32.5 C
Phnom Penh

មន្ត្រី​​ CNRP ដែលរង​​​ការ​​​​ចោទ​ប្រកាន់​​​​​​​ពីបទ​បើក​រថ​យន្ត​បុក​មន្ត្រី​នគរ​​​បាល​​​​ព្រំដែន​ត្រូវ​បានដោះ​​លែង​​​​​ឲ្យ​នៅ​ក្រៅ​ឃុំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់ដឹកនាំគណបក្សប្រឆាំងប្រចាំក្រុងប៉ោយប៉ែត ដែលត្រូវបានចោទប្រកាន់ពីបទបើករថយន្តបុកមន្ត្រីនគរបាលព្រំដែនម្នាក់ដែលនៅក្នុងវីដេអូគេឃើញដួលទៅលើថ្នល់ដោយខ្លួនឯងនោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃសៅរ៍  បន្ទាប់ពីមានសេចក្តីបង្គាប់ពីសាលាឧទ្ធរណ៍កាលពីថ្ងៃសុក្រ។

លោក ម៉ង់ ពុទ្ធី អនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំក្រុងប៉ោយប៉ែតត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាលពីពីរសប្តាហ៍កន្លងមកនេះដោយសារតាមចោទថា បានបើករថយន្ត របស់ខ្លួនបុកលោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

mang-puthyការចំអកបានកើតមានឡើងតាមបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីវីដេអូឃ្លីបដែលគេចែករំលែកព្រោងព្រាតតាមអីុនធឺណិតបង្ហាញថា លោក ឈាន ពិសិដ្ឋ បានដួលទៅលើថ្នល់ភ្លាមៗ ពីមុខរថយន្តរបស់លោក ម៉ង់ពុទ្ធី ដែលស្ទើរតែមិនកម្រើកកង់។ លោក ឈាន ពិសិដ្ឋ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានពាក់រណបក ប៉ុន្តែ វីដេអូមួយផ្សេងទៀតដែលលេចឡើងប៉ុន្មានថ្ងៃក្រោយមកបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា លោកកំពុងដើរយ៉ាងរំភើយនៅក្នុងផ្ទះសំណាក់មួយក្នុងប្រទេសថៃ។

លោក គឹម សុជាតិ មេធាវីរបស់លោកម៉ង់ ពុទ្ធី បានលើកឡើងថា កូនក្តីរបស់លោកត្រូវបានដោះលែងដោយមានលក្ខខណ្ឌចំនួនបី នោះគឺលោកត្រូវបង្ហាញខ្លួននៅឯតុលាការនៅថ្ងៃទីមួយរៀងរាល់ខែ មិនត្រូវប្តូរអាសយដ្ឋានដោយគ្មានការអនុញ្ញាត និងត្រូវបង្ហាញខ្លួនរាល់ពេលដែលតុលាការកោះហៅ។

លោក គឹម សុជាតិ បានមានប្រសាសន៍ថា “ខ្ញុំគិតថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នៅក្នុងការដោះ លែងគាត់ឲ្យនៅក្រៅឃុំគឺត្រឹមត្រូវ ព្រោះក្នុងករណីនេះ តុលាការមិនគួរឃុំខ្លួនគាត់នោះទេ”។

លោក ម៉ង់ ពុទ្ធី បានលើកឡើងកាលពីម្សិលមិញថា លោកមានអារម្មណ៍ធូរស្បើយដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។

លោកបានមានប្រសាសន៍ថា “ខ្ញុំមានអារម្មណ៍រីករាយពេលខ្ញុំចាកចេញពីពន្ធនាគារហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំទទួលបានពន្លឺយុត្តិធម៌ខ្លះៗ”។ លោកបានបន្ថែមថា លោកគ្មានទោសកំហុសទេ ហើយមិនយល់ពីមូលហេតុដែលឈានទៅដល់ការចាប់ខ្លួនលោកបញ្ជូនទៅពន្ធនាគារនោះឡើយ។

លោកបានថ្លែងថា “រថយន្តរបស់ខ្ញុំមិនបានបុកគាត់ទេ ព្រោះរថយន្តរបស់ខ្ញុំនៅស្ងៀម។ ប៉ុន្តែ គាត់បានដើរមកឈរពីមុខរថយន្តរបស់ខ្ញុំ ហើយបន្ទាប់មកគាត់បានដួលតែម្តង ខ្ញុំមិនយល់ទេ ហេតុអ្វីបានជាគាត់ដួលយ៉ាងដូច្នេះ”។

លោក ឈាន ពិសិដ្ឋ ដេកនៅលើដីបន្ទាប់ពីដួលពីមុខរថយន្តដែលបើកបរដោយលោក ម៉ង់ ពុទ្ធី មន្ត្រីគណបក្សសង្គ្រោះជាតិនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃសុក្រ។
លោក ឈាន ពិសិដ្ឋ ដេកនៅលើដីបន្ទាប់ពីដួលពីមុខរថយន្តដែលបើកបរដោយលោក ម៉ង់ ពុទ្ធី មន្ត្រីគណបក្សសង្គ្រោះជាតិនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃសុក្រ។

លោក ម៉ង់ ពុទ្ធី ដែលក៏ជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាផងដែរនោះបានលើកឡើងទៀតថា លោកគិតថា ការងារនៅ គណបក្សសង្គ្រោះជាតិរបស់លោកមិនជាប់ពាក់ព័ន្ធនឹងការដែលអាចមានការលើកទឹកចិត្តឲ្យមានការធ្វើបែបនេះនោះឡើយ។ លោកបានមានប្រសាសន៍ថា នេះមិនមែនជាបញ្ហានយោបាយដែលពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយទេ ព្រោះសកម្មភាពរបស់ខ្ញុំគឺមានជាប់ពាក់ព័ន្ធនឹងសមាគមរបស់ខ្ញុំទេ”។

លោក ម៉ង់ ពុទ្ធី ក៏បានលើកឡើងផងដែរថា លោកនឹងស្វះស្វែងធ្វើយ៉ាងណាឲ្យមានសាលដីកាសម្រេចឲ្យរួចខ្លួន។

លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថា លោកអភិបាលខេត្ត សួន បវរ បានជួយសម្របសម្រួលឲ្យមាន ការដោះលែងលោក ម៉ង់ ពុទ្ធី ឲ្យនៅក្រៅឃុំ ព្រោះលោកចង់ឲ្យការបើកសវនាការបញ្ចប់ទៅដោយមានភាពប្រសើរសម្រាប់គ្រប់ភាគីដែលជាប់ពាក់ព័ន្ធ។

លោកបានមានប្រសាសន៍ថា “យើងចង់អនុវត្តគោលនយោបាយឈ្នះៗរបស់រដ្ឋាភិបាល ព្រោះយើងចង់ឲ្យភាគីទាំងសងខាងទទួលបានជ័យជម្នះទាំងអស់គ្នា”។

ចំពោះ លោក ឈាន ពិសិដ្ឋ វិញ លោក សឹុម សំអាត នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានលើកឡើងថា អនុប្រធាន របស់លោកបច្ចុប្បន្នកំពុងស្ថិតក្នុងប្រទេសថៃសម្រាប់ហេតុផលផ្ទាល់ខ្លួន ប៉ុន្តែលោកនឹងវិលមកកាន់តំណែងវិញ ពេលត្រឡប់ចូលមកក្នុងប្រទេសវិញ។

លោកបានមានប្រសាសន៍ថា “គាត់បានទៅប្រទេសថៃសម្រាប់បញ្ហាផ្ទាល់ខ្លួន។ គាត់នៅតែធ្វើការងារនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះដដែល ហើយគ្មានព័ត៌មានថា គាត់នឹងត្រូវដកចេញពីតំណែងនោះទេ”។

លោក ឈាន ពិសិដ្ឋ មិនអាច ទាក់ទងបានឡើយ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស