42.2 C
Phnom Penh

ក្រុម​​​មន្ត្រី​​​រៀបចំដែន​​​ដី​​​ច្រើន​​​កុះ​​​ករ​​​ចូល​​​មើល​​​អគារ​​​ស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគារប៊ូលឌីងនៅក្រុងភ្នំពេញត្រូវក្រុមមន្ត្រីរៀបចំដែនដីក្នុងឯកសណ្ឋានប្រផេះប្រហែល៦០០នាក់ចូលមើលកាលពីព្រឹកថ្ងៃសៅរ៍ មានមន្ត្រីខ្លះផ្ទៀងមើលប្រឡោះជណ្តើរយ៉ាងផ្ចិតផ្ចង់ ឯខ្លះទៀតចូលមើលអគារ ដើម្បីវាស់ទំហំម៉ែត្រការ៉េ។

ប្រតិបត្តិការនេះគឺជាកិច្ចប្រឹងប្រែងថ្មីបំផុតឆ្ពោះទៅកែប្រែទីតាំង ដែលបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយបានរិះគន់ថាគ្មានសុវត្ថិភាពក្នុងចុងឆ្នាំ២០០៤។ ពេលនេះ អគារនឹងត្រូវវាយចោល ដើម្បីសាងសង់អគារកម្ពស់២១ជាន់។

cam-photo-white-buildingការពិនិត្យកាលពីថ្ងៃសៅរ៍មានបំណងរៀបចំមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀង ដើម្បីឲ្យអ្នកស្នាក់នៅចាកចេញ ដែលនឹងទទួលបានឯកសារកម្មសិទ្ធិដែលអាចដូរយកផ្ទះធំជាងបន្តិចនៅក្នុងអគារថ្មី នៅពេលដែលសាងសង់ចប់ក្នុងរយៈពេលប្រហែល៤ឆ្នាំ ឬត្រូវលក់យកប្រាក់។

មន្ត្រីមួយរូបដែលសុំមិនបញ្ចេញឈ្មោះ ព្រោះលោកមិនមានការអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ប្រជាពលរដ្ឋក៏អាចលក់បណ្ណកម្មសិទ្ធិឲ្យក្រុមហ៊ុន អារ៉ាកាវ៉ា ជាក្រុមហ៊ុនអភិវឌ្ឍជប៉ុនដែលមើលការខុសត្រូវចំពោះគម្រោងមានទឹកប្រាក់៨០លានដុល្លារ ប៉ុន្តែបាននិយាយថា “បើគេលក់ក្នុងតម្លៃខ្ពស់ពេក ហើយក្រុមហ៊ុនមិនអាចទិញបាន អ៊ីចឹងមិនអាចទៅរួចទេ”។

ក្រុមមន្ត្រីបានគោះទ្វារអ្នកស្រី ឈិត សាវឿន វ័យ៤៥ឆ្នាំនៅម៉ោង៨ព្រឹក។ អ្នកស្រីបាននិយាយថា ផ្ទះអ្នកស្រីមានទំហំ៣៥,៥ម៉ែត្រការ៉េ។

អ្នកស្រីបាននិយាយថា “គេនិយាយថា នៅថ្ងៃច័ន្ទគេនឹងយកបណ្ណកម្មសិទ្ធិមកឲ្យយើង”។ នៅពេលគេប្រគល់បណ្ណកម្មសិទ្ធិឲ្យ អ្នកស្រីមានគម្រោងលក់ផ្ទះដែលកូនស្រីបីនាក់ ប្តីនិងបងស្រីម្នាក់កំពុងស្នាក់នៅក្នុងតម្លៃ៧០.០០០ដុល្លារ។

អ្នកស្រី សាវឿនបាននិយាយអំពីក្រុមមន្ត្រីក្រសួងថា “គេសួរថា តើយើងចង់បានអី? គេនឹងសង់ផ្ទះឲ្យយើង។ ហេតុអីក៏យើងមិនយក? ខ្ញុំបាននិយាយថា ខ្ញុំមិនអាចយកបានទេ ខ្ញុំមិនអាចរង់ចាំបានទេ”។

cam-photo-white-building_KHMERអ្នកស្រីបាននិយាយថា គ្មានជម្រើសណាមួយល្អប្រសើរទេ។ ប្រសិនបើអ្នកស្រីរង់ចាំផ្ទះថ្មី ដោយទទួលយកការស្នាក់នៅបណ្តោះអាសន្ននៅខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនោះ វាអាចមានការចំណាយមិនបានគិតទុកដូចជាសន្តិសុខនិងការថែរទាំ។ បើលក់វិញ អ្នកស្រីព្រួយថាតើសំណងសមរម្យឬយ៉ាងណា។

តាមមេភូមិ ហ៊ុន សារ៉ាត់ អ្នកស្រី សារឿនគឺជាផ្នែកនៃមនុស្សភាគច្រើននៅក្នុងអគារ ដោយមាន៩០ភាគរយនៃពលរដ្ឋប្រហែល៤៥០គ្រួសារ ដែលមានគម្រោងលក់។ អ្នកខ្លះបាននិយាយថា ពួកគេមានគម្រោងសុំលក់ក្នុងតម្លៃ១០០.០០០ដុល្លារ។

លោក ខេង ងន់ នាយករងចាត់ចែងនៃក្រុមហ៊ុនអារ៉ាកាវ៉ាបាននិយាយថា ក្រុមហ៊ុនគ្មានគម្រោងទិញផ្ទះទេ។

លោកបាននិយាយថា “តាមខ្ញុំដឹង យើងមិនមានគម្រោងទិញទេ។ យើងចង់សាងសង់សម្រាប់ពួកគេ។ នោះជាបំណងទីមួយ”។

លោកបាននិយាយបន្ថែមថា “វាជាទីផ្សារសេរី អ៊ីចឹងគេអាចលក់ឲ្យនរណាក៏ដោយឲ្យតែគេចង់ទិញ។ អ្នកទិញថ្មីនឹងរង់ចាំទទួលផ្ទះអគារថ្មី”។

លោកបាននិយាយថា អ្វីដែលកើតឡើងបន្ទាប់មកទៀតក្នុងការអភិវឌ្ឍ គឺស្រេចលើរដ្ឋាភិបាល។ អ្នកនាំពាក្យក្រសួងរៀបចំដែនដីមិនអាចទាក់ទងបានទេ។

អ្នកស្រី សាវឿនបាននិយាយថា ជម្រើសតែមួយគត់គឺសំណង។

អ្នកស្រីបាននិយាយអំពីអគារសថា “បើគេមិនឲ្យលុយខ្ញុំទេ ខ្ញុំនឹងរង់ចាំរហូតដល់វាបាក់ធ្លាក់សង្កត់ខ្ញុំស្លាប់ថ្ងៃណាមួយ។ខ្ញុំនឹងមិនរើចេញទេ ហើយខ្ញុំក៏នឹងមិនយកផ្ទះថ្មីដែរ”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស