28.4 C
Phnom Penh

នាយក​​​រដ្ឋ​​​មន្ត្រី​​​យល់​​​ព្រម​​​ឲ្យ​​​សភា​​​កោះ​​​ហៅ​​​​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ និង​​​រដ្ឋ​​​មន្ត្រី​​​​​​​​សុខាភិបាល​​​មកឆ្លើយ​​​​​​បំភ្លឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបានបញ្ជាក់កាលពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់គណបក្សសង្គ្រោះជាតិដែលស្នើសុំឲ្យរដ្ឋសភាសាកសួររដ្ឋមន្ត្រីពីររូបដែលរងការរិះគន់ថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

នៅក្នុងលិខិតមួយចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា លោកបានទទួលយកសំណើរបស់គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាដើម្បីកោះហៅលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមកបំភ្លឺជុំវិញ”ភាពមិនប្រក្រតីនៅក្នុងការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី”។

រដ្ឋបុរី (ប្រទេសដែលមានតែក្រុង) មួយនេះបានធ្វើកំណត់ត្រាការនាំចូលខ្សាច់ជាង៧៣,៦លានតោនពីប្រទេសកម្ពុជាចន្លោះពីឆ្នាំ២០០៧រហូតមកទល់ឆ្នាំមុន បើប្រៀបធៀបទៅនឹងខ្សាច់មិនដល់២,៨លានតោនដែលកម្ពុជានិយាយថា ខ្លួនបានបញ្ជូនទៅទីនោះ នេះបើយោងតាមតួលេខដែលប្រទេស ទាំងពីរបានបញ្ជូនទៅមូលដ្ឋានទិន្នន័យស្ថិតិពាណិជ្ជកម្មទំនិញហៅកាត់ ខមត្រេដ  (Comtrade) របស់អង្គការសហប្រជាជាតិ។

សមាជិកសភាក៏នឹងទទួលបានឱកាសសាកសួរលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរនៅក្នុងសម័យប្រជុំដាច់ដោយឡែកមួយទៀត នេះបើយោងតាមលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។

នៅក្នុងលិខិតមួយកាលពីសប្តាហ៍មុន ដែលបញ្ជូនតាមសំណើរបស់គណបក្សប្រឆាំង តំណាងរាស្ត្របានលើកឡើងថា ពួកគេចង់ឲ្យលោក ម៉ម ប៊ុនហេង ពន្យល់អំពី”ភាពមិនប្រក្រតី”មួយចំនួននៅក្នុងក្រសួងសុខាភិបាល ក្នុងនោះរួមមានការលក់មន្ទីរពេទ្យរដ្ឋការផ្តល់វគ្គបណ្តុះបណ្តាលមិនបានល្អ និងការធ្វេសប្រហែសរបស់វេជ្ជបណ្ឌិត ព្រមទាំងករណីសូកប៉ាន់ប្រាក់ចំនួន៤៥.០០០ដុល្លារពាក់ព័ន្ធនឹងលទ្ធកម្មទិញមុងដែលរៃអង្គាសដោយមូលនិធិសាកល (Global Fund) ដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់ក្នុងឆ្នាំ២០១៣។

លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ ថា ”យើងនឹងទាក់ទងលោករដ្ឋមន្ត្រី ម៉ម  ប៊ុនហេង ដើម្បីរៀបចំពេលវេលាដ៏ស័ក្តិសមមួួយសម្រាប់ការឆ្លើយបំភ្លឺនៅសភា”។លោកបានបន្ថែមថា លោក ស៊ុយ សែម នឹងឆ្លើយបំភ្លឺនៅរដ្ឋសភានៅព្រឹកថ្ងៃព្រហស្បតិ៍។

លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាសមាជិកគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាមាន”សំណួរ ជាច្រើន” សម្រាប់សាកសួរ លោក ស៊ុយ សែម  និងបុគ្គលិករបស់លោកជុំវិញការចោទប្រកាន់ពាក់ព័ន្ធការនាំចេញខ្សាច់។

លោកបានសួរថា “តើពួកគេនៅកន្លែងធ្វើការ ហើយអង្គុយនៅទីនោះមើលវាកើតឡើងមែនទេ?។ ព្រោះរឿងហ្នឹង [កើតមាន] ជាច្រើនឆ្នាំមកហើយ”។

ប្រទេសកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ខ្សាច់ច្រើនជាងគេឲ្យទៅប្រទេសសិង្ហបុរីដែលប្រើប្រាស់ខ្សាច់ទាំងនេះសម្រាប់គម្រោងពង្រីកទឹកដីដ៏ធំទោះបីជាបណ្តាប្រទេសផ្សេងៗបានហាមមិនឲ្យមានការនាំចេញ ដោយសារការបូមខ្សាច់ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក៏ដោយ។

លោកបានបន្ថែមថា ”ខ្ញុំគិតថា នឹងមានសំណួរពីគណបក្សប្រជាជនដែរ”។

លោក ឌិត ឌីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានបិទទូរស័ព្ទរបស់អ្នកយកព័ត៌មានមុនពេលលោកអាចត្រូវបានសាកសួរអំពីការបង្ហាញខ្លួនដើម្បីឆ្លើយបំភ្លឺនៅសភា៕

ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស