38.8 C
Phnom Penh

តុលាការ​​​​​​សាកសួរ​​​សកម្ម​​​ជន​​​បឹង​​​កក់​​​ដែល​​​ជាប់​​​ទោស​​​​​​​​​ទាក់​​​ទង​​​នឹង​​​ ទេព វន្នី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកធ្វើយុទ្ធនាការសិទ្ធិដីធ្លីពីតំបន់បឹងកក់ដែលរងការបណ្តេញចេញនៅក្នុងក្រុងកាលពីថ្ងៃពុធបានការពារសកម្មជនដ៏លេចធ្លោគឺ អ្នកស្រី ទេព វន្នី ក្នុងអំឡុងពេលសាកសួរដោយមន្ត្រីតុលាការទាក់ទងនឹងការតវ៉ាកាលពីឆ្នាំ២០១៣។

រឿងក្តីប្រឆាំងអ្នកស្រី វន្នី ដែលដំបូងបានកើតឡើង៣ឆ្នាំមុន បានកប់ចោលរហូតដល់ខែសីហា ទើបវាបានកើតឡើងវិញជាមួយនឹងការផ្តន្ទាទោសជាបន្តបន្ទាប់ប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាល។

មួយខែក្រោយមក មន្ត្រីតុលាការក្រុងភ្នំពេញបានផ្តន្ទាទោសអ្នកស្រី វន្នី រួមជាមួយអ្នកតវ៉ា គង់ ចាន់ថា ប៊ូ ឆវី និងហេង មុំ ឲ្យជាប់ពន្ធនាគារ៦ខែដោយសារតែជាប់ពាក់ព័ន្ធនឹងការតវ៉ាដាច់ដោយឡែកនាឆ្នាំ២០១១។

cam-photo-boeng-kak-jump-channaអ្នកស្រី ចាន់ថា និងអ្នកស្រី ឆវី ត្រូវបានដោះលែង ដោយរង់ចាំបណ្តឹងសាទុក្ខសិន ប៉ុន្តែអ្នកស្រី វន្នី ត្រូវបញ្ជូនទៅពន្ធនាគារព្រៃសវិញដែលជាប់ទាក់ទងនឹងបទចោទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារតែមានការចោទថាអ្នកស្រីធ្វើសកម្មភាពក្នុងពេលតវ៉ានាឆ្នាំ២០១៣។

កោះហៅទៅតុលាការដើម្បីសាកសួរកាលពីថ្ងៃពុធ អ្នកស្រី ចាន់ថា និងអ្នកស្រី ឆវី បានច្រានចោលការចោទប្រឆាំងអ្នកស្រី វន្នី។

អ្នកស្រី ចាន់ថា បាននិយាយក្រោយពីសាកសួរដោយចៅក្រមស៊ើបអង្កេត នូ វាសនា ថា “ខ្ញុំគិតថា តុលាការបានសួរយើងអំពីសំណួរទាំងនោះ ដើម្បីព្យាយាមរកភ័ស្តុតាងដាក់បន្ទុកបន្ថែមទៀតលើអ្នកស្រី វន្នី”។

អ្នកស្រីបាននិយាយថា “គេបានសួរខ្ញុំ ថាតើខ្ញុំបានឃើញអ្នកស្រី វន្នី វាយអាជ្ញាធរទេ។ ខ្ញុំមិនបានឃើញគាត់វាយដំនរណាទេ….ខ្ញុំគ្រាន់តែឃើញអាជ្ញាធរវាយពួកយើង”។

ក្នុងខែមីនា ឆ្នាំ២០១៣ មានអ្នកភូមិបឹងកក់ប្រហែល៣០នាក់បានប៉ុនប៉ងដាក់ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯភូមិគ្រឹះរបស់លោកនៅក្រុងភ្នំពេញ ដើម្បីសុំឲ្យដោះលែងសកម្មជនយ៉ោម បុប្ផា ដែលនៅពេលនោះបានជាប់ពន្ធនាគារ។

ប៉ុន្តែការតវ៉ាបានក្លាយជាហិង្សា នៅពេលដែលកងកម្លាំងសន្តិសុខរដ្ឋវាយដំសកម្មជន១០នាក់ ហើយបានរុញពួកគេឲ្យចូលឡាននគរបាល។

អ្នកស្រី ឆវី បាននិយាយថា ក្នុងពេលសាកសួរ មន្ត្រីតុលាការបានអះអាងថា អ្នកស្រី វន្នី បានបង្កហិង្សា។

អ្នកស្រី ឆវី បាននិយាយថា “គេបាននិយាយថា ទេព វន្នី បានបញ្ជាប្រជាពលរដ្ឋឲ្យប្រមូលដុំថ្មគប់ដាក់អាជ្ញាធរ”។

អ្នកស្រី ឆវី បានជំរុញឲ្យមន្ត្រីបង្ហាញភ័ស្តុតាង។ អ្នកស្រីបាននិយាយថា “បើទេព វន្នី បង្កឡើង សូមបង្ហាញភ័ស្តុតាងមក”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស