជូឡុង មាសកេត សមភ័ត្រ បានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ នៅគេហដ្ឋានរបស់លោកស្រីក្នុងក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលប្រឈមមុខនឹងការជាប់ពន្ធនាគារពីរឆ្នាំ និងរឿងក្តីក្តាំជាច្រើនទៀតនៅប្រទេសកម្ពុជា និងត្រូវហាមមិនឲ្យចូលប្រទេសនេះកាលពីខែមុននោះ បានសរសេរទៅលោក ហ៊ុន សែន ដោយស្នើសុំចូលរួមពិធីឈាបនកិច្ចនេះដោយគ្មានការរំខាន និងបានសន្យាថា បន្ទាប់មកនឹងចាកចេញពីប្រទេសនេះវិញ។

កាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស បាននិយាយថា លោក រង្ស៊ី បានសម្រេចចិត្តមិនចូលប្រទេសកម្ពុជា ពីព្រោះលិខិតនោះមិនទទួលបានការឆ្លើយតបទេ។ “ជួនកាល យើងគិតដល់រឿងនយោបាយពេក។ ផ្អែកលើមនោសញ្ចេតនា គាត់គួរទទួលបានការអនុញ្ញាតដើម្បីចូលរួមពិធីបុណ្យសពនេះ”។ ឈាបនកិច្ចបានធ្វើឡើងនៅវត្តស្វាយពពែក្នុងក្រុងភ្នំពេញកាលពីព្រឹកម្សិលមិញ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកាន់អំណាច បាននិយាយថា លោកមិនបានដឹងអំពីលិខិតណាមួយពីលោក សម រង្ស៊ី ទៅលោកនាយករដ្ឋមន្ត្រីទេ។ លោកបាននិយាយបន្ថែមថា ប្រសិនបើមេដឹកនាំបក្សប្រឆាំងរូបនេះពិតជាសម្រេចចិត្តវិលត្រឡប់មកប្រទេសកម្ពុជាមែននោះ គាត់ត្រូវចូលពន្ធនាគារព្រៃសតែម្តង។ លោកនិយាយថា “អ្វីៗត្រៀមស្រេចហើយ”៕ និត