30 C
Phnom Penh

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បុគ្គលិក​សិទ្ធិមនុស្ស​ជា​បេក្ខជន​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានទទួលយកជាផ្លូវការ លោក ឆាយ ធី អ្នកសង្កេតការណ៍សិទ្ធិមនុស្សជើងចាស់ធ្វើជាបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ទោះជាលោកមានបំណងរក្សាការងារអង្គការក្រៅរដ្ឋាភិបាលរបស់លោករហូតដល់ចុងខែនេះ ជាការរំលោភច្បាប់ដែលអាចកើតមានក៏ដោយ។

លោក ឆាយ ធី បានចំណាយពេលជាច្រើនឆ្នាំកន្លងមក ដោយហ៊ាននិយាយប្រឆាំងគោលនយោបាយ និងការអនុវត្តរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកនៅខេត្តរតនគិរី។

លោកបានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនភ្ញាក់ផ្អើលកាលពីសប្ដាហ៍មុន ដោយការប្រកាសផែនការរបស់លោកឈរឈ្មោះជាបេក្ខជនមូលដ្ឋានក្នុងខេត្តនេះសម្រាប់គណបក្សកាន់អំណាច ក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ដោយបានដាក់ស្នើសុំលាតំណែងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

អភិបាលរងខេត្តរបស់គណបក្សប្រជាជនកម្ពុជា លោក ញ៉ែម សំអឿន បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យអំឡុងសន្និសីទកាសែតនៅទីស្នាក់ការគណបក្សប្រជាជនខេត្តថា គណបក្សបានទទួលយកលោក ធី ជាបេក្ខជនជាផ្លូវការហើយ។

លោកបានមានប្រសាសន៍ថា “យើងបានទទួលយកគាត់ជាសមាជិកម្នាក់របស់គណបក្សប្រជាជនកម្ពុជា ហើយគាត់ត្រូវបានជ្រើសរើសធ្វើជាបេក្ខជនមេឃុំសម្រាប់ការបោះឆ្នោតឃុំនាពេលខាងមុខនេះ”។

ច្បាប់អង្គការក្រៅរដ្ឋាភិបាលតម្រូវឲ្យក្រុមអង្គការក្រៅរដ្ឋាភិបាល ដូចជាអង្គការអាដហុកជាដើម នៅជាអព្យាក្រឹតខាងនយោបាយ។

WP-LastImage-14-800x533ប៉ុន្តែលោក ធី ដែលទាក់ទងបានបន្ទាប់ពីសន្និសីទកាសែត ដែលលោកបានចូលរួមដោយពាក់អាវគណបក្សប្រជាជនកម្ពុជា បាននិយាយថា លោកនឹងចាកចេញពីតំណែងរបស់លោកក្នុងអង្គការអាដហុកនៅថ្ងៃទី៣០ខែមករា ហើយលោកបានបញ្ជាក់ថា មិនមានជម្លោះផ្ទៃក្នុងទេ។

លោកបាននិយាយថា “ខ្ញុំមិនបានធ្វើអ្វីខុសទេ ពីព្រោះខ្ញុំបានលាឈប់ពីសមាគមអាដហុករួចហើយ ហើយខ្ញុំបាននិយាយក្នុងនាមជាអ្នកនយោបាយម្នាក់ មិនមែនដើម្បីអាដហុកទេ”។

លោកក៏បានបន្តការពារការសម្រេចរបស់លោកដើម្បីស្វែងរកតំណែងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនជាមួយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងនោះទេ ជាជម្រើសមួយដែលបានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនមានការភ្ញាក់ផ្អើល។

លោកបាននិយាយថា “អ្នកកាសែតបានសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំចូលជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះគណបក្សនេះបានផ្លាស់ប្តូរនិងមានកំណែទម្រង់ច្រើន ហើយគណបក្សនេះបានចាប់ផ្តើមយកចិត្តទុកដាក់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អ្នកកាសែតក៏បានសួរខ្ញុំផងដែរ ហេតុអ្វីខ្ញុំមិនចូលរួមគណបក្សសង្គ្រោះជាតិ។ ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំមិនចូលចិត្តគណបក្សនេះ ពីព្រោះយើងបានមើលឃើញថា គណបក្សនេះមានជម្លោះផ្ទៃក្នុងច្រើន”។

លោក ធី ក៏បានចោទគណបក្សប្រឆាំង ដែលគ្រប់គ្រងតែឃុំមួយក្នុងខេត្តរតនគិរី ថាសម្រេចបានតិចតួចសម្រាប់ប្រជាជនខេត្តនេះ និងបានតែងតាំងអ្នកមកថ្មីឲ្យកាន់តំណែងបក្សជំនួសអ្នកមូលដ្ឋានដែលបានបម្រើការងារយូរមកហើយ។ លោកក៏បានលើកឡើងនូវរឿងអាស្រូវស្រីកំណាន់ថ្មីៗរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជារឿងស្នេហាដែលគេចោទជាមួយជាងធ្វើសក់ ដែលលោកមិនដែលទទួលស្គាល់នោះ ថាជារឿងអាម៉ាស់របស់គណបក្សនេះ។

ប្រជាជនកម្ពុជាជាច្រើនសង្ស័យថា គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យបែកធ្លាយខ្សែអាត់សំឡេង ដែលនាំឲ្យមានការចាប់ផ្តើមការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើរឿងស្នេហាដែលគេចោទនេះពីបទពុករលួយដែលអាចមាន។

លោក ឆាយ ធី មិនបាននិយាយដល់រឿងស្នេហារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានការចោទប្រកាន់ផ្ទាល់ជាមួយតារាសិល្បៈ ពិសិដ្ឋ ពិលិកា ដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ១៩៩៩ ជាសំណុំរឿងមួយមិនដែលត្រូវបានដោះស្រាយសោះ។ ទស្សនាវដ្ដី ឡឺ អុិចប្រេស (L’Express) ចេញផ្សាយប្រចាំសប្ដាហ៍របស់បារាំង បានចេញផ្សាយអត្ថបទមួយដែលផ្អែកលើសៀវភៅកំណត់ហេតុសរសេរដោយតារាសិល្បៈរូបនេះ ទំនងជារ៉ាយរ៉ាប់អំពីទំនាក់ទំនងជាច្រើនឆ្នាំរបស់នាងជាមួយលោកនាយករដ្ឋមន្ត្រី ប្រាក់រាប់រយពាន់ដុល្លារដែលលោកបានឲ្យនាង និងការរកឃើញស្នេហាលួចលាក់ដោយលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន។

លោក ទាវ វ៉ាន់ណុល ដែលដឹកនាំក្រុមការងាររបស់គណបក្សសង្គ្រោះជាតិក្នុងខេត្តរតនគិរី កាលពីថ្ងៃអាទិត្យបានទទួលស្គាល់ថា គណបក្សប្រឆាំងតែងតែមិនមានមនុស្សល្អតំណាងបក្សក្នុងខេត្តនេះ ប៉ុន្តែលោកបានបដិសេធការអះអាងរបស់លោក ធី អំពីជម្លោះផ្ទៃក្នុងណាមួយ។

លោកបាននិយាយថា លោកគិតថា លោក ធី នឹងឈរឈ្មោះក្នុងឃុំមួយ ដែលគណបក្សប្រឆាំងសព្វថ្ងៃគ្រប់គ្រងក្នុងខេត្តនេះ គឺឃុំប៉ាតេ ក្នុងស្រុកអូរយ៉ាដាវ។

លោកបាននិយាយថា “យើងស្វាគមន៍គណបក្សកាន់អំណាចដែលប្រើមនុស្សមកពីអង្គការអាដហុកធ្វើជាបេក្ខជនមេឃុំ ដើម្បីប្រកួតប្រជែងជាមួយយើង ប៉ុន្តែខ្ញុំសង្ឃឹមថា គណបក្សសង្គ្រោះជាតិនឹងឈ្នះទៀត”។

ទោះជាយ៉ាងណា លោក សំ ចាន់គា អ្នកនាំពាក្យសមាគមអាដហុក បាននិយាយថា លោក ធី មានកំហុសធំមួយដែលនៅជាមួយអង្គការអាដហុក បន្ទាប់ពីប្រកាសជាសាធារណៈនូវការភក្តីភាពរបស់លោកចំពោះគណបក្សប្រជាជនកម្ពុជា ហើយថា អង្គការក្រៅរដ្ឋាភិបាលនេះនឹងពិនិត្យការងាររបស់គាត់ឡើងវិញនៅថ្ងៃនេះ។

លោកបាននិយាយថា “ខ្ញុំគិតថា សន្និសីទកាសែតជាមួយ ឆាយ ធី ថ្ងៃនេះ គឺជាកំហុសធំមួយ ហើយអង្គការអាដហុកគិតថា អាកប្បកិរិយារបស់គាត់គឺមិនត្រូវតាមច្បាប់ទេ។ យើងនឹងបញ្ជូនករណីនេះទៅគណៈកម្មាធិការរដ្ឋបាលដើម្បីធ្វើសេចក្តីសម្រេចនៅថ្ងៃច័ន្ទ”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស