38.8 C
Phnom Penh

ការរំលោភ​​​ដែល​​​រាយការណ៍​​​មាន​​​តែ​​​២៣ករណី​​​ ខណៈ​​​បទ​​​ល្មើស​​​កើនឡើង​​​ក្នុង​​​រាជធានី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបានបូកសរុបថាមានករណីរំលោភតែ២៣ករណីប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន បើទោះជាមានការកើនឡើងជារួម២០ភាគរយនៅក្នុងករណីបទល្មើសក៏ដោយ បណ្តាលឱ្យអ្នកជំនាញព្រមានថា ទិន្នន័យដែលបានបង្ហោះនៅក្នុងគេហទំព័រនគរបាលជាតិផ្តល់ទិដ្ឋភាពតែមួយផ្នែកប៉ុណ្ណោះក្នុងចំណោមបទល្មើសដែលកើតឡើងក្នុងរាជធានី។

លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកា ជាអង្គការសិទ្ធិស្ត្រីបានមានប្រសាសន៍ថា “ភាគច្រើននៃតួលេខបទល្មើសត្រូវគេរាយការណ៍ មិនគ្រប់ជ្រុងជ្រោយ ពីព្រោះនគរបាលបារម្ភ តែពីឋានន្តរស័ក្តិរបស់ខ្លួន បើប្រៀបធៀប ទៅនឹងសហសេវិករបស់ខ្លួន”។

WP-LastImage-36-800x533អាជ្ញាធររាជធានីកត់ត្រាថា មានករណីប្រព្រឹត្តបទល្មើស៩៣៣ករណីក្នុងឆ្នាំ២០១៦កើនឡើងលើសឆ្នាំមុនដែលមានតែ៧៦៥ករណី នេះបើតាមទិន្នន័យដែលបានបង្ហោះកាលពីថ្ងៃអង្គារ។

ភាគច្រើននៃការកើនឡើងនេះកើតចេញពីបទល្មើសមជ្ឈិមដែលបានកើនឡើង២៨ភាគរយដល់៧៥១ករណីដោយចាប់ខ្លួនមនុស្សបាន៩១០នាក់។ បទល្មើសបានកើនឡើង១ករណីលើសពីឆ្នាំមុនរហូតដល់១៨២ករណី រួមមានករណីមនុស្សឃាត៣៨ករណី។ អាជ្ញាធរចាប់ខ្លួនបាន៨៧ភាគរយក្នុងចំណោមករណីសរុប ដោយមានការចាប់ខ្លួនជនសង្ស័យបាន១.១៥៤នាក់។

របាយការណ៍ដដែលនេះឱ្យដឹងទៀតថាការប្រព្រឹត្តបទល្មើសបានសម្លាប់មនុស្ស៥៣នាក់ ធ្វើឱ្យមនុស្ស២៣៥នាក់ទៀតរងរបួស ខូចខាតម៉ូតូ៧០គ្រឿង និងរថយន្ត៧គ្រឿង នៅក្នុងអំពើប្លន់។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា ការចេញផ្សាយតួលេខដែលកើនឡើងនេះគ្មានបំណងស្តីបន្ទោសអាជ្ញាធរមូលដ្ឋានឡើយ។

លោកបានលើកឡើងកាលពីម្សិលមិញថា “វាសំដៅជំរុញទឹកចិត្ត លើកទឹកចិត្ត និងអបអរសាទរដល់ពួកគាត់ចំពោះការខិតខំបង្ក្រាបអំពើប្លន់ និងចោរកម្មជាដើម”។

នគរបាលសង្ឃឹមថា ការបង្ក្រាបនៅឆ្នាំនេះទៅលើបទល្មើសថ្នាំញៀនអាចធ្វើឱ្យតួលេខនេះមានការថយចុះ។

សារបង្ហោះក្នុងគេហទំព័រនគរបាលមានខ្លឹមសារថា “ក្នុងឆ្នាំ២០១៧ តួលេខនៃបទល្មើសប្រហែលជាថយចុះ បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្តើមអនុវត្តវិធានការតឹងរ៉ឹងដើម្បីបង្ក្រាបបទល្មើសទាក់ទងគ្រឿងញៀន” ដែលមានចំនួន៩០ភាគរយក្នុងចំណោមករណីទាំងអស់កាលពីឆ្នាំមុន។

ទិន្នន័យនេះមិនបានផ្តល់ការវិភាគស្ថិតិតាមសង្កាត់ឬខណ្ឌឡើយ ហើយមន្ត្រីនគរបាលជាតិមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

ប៉ុន្តែលោកស្រី ធីតាឃឹះ បានមានប្រសាសន៍ថា តួលេខទាបនៃករណីរំលោភនេះបង្ហាញពីការបាត់បង់ទំនុកចិត្តរបស់សាធារណជនទៅលើនគរបាលជាជាងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

លោកស្រីបានថ្លែងថា “នគរបាលនិងប្រព័ន្ធយុត្តិធម៌ពិតជាមិនយកចិត្តទុកដាក់លើស្ត្រីទេ។ ពួកគេមិនមានជំនឿចិត្តច្រើនថា ខ្លួននឹងត្រូវគេសម្លឹងមើលដោយការអាណិតអាសូរនោះទេ”។ លោកស្រីបានបន្ថែមថា ការរាយការណ៍ពីករណីរំលោភ “ជាការក្លាហានបំផុត”។

លោក សន ជ័យ នាយកប្រចាំប្រទេសនៃបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គម ជាអង្គការអភិបាលកិច្ចល្អបានលើកឡើងពីបទឧក្រិដ្ឋគួរឱ្យកត់សម្គាល់បំផុតកាលពីឆ្នាំមុនគឺការបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដានៅស្ថានីយប្រេងឥន្ធនៈមួយ ជាភ័ស្តុតាងនៃការបាត់បង់ទំនុកចិត្តពីសាធារណជនទៅលើអាជ្ញាធរ។

លោកសរសេរក្នុងអីុម៉េលថា “ដរាបណារូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅកន្លែងដែលលោក កែម ឡី ត្រូវបានបាញ់សម្លាប់មិនត្រូវបានបង្ហាញជាសាធារណៈនោះ របាយការណ៍នេះគ្មានន័យទាល់តែសោះ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស