38.8 C
Phnom Penh

ក្រុម​​​ការ​​​ងារ​​​ពិសេស​​​​​​រក​​​ឃើញ​​​បទល្មើស​​​នេសាទ​​​ខុស​​​ច្បាប់​​​រាប់ពាន់​​​ករណី​​​នៅបឹង​​​ទន្លេសាប​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះចាប់ តាំងពីការបង្កើតក្រុមការងារពិសេសដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់នៅលើបឹងទន្លេសាបមក ក្រសួងកសិកម្មលើកឡើងថា  ខ្លួនរកឃើញបទល្មើសនេសាទរាប់ពាន់ករណីហើយ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងចាប់បានមនុស្សប្រហែល១០នាក់ និងបង្ក្រាបបានជិត៤.០០០ករណីអំឡុងប្រតិបត្តិការនោះ។ មនុស្សមួយចំនួនត្រូវបានបញ្ជូនទៅតុលាការ ហើយមួយចំនួនទៀត ត្រូវបានធ្វើការអប់រំ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីពួកគាត់បានបង់ប្រាក់ពិន័យចំពោះបទល្មើសនេសាទទ្រង់ទ្រាយតូច”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយដោយបង្កើតក្រុមការងារពិសេសកាលពីថ្ងៃទី១៣ ខែធ្នូ។ ប៉ុន្តែ លោក វេង សាខុន បានថ្លែងថា តាមពិតការបង្ក្រាបបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែធ្នូតាមបញ្ជារបស់ក្រសួងមហាផ្ទៃ។

លោករដ្ឋមន្ត្រីបានថ្លែងថា ក្រសួងបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្ក្រាបការនេសាទខុសច្បាប់ ពីព្រោះរដ្ឋាភិបាលខ្វះធនធានដើម្បីឃ្លាំមើលជាប្រចាំចំពោះគ្រួសារប្រកបរបរនេសាទដែលរស់នៅលើបឹងនេះ។

លោកបានថ្លែងថា “យើងមិនអាចបញ្ឈប់បទល្មើសបានទេ លុះណាតែយើងយកមនុស្ស ទាំងនោះចេញពីបឹងទៅដាក់លើគោក។យើងមិនទាន់មានផែនការនៅឡើយទេ ប៉ុន្តែយើងនឹងធ្វើវានៅពេលអនាគត”។

ក្រុមការងារពិសេសនេះត្រូវបានផ្តល់អូប័រ និងឧទ្ធម្ភាគចក្រដើម្បីជួយដល់ការងារនេះ ប៉ុន្តែលោក វេង សាខុន បានថ្លែងថា ពួកគេមិនទាន់ប្រើប្រាស់សម្ភារទាំងនេះនៅក្នុងការឆ្មក់ណាមួយនៅឡើយទេ។

របាយការណ៍ដែលរៀបចំដោយក្រសួងស្តីពីការងាររបស់ក្រុមការងារពិសេសនេះរហូតមកទល់ដំណាច់ខែធ្នូបានឱ្យដឹងថា ខ្លួនក៏រឹបអូសបានឧបករណ៍នេសាទខុសច្បាប់ផងដែរនៅក្នុងការបង្ក្រាប១៦២ករណី រួមមានស្បៃមុងហាមឃាត់និងឧបករណ៍ឆក់ដែលត្រូវគេប្រើដើម្បីឆក់់ត្រីនោះ។

រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសនេះឡើង ពីព្រោះរដ្ឋបាលជលផលនៃក្រសួងនេះមិនបានសម្របសម្រួលជាមួយអាជ្ញធរខេត្តនៅបឹងទន្លេសាបដើម្បីបង្ក្រាបសកម្មភាពខុសច្បាប់នៅលើបឹងនេះទេ ពីព្រោះត្រីផ្តល់ប្រភពប្រូតេអីុនដ៏សំខាន់ដល់ពលរដ្ឋកម្ពុជារាប់លាននាក់៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស