29 C
Phnom Penh

សំណើ​កោះហៅ​លោក ស ខេង ​ទៅ​ឆ្លើយ​បំភ្លឺ​​​​នៅ​​​សភា​​​ត្រូវ​បាន​បដិសេធ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគស្នើឱ្យដាក់សម្ពាធលើរដ្ឋាភិបាលតាមរយៈអំណាចប្រជាជន

រដ្ឋសភាបានច្រានចោលសំណើរបស់ប្រធានគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា ដែលសុំឱ្យកោះហៅលោក ស េខង ទៅឆ្លើយបំភ្លឺទាក់ទិនការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើករណីធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដា ដែលមជ្ឈដ្ឋានជាច្រើនជឿថា ជាការវាយប្រហារដែលរដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នង។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមានប្រសាសន៍កាលពីម្សិលមិញថា លោក ហេង សំរិន ប្រធានរដ្ឋសភាមិនអនុម័តលើលិខិតរបស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំងដែលស្នើឱ្យកោះហៅលោក ស ខេង ទៅឆ្លើយបំភ្លឺនៅរដ្ឋសភានោះទេ។

លោកបញ្ជាក់ថា “សម្ដេច ហេង សំរិន បានសម្រេចមិនបញ្ជូនលិខិតនេះទៅរាជរដ្ឋាភិបាលដើម្បីអញ្ជើញសម្ដេចក្រឡាហោម ស ខេង [រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ] មកបំភ្លឺទេ ដោយហេតុថា ករណីលោក កែម ឡី នេះបានធ្លាក់ទៅក្នុងដៃសមត្ថកិច្ចតុលាការតាំងពីដំណាក់កាលដំបូង និងតាំងពីយូរមកហើយ។ ដូច្នេះ លោករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលមិនដឹងអ្វីទៀតទេអំពីរឿងនេះ”។

cam-photo-front-channa-6លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា វាក៏ជាការចាំាបាច់ដែរក្នុងការមិនផ្ដល់ឱកាសឱ្យគណបក្សសង្គ្រោះជាតិកេងចំណេញនយោបាយតាមរយៈការដាក់គំនាបលើរាជរដ្ឋាភិបាលទាក់ទិនករណីធ្វើឃាតលោក កែម ឡី ដែលបានធ្វើឱ្យសាធារណជនទូទៅកើតទុក្ខក្រៀមក្រំ និងមានការសង្ស័យកាន់តែខ្លាំង។

លោកមានប្រសាសន៍ទៀតថា “បើសម្ដេច ស ខេង ទៅទីនោះ វាគ្រាន់តែជាការសម្ដែងរបស់គណបក្សសង្គ្រោះជាតិដើម្បីឱ្យសាធារណជនយល់ថា ពួកគេចង់បានយុត្តិធម៌សម្រាប់លោក កែម ឡី តែប៉ុណ្ណោះ” ដោយលោកគូសបញ្ជាក់ថា មនុស្សជាច្រើននៅក្នុងគណបក្សប្រឆាំងបានដឹងពីបំណងនយោបាយរបស់លោក កែម ឡី ប៉ុន្មានខែមុនពេលគាត់សម្លាប់។

លោកបន្តថា “ដូច្នេះ នៅពេលលោក កែម ឡី ស្លាប់ ពួកគេចង់ទាញយកប្រយោជន៍ពីសពលោក កែម ឡី ដើម្បីបេសកកម្មនយោបាយរបស់ខ្លួន”។ លោកថ្លែងថា ការប្រឹងប្រែងដើម្បីដាក់គំនាបលើរូបលោក ស ខេង អាចធ្វើឱ្យស្ថានភាពនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិតានតឹងឡើងវិញភ្លាមៗ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា “តាមការយល់ឃើញរបស់ខ្ញុំ នៅពេលសម្ដេច ស ខេង ទៅឱ្យគេសួរ វានឹងធ្វើឱ្យបរិយាកាសនយោបាយនៅកម្ពុជាកាន់តែឡើងកម្ដៅ។ ជាការពិត សម្ដេច ស ខេង អាចទៅបាន ប៉ុន្តែអស់លោកដឹងហើយថា អ្នកនៅក្រោមសម្ដេច ស ខេង នឹងមិនសប្បាយចិត្តទេ នៅពេលពួកគេឃើញលោក អេង ឆៃអ៊ាង សួរសម្ដេច ស ខេង ពីព្រោះសម្ដេច ស ខេង និងសម្ដេច ហ៊ុន សែន ជាមនុស្សតែមួយ។ សម្ដេច ហ៊ុន សែន មិនដែលឱនលំទោននៅចំពោះមុខគណបក្សប្រឆាំងទេ”។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការច្រានចោលសំណើរបស់លោកទេ រហូតទាល់តែលោកទទួលបានលិខិតជាផ្លូវការសិន។  នៅមុននេះក្នុងថ្ងៃដដែល លោកបានមានប្រសាសន៍ថា លោកក៏គ្រោងកោះហៅលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកឆ្លើយបំភ្លឺដែរទាក់ទិនសំណុំរឿងនេះ។

លោកលើកឡើងថា “វាជាករណីធំ ហើយវាសំខាន់ណាស់ក្នុងការស្ដាប់ការឆ្លើយបំភ្លឺរបស់រដ្ឋមន្ត្រីទាំងពីររូបទាក់ទិនការវិវឌ្ឍចុងក្រោយ ពីព្រោះវានឹងក្លាយជាគំរូសម្រាប់ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា។ ពីព្រោះត្រូវតែមានយុត្តិធម៌សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិត”។

លោក ឡៅ ម៉ុង­ហៃ ជាអ្នកវិភាគនយោបាយ និងជាអតីតទីប្រឹក្សាផ្នែកច្បាប់របស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា នៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា មានប្រការមួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលបដិសេធមិនពិភាក្សាអំពីករណីដែលធ្លាក់ដល់ដៃតុលាការ។

cam-photo-frontលោកថ្លែងថា វិធីមួយដែលមានប្រសិទ្ធភាពជាងនេះនៅក្នុងការដាក់គំនាបឱ្យរដ្ឋាភិបាលឆ្លើយទាក់ទិនការស៊ើបអង្កេតរបស់ខ្លួនលើករណីធ្វើឃាតលោក កែម ឡី គឺការប្រមូលផ្ដុំ “មិត្តភក្ដិ និងអ្នកដែលមានការអាណិតអាសូរ” ដើម្បីស្វែងរកព័ត៌មានពីរដ្ឋាភិបាល។

លោក ឡៅ ម៉ុងហៃ ដែលជាសហការី និងជាមិត្តរបស់លោក កែម ឡី បានលើកឡើងថា ការតវ៉ាអាចនឹងរៀបចំឡើងនៅជិតស្ថានីយប្រេងឥន្ធនៈ ទីដែលលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ឬនៅតាមផ្លូវដឹកសពរបស់គាត់ចេញ និងទីដែលមនុស្សរាប់ម៉ឺនសែននាក់ចេញមកដង្ហែសពរបស់គាត់នៅពេលក្រោយមក។

លោកថ្លែងថា ក្រៅពីវីដេអូកាមេរ៉ាសុវត្ថិភាពនៃហេតុការណ៍បាញ់ប្រហារ ដែលរដ្ឋាភិបាលមិនព្រមបញ្ចេញ មានតម្រុយផ្សេងទៀតដែលអ្នកស៊ើបអង្កេតត្រឹមត្រូវកំពុងតាមរក។

ក្នុងចំណោមតម្រុយទាំងនោះ មានរូបថតមួយសន្លឹកបង្ហាញពីលោក កែម ឡី អង្គុយយ៉ាងមាំនៅលើកៅអីក្នុងស្តាម៉ាតហាងកាហ្វេនៃស្ថានីយប្រេងឥន្ធនៈ ក្រោយពីគាត់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ផ្ទុយពីរូបថតបញ្ចេញតាមក្រោយដែលបង្ហាញពីគាត់ដេកក្នុងថ្លុកឈាមនៅលើឥដ្ឋ។

លោក ឡៅ ម៉ុងហៃ គូសបញ្ជាក់ថា “អ្នកណាជាអ្នកថតរូបនោះ ហើយស្ថានភាពវាយ៉ាង ម៉េច? ហើយហេតុអីបានជាគាត់ធ្លាក់មកក្រោម ហើយធ្លាក់បែបណា? ហើយអ្នកណាជាអ្នកបង្ហោះវាតាមហ្វេសប៊ុក? មនុស្សនេះ គេអាច រកឃើញ។ មានតម្រុយល្អៗមួយចំនួន ខ្ញុំដឹងថា រឿងនេះប្រហែលជារសើបបន្តិច។ ខ្ញុំគិតថា ជំរុញឱ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌ ហើយ នោះជាកាតព្វកិច្ចរបស់អ្នកនោះរស់ដែលត្រូវស្វែងរកយុត្តិធម៌ឱ្យអ្នកស្លាប់”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស