29 C
Phnom Penh

ការអត្ថាធិប្បាយ​​​របស់​​​លោក ហ៊ុន សែន ធ្វើ​​​ឲ្យ​​​​​​ជំនួប​​​រវាង​​​ CPP​​​ ជា​​​មួយ​​​ CNRP​​​ ត្រូវ​​​ពន្យារ​​​ពេល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលុបចោលភ្លាមៗនួវកិច្ចប្រជុំជាមួយគណបក្សប្រឆាំងដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយ ក្រោយពេលមានបទបញ្ជាដ៏គួរឲ្យភ្ញាក់ផ្អើលពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដកឋានៈ “ក្រុមមតិភាគតិច” ផ្លូវការនក្នុងសភារបស់គណបក្សសង្គ្រោះជាតិ។

លោក ស ខេង ប្រធានក្រុមមតិភាគច្រើននៅក្នុងសភាសម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានផ្ញើលិខិតមួយច្បាប់ទៅឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃច័ន្ទ ដោយព្រមព្រៀងជួបប្រជុំគ្នានៅថ្ងៃទី២៥ខែមករាសម្រាប់អ្វីដែលគណបក្សប្រឆាំងនេះសង្ឃឹមនឹងរួមបញ្ចូលការពិភាក្សាដើម្បីឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស៤រូប និងមន្ត្រីរៀបចំការបោះឆ្នោត១រូបដែលត្រូវបានចាប់ដាក់ពន្ធនាគារពីបទចោទប្រកាន់ដែលគណ បក្សនេះអះអាងជារឿងនយោបាយ។

ទោះជាយ៉ាងណា នៅថ្ងៃដដែលនោះ លោក ហ៊ុន សែន បានធ្វើឲ្យគម្រោងជួបប្រជុំទាំងនោះជាប់គាំងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយគេហទំព័រព័ត៌មាន Fresh News ជាគេហទំព័រដែលចុះផ្សាយអំពីទស្សនៈរបស់រដ្ឋាភិបាល អំឡុងពេលលោកធ្វើដំណើរទៅចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីស។ ដោយចោទប្រកាន់គណបក្សសង្គ្រោះជាតិថាព្យាយាមប្រើប្រាស់កិច្ចប្រជុំនេះមិនត្រឹមត្រូវដើម្បីឲ្យមានការដោះលែងអ្នកទោសនោះ លោកនាយករដ្ឋមន្ត្រីបានទាមទារឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដោយលុបចោលគម្រោងផ្លូវការដែលមានស្រាប់សម្រាប់ការចរចាផ្នែកនយោបាយ។

cam-photo-WEF-800x533ខុទ្ទកាល័យរបស់លោក ស ខេង បានផ្ញើលិខិតទី២ទៅឲ្យគណបក្សប្រឆាំងមួយនេះកាលពីម្សិលមិញ ដែលដំបូងឡើយក៏ត្រូវបានចេញផ្សាយដោយគេហទំព័រព័ត៌មាន Fresh News ដែរនោះ ដោយលុបចោលកិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយដោយគ្មានការពន្យល់ និងការផ្តល់កាលបរិច្ឆេទថ្មី នោះឡើយ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងជានាយខុទ្ទកាល័យរបស់លោក ស ខេង ដែរនោះ បានចុះហត្ថលេខាលើលិខិតទាំងពីរនេះ ហើយបាននិយាយថា ការលុបចោលនេះធ្វើឡើងភ្លាមៗដោយសារការអត្ថាធិប្បាយពីក្រៅប្រទេសរបស់លោកនាយករដ្ឋមន្ត្រី។

លោកបានមានប្រសាសន៍ថា”ហ្នឹងហើយលិខិតត្រូវផ្ញើមុនពេលសម្តេចមានប្រសាសន៍ ក្រោយមកពូសម្រេចដកវាមកវិញ ហើយផ្ញើទៅមួយទៀតសុំពន្យារពេល”។ លោកបានបន្ថែមថា “យើងសុំពន្យារពេលទៅថ្ងៃក្រោយ គ្មានពេលកំណត់ មិនដឹងថ្ងៃណាទេ ឆ្នាំក្រោយក៏មិនដឹង”។

លោកបានមានប្រសាសន៍បន្ថែមថា “ឥឡូវនេះសភានឹងធ្វើវិសោធនកម្មច្បាប់[បទបញ្ជាផ្ទៃក្នុង] មាត្រា៤៨ស្តីពីមតិភាគតិច និងមតិភាគច្រើន យើងមិនចាំបាច់ទៅជួបចរចាឲ្យទៅខាតពេលធ្វើស្អី”។

ដោយគ្រប់គ្រងអាសនៈសភាភាគច្រើន នោះ គណបក្សប្រជាជនកម្ពុជាមានសំឡេងឆ្នោតគ្រប់គ្រាន់ក្នុងការធ្វើវិសោធនកម្មច្បាប់ដោយខ្លួនឯង។

គណបក្សសង្គ្រោះជាតិបានបញ្ចុះបញ្ចូលគណបក្សប្រជាជនកម្ពុជាឲ្យបង្កើតក្រុមមតិ ភាគតិច និងក្រុមមតិភាគច្រើននៅក្នុងរដ្ឋសភាក្នុងឆ្នាំ២០១៤ដោយសង្ឃឹមថា នឹងបង្កើតបានប្រព័ន្ធពីរគណបក្ស ថ្វីបើគេចាត់ទុកជាប្រព័ន្ធគ្រប់គ្រងពីរបក្សដែលមានជាយូរមកហើយនៅកម្ពុជាក្ដី។

លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា ការផ្លាស់ប្តូរទាំងនោះបង្កើតបានក្របខ័ណ្ឌសម្រាប់ការចរចាផ្លូវការដើម្បីឲ្យគណបក្សទាំងពីរធ្វើការពិភាក្សាគ្នា ប៉ុន្តែ លោកបានបន្ថែមថា ពួកគេបានដោះស្រាយវិវាទកន្លងមកដោយគ្មានវា  ហើយក៏នៅតែអាចធ្វើបានដដែល។

លោកបានថ្លែងថា “ពីមុនយើងគ្មានក្រុមមតិភាគតិច ក្រុមមតិភាគច្រើន តែយើងនៅតែអាចដោះស្រាយបញ្ហាបាន។ យើងសង្ឃឹមថា នឹងមានដំណោះស្រាយជាមួយគ្នា”។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយ និងជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមិនសម្រេចបានអ្វីក្រៅតែពីក្លាយជាគណបក្សប្រឆាំងផ្លូវការ ហើយមិនទទួលបានអំណាចបន្ថែមណាមួយដើម្បីពិនិត្យមើលគណបក្សប្រជាជនកម្ពុជាឡើយ។

លោកបានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាអាចធ្វើអ្វីក៏បានឱ្យតែគេចង់ធ្វើ។ វាជាការគ្រប់គ្រងឯកបក្ស បើទោះជាមានគណបក្សប្រឆាំងក៏ដោយ។ គណបក្សប្រជាជនកម្ពុជាមិនខ្វល់ពីរឿងហ្នឹងឡើយ”។

ហើយបើទោះជាលោក ឆាំ ប៊ុនថេត មើលឃើញអត្ថប្រយោជន៍រយៈពេលវែងបន្តិចសម្រាប់គណបក្សសង្គ្រោះជាតិក្នុងការចរចាជាមួយគណបក្សប្រជាជនកម្ពុជាដោយសម្ងាត់ក៏ដោយ ក៏លោកថ្លែងថា បណ្តាញក្រៅផ្លូវការទាំងនោះ នឹងបន្តបើកហើយបិទៗដូចដែលពួកគេតែងតែធ្វើកន្លងមក។

លោកថ្លែងថា “ការចរចាផ្លូវក្រោយនៅតែបានផល។ ប៉ុន្តែ គណបក្សកាន់អំណាចតែងតែចំណេញរហូត”។

អ្នកទោស៥នាក់រួមមានមន្ត្រី៤រូបបច្ចុប្បន្ននៃសមាគមសិទ្ធិមនុស្សអាដហុក និងអតីតប្រធានជំនួយផ្នែកច្បាប់មួួយរូបដែលឥឡូវនេះជាអគ្គលេខាធិការរង គ.ជ.ប.។ ពួកគាត់ត្រូវបានចាប់ខ្លួនជុំវិញការចោទប្រកាន់ដែលថា ពួកគាត់បានសូកប៉ាន់ស្ត្រីម្នាក់ឲ្យបដិសេធថាមិនមានស្នេហាលួចលាក់ជាមួយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង៕ ស៊ុយឈាង និង សារុន  (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស