38.8 C
Phnom Penh

ប្រទេស​​​សិង្ហបុរី និង​កម្ពុជានិយាយ​ថា ការ​នាំចេញខ្សាច់​​​​បាន​​ផ្អាក​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីបំផុតការនាំចេញដ៏ចម្រូងចម្រាសនូវខ្សាច់កម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី បានបញ្ឈប់ជាបណ្តោះអាសន្នហើយ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីមកពីប្រទេសទាំងពីរ ស្របពេលមានការរិះគន់ជាយូរមកហើយជុំវិញភាពខុសគ្នានៅក្នុងកំណត់ត្រាដឹកជញ្ជូន និងការប៉ះពាល់ដល់បរិស្ថាន។

យោងតាមការចុះផ្សាយមួយរបស់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី កាលពីម្សិលមិញបានឱ្យដឹងថា មន្ត្រីសិង្ហបុរីមួយរូបបានបញ្ជាក់ថា ប្រទេសនេះបានឈប់នាំចូលខ្សាច់ពីប្រទេសកម្ពុជាហើយ ចំណែកឯអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលរបស់កម្ពុជាបានលើកឡើងថា ការនាំចេញត្រូវបាន “ផ្អាកជាបណ្ដោះអាសន្ន”។

សិង្ហបុរី ជារដ្ឋបុរីដ៏ស្ដុកស្ដម្ភដែលត្រូវការខ្សាច់យ៉ាងខ្លាំងសម្រាប់ប្រើប្រាស់ក្នុងគម្រោងចាក់ដីដើម្បីពង្រីកផ្ទៃដីរបស់ខ្លួនបានបដិសេធថា គ្មានសកម្មភាពមិនសមរម្យនោះទេ ទោះបីជាមានភាពខុសគ្នាខ្លាំងរវាងបរិមាណខ្សាច់យ៉ាងច្រើនដែលចូលទៅដល់កំពង់ផែរបស់ខ្លួនត្រូវបានកត់ត្រា និងតួលេខតិចជាងនេះឆ្ងាយដែលរាយការណ៍ដោយបណ្ដាប្រទេសនាំចេញខ្សាច់ដូចជាកម្ពុជា ជាដើមក្ដី។

cam-photo-sand-bp-WEB-ONLYពាណិជ្ជកម្មខ្សាច់បានធ្លាក់ចូលក្នុងស្ថានភាពរញ៉េរញ៉ៃជាយូរមកហើយដោយសារការរត់ពន្ធទ្រង់ទ្រាយធំ ការបំផ្លិចបំផ្លាញដែនជម្រកឆ្នេរសមុទ្រយ៉ាងរាលដាល និងសូម្បី “ក្រុមម៉ាហ្វីយ៉ាខ្សាច់” ដែលបានគ្រប់គ្រងទីផ្សារងងឹតទៀតផង។

នៅក្នុងប្រទេសកម្ពុជា ការបូមខ្សាច់ដែលភាគច្រើនមាននៅក្នុងខេត្តកោះកុង បានបំផ្លាញឆ្នេរសមុទ្រ និងប្រព័ន្ធអេកូឡូស៊ី ហើយបានក្លាយជាចំណុចផ្ដើមដែលអង្គការបរិស្ថាននានាធ្វើយុទ្ធនាការប្រឆាំងការបន្តនាំចេញ។

កាលពីម្សិលមិញ កាសែត ឌឹ ស្ត្រេតស៍ ថែមស៍ (The Straits Times) បានចុះផ្សាយថា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជាតិរបស់សិង្ហបុរីបានថ្លែងថា ប្រទេសសិង្ហបុរី បានឈប់នាំចូលខ្សាច់ពីប្រទេសកម្ពុជាហើយកាលពីខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងបម្រាមរបស់រដ្ឋាភិបាលកម្ពុជា លើការនាំចេញខ្សាច់ទាំងអស់។

អ្នកនាំពាក្យរូបនេះក៏បានបដិសេធដែរថា នៅក្នុងប្រទេសសិង្ហបុរី គ្មានពាណិជ្ជកម្មខ្សាច់ខុសច្បាប់នោះទេ។ លោកត្រូវបានដកស្រង់សម្ដីដូច្នេះថា “រហូតមកទល់ពេលនេះ សិង្ហបុរី មិនធ្លាប់ជួបប្រទះករណីខ្សាច់រត់ពន្ធ ឬក្រុមហ៊ុនម៉ៅការនាំខ្សាច់ចូលប្រទេសសិង្ហបុរី ដោយប្រើលិខិតអនុញ្ញាតនាំចេញក្លែងក្លាយទេ”។

នៅពេលសុំឱ្យឆ្លើយតបទៅនឹងការចុះផ្សាយខាងលើ លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា បានមានប្រសាសន៍ថា ការបូមខ្សាច់បានបញ្ឈប់កាលពីខែវិច្ឆិកា ដោយសារមេឃភ្លៀងច្រើនពេក។

sand-weight-02-featuredលោកបានបន្តថា “ក្នុងរដូវវស្សា មិនអាចបូមខ្សាច់បានរហូតដល់៦ខែ ព្រោះរាល់ពេលភ្លៀងធ្លាក់ គឺឈប់ហើយ។សម្រាប់ការចាប់ផ្ដើមរដូវថ្មីនេះ យើងបានផ្អាកការនាំចេញជាបណ្ដោះអាសន្ន”  ប៉ុន្តែលោកបដិសេធមិនបញ្ជាក់បន្ថែមទេ។

ប្រព័ន្ធទិន្នន័យស្ថិតិពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិហៅកាត់ ខមត្រេដ បង្ហាញថា ប្រទេសសិង្ហបុរី បាននាំចូលខ្សាច់៧៥លានតោនពីប្រទេសកម្ពុជា ចន្លោះពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៥ ប៉ុន្តែតួលេខរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចរបស់កម្ពុជាបង្ហាញថា ខ្សាច់ដែលនាំចេញពីប្រទេសមានតែ១៤,៣លានតោនប៉ុណ្ណោះ។

ភាពខុសគ្នារហូតដល់ទៅជាង៦០លានតោននៅក្នុងការនាំចេញដែលមិនត្រូវបានរាយការណ៍ និងដែលមានតម្លៃរាប់រយលានដុល្លារ បានក្លាយជាចំណុចផ្ដោតសំខាន់នៃការដេញដោលក្នុងរដ្ឋសភា ការជជែកពិភាក្សារវាងបណ្តាអង្គការមិនមែនរដ្ឋាភិបាល និងក្រសួងរ៉ែ និងថាមពល ព្រមទាំងបម្រាមរបស់រដ្ឋាភិបាលលើការបូមខ្សាច់នៅខេត្តកោះកុង។

លោក អាឡិច ហ្គន់ហ្សាឡេស ដេវីតសុន ប្រធានអង្គការមាតាធម្មជាតិ ជាអង្គការបរិស្ថានមិនមែនរដ្ឋាភិនបាលដែលត្រូវបានបណ្តេញចេញពីកម្ពុជា បានមានប្រសាសន៍ថា ការបូមខ្សាច់នៅខេត្តកោះកុង ទើបតែចាប់ផ្ដើមនៅឆ្នាំ២០០៧ប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូណេស៊ី បានដាក់បម្រាមលើការនាំចេញខ្សាច់សមុទ្រ ហើយប្រទេសសិង្ហបុរី បានសន្យាទិញខ្សាច់ពីកម្ពុជា ក្នុងបរិមាណយ៉ាងច្រើន។

លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ដូច្នេះដោយពេលនេះហាក់មានការផ្អាកការនាំចេញបន្ថែមទៀត យើងសង្ឃឹមថា បរិស្ថាននៅក្នុងមូលដ្ឋាននឹងចាប់ផ្ដើមកកើតឡើងវិញដោយខ្លួនវាបន្តិចម្តងៗ ហើយផលនេសាទត្រីនឹងចាប់ផ្ដើមកើនឡើងវិញ។ ក្ដីបារម្ភធំបំផុតរបស់យើងគឺថា រដ្ឋាភិបាលទាំងពីរនឹងព្យាយាមបន្តនាំចេញខ្សាច់ឡើងវិញ បន្ទាប់ពីរកឃើញផែនការថ្មីដូចជា ការនាំខ្សាច់ទៅប្រទេសសិង្ហបុរី តាមរយៈប្រទេសវៀតណាម ដូចដែលរដ្ឋាភិបាលកម្ពុជា សារភាពថាខ្លួនបានធ្វើកន្លងមក”។

លោកថ្លែងថា រដ្ឋាភិបាលសិង្ហបុរី គួរតែបើកបញ្ជីរបស់ខ្លួន ហើយប្រកាសជាសាធារណៈនូវរាល់ព័ត៌មាន និងឯកសារទាំងអស់ស្ដីពីការដឹកជញ្ជូនខ្សាច់ពីកម្ពុជា។

លោកបានលើកឡើងបន្ថែមថា “បន្ទាប់មក ពួកគេគួរតែប្រកាសឱ្យឮ និងឲ្យបានច្បាស់ថា ពួកគេនឹងមិននាំចូលខ្សាច់កម្ពុជា ដ៏កខ្វក់នេះទៀតទេ។ រដ្ឋាភិបាលទាំងពីរបានរងភាពអាម៉ាស់យ៉ាងខ្លាំងដោយសារបញ្ហានេះ ហើយពេលនេះវាកំពុងរីកធំឡើងៗគួរឱ្យឈឺក្បាល ជាពិសេសសម្រាប់ប្រទេសសិង្ហបុរី ដែលព្យាយាមយ៉ាងខ្លាំងដើម្បីបង្ហាញថា ខ្លួនមានតម្លាភាព និងមានការទទួលខុសត្រូវ”៕ សុខុម (រាយការណ៍បន្ថែមដោយ Michael Dickison)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស