28.4 C
Phnom Penh

ក្តី​​​បារម្ភ​​​ក្នុង​​​សង្គម៖ បណ្តាញ​​​ទំនាក់​​​​​​ទំនង​​​សង្គម​​​ធ្វើ​​​ឲ្យ​​​ល្បី​​​ឆាប់ ហើយ​​​ក៏​​​ធ្វើ​​​ឲ្យ​​​អាម៉ាស់​​​ជា​​​សាធារណៈ​​​ដែរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊៊ុន សែន បានចាប់ផ្តើមទទួលបានប្រយោជន៍ពីការក្លាយជាតារាតាមបណ្តាញទំនាក់ទំនងសង្គមក្នុងឆ្នាំ២០១៦។លោកគឺជាមេដឹកនាំកណ្តាប់ដៃ ដែកដែលមានភាពរាក់ទាក់ថ្មី ជាបុរសមិនចេះខ្វាយខ្វល់ដោយមានទាំងការសម្រាកលំហែកាយលេងទឹកសមុទ្រនៅឆ្នេរក្រុងព្រះសីហនុ និងសើចចេញពីយ៉អគារទីស្តីការគណៈរដ្ឋមន្ត្រី។

រដ្ឋមន្ត្រីនានាត្រូវបានណែនាំឲ្យតាមដានសង្កេតទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។ គិតត្រឹមខែកុម្ភៈ ទំព័រនេះជាទំព័រហ្វេសបុ៊កដែលទទួលបានការចុចចូលចិត្ត (like) ច្រើនជាងគេបំផុតនៅកម្ពុជា ដោយក្លាយជាកន្លែងសម្រាប់អ្នកមានកង្វល់និយាយត្អួញត្អែរអំពីបញ្ហាគ្រប់យ៉ាងរាប់ចាប់តាំងពីផ្លូវមានជង្ហុក រហូតដល់វិវាទដីធ្លី។លោក ហ៊ុន សែន បានប្រើប្រាស់វាដើម្បីកែ ប្រែការតម្រូវឲ្យអ្នកបើកបរម៉ូតូមានប័ណ្ណបើកបរដែលពលរដ្ឋមិនពេញចិត្ត និងបានផ្តល់តួនាទីឲ្យមន្ត្រីនគរបាលចរាចរដែលត្រឹមត្រូវម្នាក់វិញ។

ក្រុមអ្នកមានចំណេះដឹងខ្ពង់ខ្ពស់បាននាំគ្នាពិភាក្សាវែកញែកដេញដោលអំពីកម្ម វិធីនេះថា តើគណបក្សប្រជាជនកម្ពុជាអាចគ្រប់គ្រងវេទិកានេះដែលបានដើរតួនាទី យ៉ាងសំខាន់ប្រឆាំងពួកគេនៅក្នុងការបោះ ឆ្នោតជាតិឆ្នាំ២០១៣ បានដែរ ឬអត់? ថា តើបណ្តាញទំនាក់ទំនងសង្គមដែលកាលពីឆ្នាំមុនបានក្លាយជាប្រភពព័ត៌មានដ៏មានប្រជា ប្រិយបំផុតនៅកម្ពុជាអាចផ្គាប់ផ្គុនគណបក្ស៏ចំណាស់មួយនេះដោយផ្តល់អ្នកបោះ ឆ្នោតក្មេងៗដែលមានចំណេះដឹងខាងបច្ចេក វិទ្យាយ៉ាងច្រើនបានដែរ ឬទេ?។

ទោះបីជាដើមឆ្នាំ២០១៦ បង្ហាញថា បណ្តាញទំនាក់ទំនងសង្គមផ្តល់សក្ដានុពលដល់គណបក្សនេះក៏ដោយ ប៉ុន្តែនៅចុងឆ្នាំដដែលនេះវាបានបង្ហាញឲ្យឃើញពីភាពគ្រោះថ្នាក់របស់វាទៅវិញ។ការសន្ទនាឆ្លើយឆ្លងបែកធ្លាយដែលគេអះអាងថា ជា ការសន្ទនារបស់លោក ហ៊ុន សែន និងកូនប្រុសរបស់លោក ព្រមទាំងវីដេអូមួយដែលបង្ហាញពីមន្ត្រីនគរបាលច្រកព្រំដែនម្នាក់ដួលនៅពីមុខរថយន្តរបស់មន្ត្រីគណបក្សប្រឆាំងមួយរូប ហើយក្រោយមកបានអះអាងថា រងរបួសធ្ងន់នោះ បានលេចឮជ្រួតជ្រាបដល់សាធារណជនដោយរងការចំអកពីអ្នកលេងហ្វេសប៊ុក ខណៈគណបក្សកាន់អំណាចនៅស្ងៀមស្ងាត់។

លោក ម៉ាគូស កាបូម (Markus Karbaum ) អ្នកវិទ្យាសាស្ត្រនយោបាយអាល្លឺម៉ង់ដែលផ្តោតលើប្រទេសកម្ពុជាបានលើកឡើងក្នុងអីុម៉េលមួយកាលពីសប្តាហ៍មុនថា “បណ្តាញទំនាក់ទំនងសង្គមគឺជាការគំរាមកំហែងដល់រដ្ឋាភិបាលអត្តាធិប តេយ្យដែលរឹតត្បិតសេរីភាពសារព័ត៌មាន និងតម្លាភាព ព្រោះហ្វេសប៊ុកផ្សព្វផ្សាយតែព័ត៌មានពួកគេផ្តាច់មុខ។ លោកបានលើកឡើងបន្តថា សារៈសំខាន់របស់ហ្វេសប៊ុកនៅកម្ពុជានឹងនៅតែបន្តកើនឡើង បើរបបនេះនៅតែឲ្យតម្លៃសេចក្តីរាយការណ៍តែម្ខាងទប់ស្កាត់បំបិទរឿងអាស្រូវនយោបាយ ឬនិយាយ អាក្រក់ពីគូប្រជែងនយោបាយនោះ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពចៅប្រុសអង្គុយលើឆ្នេរខ្សាច់ក្បែរមាត់សមុទ្រ និយាយជាមួយយុវជនពីរនាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពចៅប្រុសអង្គុយលើឆ្នេរខ្សាច់ក្បែរមាត់សមុទ្រ និយាយជាមួយយុវជនពីរនាក់។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា ហ្វេសប៊ុកបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្នុងការដឹងនិងសិក្សាពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងផ្ញើសាររបស់រដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា “យើងសិក្សាពីប្រជាពលរដ្ឋថា តើពួកគាត់មានអារម្មណ៍យ៉ាងណា តើពួកគាត់ត្រូវការឲ្យជួយអ្វីខ្វះ”។លោកបានបន្ថែមថា កម្មវិធីនេះក៏មានអមដោយភាពមិនច្បាស់លាស់មួយចំនួនដែរ។ “ពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់គោលបំណង”។

ដោយប្រភពព័ត៌មានតាមទូរទស្សន៍ និងវិទ្យុភាគច្រើនស្ថិតក្រោមសម្ពាធរបស់គណបក្សនេះ ឬបក្ខពួករបស់ខ្លួននោះលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងគឺជាអ្នកដំបូងដែលទទួលបានប្រយោជន៍ពីហ្វេសប៊ុក ពេលលោកបានចាប់ផ្តើមប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកនៅខែមេសា ឆ្នាំ២០១៣។

លោក សម រង្ស៊ី បានលើកឡើងតាមរយៈអីុម៉េលមួយក្នុងសប្តាហ៍នេះថា “វាគឺជាឱកាសមានតែមួយគ្មានពីរ និងជាមធ្យោបាយតែមួយគត់សម្រាប់គណបក្សសង្គ្រោះជាតិក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅដល់សាធារណជន”។

ម្យា៉ាងវិញទៀត លោក ហ៊ុន សែន បានទប់ទល់ដោយយល់ព្រមទទួលយកទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះរបស់លោក ពេលវាទទួលបាន១លាន like នៅក្នុងខែកញ្ញា ឆ្នាំ២០១៥។បន្ទាប់មកលោកនាយករដ្ឋមន្ត្រីបានចាប់ផ្តើមលេងកម្មវិធីនេះយ៉ាងសកម្មដោយដំបូងបង្ហោះរូបភាព និងសារថ្មីៗ ហើយបន្ទាប់មកបានបន្ថែមកម្មវិធីផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ និងការផ្សាយផ្ទាល់កម្មវីធីទូរទស្សន៍ដូចជា The Voice Cambodia ជាដើម។

លោក សោម សឿន រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលបានជំរុញឲ្យអ្នកគាំទ្របក្សជួយជ្រោមជ្រែង ទំព័រនេះពេលណាក៏ដោយឲ្យតែទៅរួច។ លោកបានសរសេរក្នុងសារមួយដែលបានបែកធ្លាយតាមរយៈទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីខែមីនាថា “គណបក្សគ្រប់ថ្នាក់ត្រូវតាមដានត្រួតពិនិត្យអនុវត្តតាមការការងារនេះជាប្រចាំជាយុទ្ធនាការទូលំទូលាយនៅមូលដ្ឋានឆ្ពោះទៅដណ្តើមការជោគជ័យក្នុងការបោះឆ្នោត”។

ប៉ុន្តែ ការបោះឆ្នោតនៅកម្ពុជានឹងមិនជាប់ទាក់ទិននឹងអ្នកគាំទ្រប្រហែលពាក់កណ្តាលនៃអ្នកគាំទ្រលោក ហ៊ុន សែន សរុបចំនួន៦,៥លាននាក់ឡើយ។ ទិន្នន័យពីហ្វេសប៊ុកបង្ហាញថា ពួកគេមានមូលដ្ឋានស្ថិតនៅក្រៅប្រទេស ហើយលោក សម រង្ស៊ី និងអ្នកផ្សេងៗទៀតបានអះអាងថា ពួកគេជាអ្នកគាំទ្រក្លែងក្លាយទិញតាមរយៈ “កន្លែងបង្កើតចុច like ក្លែងក្លាយ (Click Farms)” នៅក្នុងប្រទេសផ្សេងៗដូចជាប្រទេសឥណ្ឌា ដែលបង្ហាញថា លោក ហ៊ុន សែន ទទួលបានប្រជាប្រិយភាពគួរឲ្យភ្ញាក់ផ្អើលជាដើម។

មោទនភាពរបស់លោក ហ៊ុន សែន ក្នុងការទទួលបាន like ច្រើនជាងគូប្រជែងរបស់លោក និងការផ្តោតតែទៅលើបញ្ហាមិនសូវសំខាន់ មានផលប៉ះពាល់ដល់ការបើកចំហដែលលោកអាចសម្តែងចេញតាមរយៈកម្មវិធីនេះ នេះបើយោងតាមលោក នាន់សិរីបុត្រ អ្នកសង្កេតការណ៍តាមបណ្តាញទំនាក់ទនងសង្គម និងជាម្ចាស់ប្លក់នយោបាយ។

លោកបានសរសេរក្នុងសារអេឡិចត្រូនិកមួយថា “គាត់បង្ហោះការងារ សកម្មភាពប្រចាំថ្ងៃ រូបថតសែ៊លហ្វីរបស់គាត់ និងការកម្សាន្តច្រើនពេក ដែលពិតជាមិនសមទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីទាល់តែសោះ។ គាត់គ្រាន់តែបង្ហោះដើម្បីបង្កើនការ ‘Like’ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្ររបស់គាត់ និងបង្វែរការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋពីនយោបាយតែប៉ុណ្ណោះ”។

លោកបានលើកឡើងបន្តទៀតថា ផ្ទុយមកវិញ “គាត់គួរតែផ្ដោតការយកចិត្តទុកដាក់ឱ្យបានច្រើនលើបញ្ហាសង្គម និងសេដ្ឋកិច្ច ដោយការផ្ដល់ដំណោះស្រាយតាមរយៈសារបង្ហោះរបស់គាត់ ឬតាមរយៈការរៀបចំវេទិកាសំណួរ-ចម្លើយ។

ជាការពិតហ្វេសប៊ុកធំជាងលោក ហ៊ុន សែន។ អ្នកនយោបាយ ឧត្ដមសេនីយ៍ ឧកញ៉ា និងមន្ត្រីគាំទ្រគណបក្សប្រជាជនជាច្រើនផ្សេងទៀតក៏បានចូលរួមក្នុងសកម្មភាពនេះដែរ ដោយពួកគេថែមទាំងចំណាយប្រាក់ដើម្បីប្រម៉ូតទំព័រហ្វេសប៊ុកដែលពួកគេពេញចិត្ត ពេញទៅដោយរូបថតក្រុមគ្រួសារ និងការជូនពរក្នុងថ្ងៃបុណ្យឈប់សម្រាកទៀតផង។

ការប្រើប្រាស់ហ្វេសប៊ុកក៏បានកើនឡើងដែរក្នុងចំណោមតារាបណ្ដាញទំនាក់ទំនងសង្គម ដែលពីមុនគ្មានអ្នកណាស្គាល់ ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្សាយការអត្ថាធិប្បាយរបស់ខ្លួនអំពីដំណឹង វីដេអូ និងពាក្យចចាមអារ៉ាម ដូចជា កាលពីពេលថ្មីនេះមានព័ត៌មានសុសសាយ (មិនពិត) មួយស្ដីពីអាហារកំប៉ុងមានផ្ទុកមេរោគអេដស៍ចេញពីប្រទេសថៃជាដើម។

កញ្ញា កែវ កូនីឡា អ្នកប្រឹក្សាយោបល់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងជាអ្នកជំនាញខាងគោលនយោបាយសាធារណៈបានថ្លែងថា នៅក្នុងប្រទេសមួយដែលអុីនធឺណិត និងហ្វេសប៊ុកស្ទើរតែមានន័យដូចគ្នា វេទិកានេះ “បានជួយបង្កើនសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាតាមរយៈការអនុញ្ញាតឱ្យប្រជាពលរដ្ឋមើលឃើញ និងចូលរួមការពិភាក្សារឿងនយោបាយតាមប្រព័ន្ធអុីនធឺណិត”។

កញ្ញាបានសរសេរក្នុងសារអេឡិចត្រូនិកមួយថា “ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយធ្វើឱ្យព័ត៌មានមិនគ្រប់ជ្រុងជ្រោយដែលមិនទាន់មានអ្នកដឹងឮច្រើនសាយភាយ។ ហើយអ្វីដែលធ្វើឱ្យខ្ញុំព្រួយបារម្ភ គឺនៅពេលប្រជាពលរដ្ឋមួយចំនួនគ្មានចំណេះដឹងដើម្បីផ្ទៀងផ្ទាត់ព័ត៌មានដែលពួកគាត់ឃើញនៅលើបណ្ដាញទំនាក់ទំនងសង្គម ឬនិយាយ បែងចែកឱ្យដាច់ពីគ្នារវាង ‘ទស្សនៈ’ និង ‘ការពិត’”។

ការកើនឡើងប្រភពព័ត៌មានចេញពីប្រជាពលរដ្ឋសាមញ្ញក៏បានក្លាយជាស្ថានភាពល្អផង និងអាក្រក់ផងសម្រាប់គណបក្សកាន់អំណាច។

គណនីហ្វេសប៊ុកពេញនិយមមួយចំនួនដូចគណនីរបស់ទាហានម្នាក់ឈ្មោះ ខាន់ ចាន់សុផល ជាដើម ចែកចាយការនិយាយសរសើរអំពីគណបក្សប្រជាជនកម្ពុជាទៅដល់អ្នកគាំទ្ររាប់សែននាក់ ឬបង្ហាញរូបភាពអំពើហិង្សាដែលព្រមានថា នឹងមានផលវិបាកកើតឡើងប្រសិនបើគណបក្សប្រឆាំងកាន់អំណាច។

ហើយទំព័រហ្វេសប៊ុកអាថ៌កំបាំងពីរទៀត រួមមានទំព័រមួយដែលមានឈ្មោះថា “រឿងពិត CNRP” គឺជាអ្នកទទួលខុសត្រូវចំពោះការធ្វើឱ្យបែកធ្លាយខ្សែអាត់សំឡេងកាលពីខែកុម្ភៈ និងខែមីនា ដែលហាក់បង្ហាញថា លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានបញ្ហាដោយសារស្នេហាលួចលាក់ ធ្វើឱ្យមានការជជែកដេញដោលអំពីរឿងអាស្រូវនេះ ដែលធ្វើឱ្យលោក កឹម សុខា វិលក្បុងពេញមួយឆ្នាំ។

ទោះជាយ៉ាងណា គណនីផ្សេងទៀតមិនសូវជាចិត្តល្អចំពោះរដ្ឋាភិបាលឡើយ។ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ឈ្មោះ ឆាំ ឆានី ទទួលបានអ្នកគាំទ្ររហូតដល់ទៅ២៥០.០០០នាក់តាមរយៈការចែករំលែកព័ត៌មានថ្កោលទោស ដែលចេញពីប្រភពអនាមិក និងដែលជាញឹកញាប់មិនអាចផ្ទៀតផ្ទាត់បានស្ដីពីរដ្ឋាភិបាល។ លោកត្រូវបានគេប្ដឹងពីបទបរិហារកេរ្តិ៍កាលពីខែមករាឆ្នាំមុនពីបទអះអាងថា លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន ពាក់ព័ន្ធការជួញដូរឈើខុសច្បាប់។ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដែលទំព័រហ្វេសប៊ុករបស់ខ្លួនបញ្ជាក់ថា ខ្លួនរស់នៅសហរដ្ឋអាមេរិករូបនេះ បានចំអកឌឺដងឱ្យរដ្ឋាភិបាល។

លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “អ៊ូ! អាំងទែប៉ូលកំពុងតាមប្រមាញ់មនុស្សដោយសារសំណុំរឿងបរិហារកេរ្តិ៍? កុំធ្វើបែបនេះអី”។

បន្ទាប់មកកញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សប្រឆាំងដែលសាងភាពល្បីល្បាញតាមរយៈការប្រើប្រាស់ហ្វេសប៊ុកធ្វើជាឧបករណ៍នយោបាយ និងដែលត្រូវសារព័ត៌មានចុះផ្សាយព្រោងព្រាតកាលពីខែវិច្ឆិកា នៅពេលទំព័រហ្វេសប៊ុករបស់នាងបានបង្ហោះសារសន្ទនាបែកធ្លាយថា “តា” ដែលមជ្ឈដ្ឋានជាច្រើនចោទថាជាលោក ហ៊ុន សែន ផ្ដល់ប្រាក់១លានដុល្លារដល់ “ចៅ” ដើម្បីឱ្យបង្កភាពរំជើបរំជួលប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ សារសន្ទនាបែកធ្លាយមួយចំនួនទៀតក៏បង្ហាញពីកញ្ញា ធី សុវណ្ណថា ពិភាក្សាជាមួយលោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោក ហ៊ុន សែន អំពីអ្នកនយោបាយបក្សប្រឆាំងដែលមានបញ្ហាច្រើនរូបនេះផងដែរ។

កញ្ញា ធី សុវណ្ណថា បានអះអាងថា ទំព័រហ្វេសប៊ុករបស់នាងត្រូវបានគេហ៊ែក ប៉ុន្តែទាំងលោក ហ៊ុន សែន និងកូនប្រុសរបស់លោកមិនទាន់បានឆ្លើយតបទៅនឹងសារបែកធ្លាយទាំងនេះជាសាធារណៈនៅឡើយទេ។

រដ្ឋាភិបាលបានចាត់វិធានការថ្មីដើម្បីកាត់បន្ថយការខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មុនដាច់ឆ្នាំ នៅពេលមន្ត្រីចោទប្រកាន់ថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយរូបប្រចាំក្រុងប៉ោយប៉ែតពីបទបើករថយន្តលុចស៊ីសបុកមន្ត្រីនគរបាលព្រំដែនម្នាក់នៅជិតប៉ុស្តិ៍ត្រួតពិនិត្យ។ ទោះជាយ៉ាងណា រូបភាពនៃឧប្បត្តិហេតុនោះបង្ហាញថា រថយន្តនោះស្ទើរតែមិនកម្រើកកង់ ហើយមន្ត្រីនគរបាលដួលភ្លាមៗនៅពីមុខរថយន្ត ធ្វើឱ្យសាធារណជនចំអក និងមើលងាយពេញហ្វេសប៊ុក។ ជាការប្រឹងប្រែងដើម្បីបញ្ចប់ភាពជ្រួលច្របល់នេះ រដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ផ្លូវការស្នើសុំឱ្យសាធារណជនរក្សាភាពស្ងាត់ស្ងៀម។

នគរបាលព្រំដែនបានឆ្លើយតបតាមហ្វេសប៊ុកអមដោយរូបថតមន្ត្រីនគរបាលព្រំដែនម្នាក់នោះនៅលើរទេះរុញ និងពាក់រណបបំពង់កទទួលការពិនិត្យតាមដានសុខភាពពីសំណាក់ក្រុមគ្រូពេទ្យ។ ប៉ុន្តែមិនដល់មួយសប្ដាហ៍ក្រោយផង គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Ton Ton Sen Sen” បានបង្ហោះរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីនគរបាលម្នាក់នោះដើរយ៉ាងរំភើយជាមួយនារីម្នាក់នៅក្នុងផ្ទះសំណាក់មួយនៅប្រទេសថៃ។

កញ្ញា កែវ កូនីឡា ដែលជាអ្នកប្រឹក្សាយោបល់ផ្នែកប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា “រដ្ឋាភិបាល និងគណបក្សនយោបាយពាក់ព័ន្ធគួរតែដឹងថា ពេលនេះគេមានទូរស័ព្ទដៃគ្រប់ៗគ្នាគ្រប់ពេល ហើយអាចបង្ហោះវីដេអូដើម្បីចែករំលែកឱ្យមនុស្សរាប់ពាន់នាក់បានឃើញ”។

លោក នាន់ សិរីបុត្រ បានមានប្រសាសន៍ថា នៅពេលសមត្ថកិច្ច និងបណ្ដាញទំនាក់ទំនងសង្គមដែលគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែអះអាងថា នគរបាលម្នាក់នោះពិតជារងរបួសមែន ហើយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិសមនឹងត្រូវចាប់ខ្លួន ពួកគេកាន់តែបាត់បង់ទំនុកចិត្តពីសាធារណជន។

ម្ចាស់ប្លក់នយោបាយរូបនេះបានលើកឡើងទៀតថា “ពួកគេត្រូវបញ្ឈប់ការបង្ហោះដំណឹងក្លែងក្លាយ និងការអត្ថាធិប្បាយលម្អៀងដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមិនជឿលើពួកគេ។ គណបក្សប្រជាជនត្រូវមានក្រុមការងារហ្វេសប៊ុកដើម្បីឆ្លើយតបទៅនឹងអ្វីដែលអ្នកប្រើប្រាស់ហ្វេសប៊ុកបង្ហោះទាក់ទិនបញ្ហាក្ដៅ និងចម្រូងចម្រាសនានា ហើយដោះស្រាយបញ្ហាភ្លាមតាមរយៈការផ្ដល់ការពិតដល់សាធារណជន”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា រដ្ឋាភិបាលទទួលបានមេរៀនពីឧប្បត្តិហេតុនៅក្រុងប៉ោយប៉ែតនេះ។ លោកថ្លែងថា “យើងដឹងចិត្តរបស់មនុស្ស។ អ្នកខ្លះជាជនបោកប្រាស់ យើងដឹងថាពួកគេជានរណា”។

លោក កាបូម (Karbaum) អ្នកវិភាគនយោបាយអាល្លឺម៉ង់មានប្រសាសន៍ថា បញ្ហាទាក់ទិនបណ្ដាញទំនាក់ទំនងសង្គមរបស់គណបក្សកាន់អំណាចទំនងជាមិនបញ្ចប់នោះទេ។

បញ្ឆិតបញ្ឆៀងទៅករណីដែលរដ្ឋាភិបាលចោទប្រកាន់អ្នកនយោបាយគណបក្សសង្គ្រោះជាតិ និងអ្នករិះគន់រដ្ឋាភិបាលទាក់ទិនសារបង្ហោះតាមហ្វេសប៊ុក លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា “ទីបំផុត រដ្ឋាភិបាលអាចនឹងបង្កើនការប្រឹងប្រែងរបស់ខ្លួននៅក្នុងការដាក់ទោសព្រហ្មទណ្ឌលើអ្នកប្រើប្រាស់ហ្វេសប៊ុក ពីបទចែកចាយព័ត៌មានរិះគន់ដូចដែលខ្លួនបានធ្វើរួចមកហើយចំពោះសារបង្ហោះស្ដីពីបញ្ហាព្រំដែន ឬអ្វីដែលគេហៅថា ‘បដិវត្្តន៍ពណ៌’។ ទោះជាយ៉ាងណាវិធានការបែបនេះនឹងមិនអាចបញ្ឈប់សកម្មភាពអ្នកទម្លាយព័ត៌មានបានទេ ដោយសារតែគណនីហ្វេសប៊ុកអាចដំណើរការបានដោយអនាមិក និងចេញពីបរទេស។ វាប្រៀបដូចពស់ហាយដ្រា (ពស់ក្បាលច្រើនក្នុងរឿងព្រេងបុរាណក្រិក) អ៊ីចឹង គឺកាត់ក្បាលមួយចេញក្បាលច្រើនទៀត”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស