38.8 C
Phnom Penh

ពល​​​រដ្ឋដែលមិនព្រម​​​​​​ចេញពី​​​​​​តំបន់​​​ក្បាល​​​ឆាយ​​​ចាក​​​ចេញ​​​ហើយ​​​ ខណៈការ​​​បណ្តេញ​​​ចេញ​​ចាប់​​​ផ្តើម​​​ជា​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋស្ទើរតែទាំងអស់ក្នុងចំណោមប្រជាពលរដ្ឋជាង១០០គ្រួសារដែលនៅតែរស់នៅលើដីដែលមានវិវាទក្បែរតំបន់ទឹកធ្លាក់ក្បាលឆាយក្នុងក្រុងព្រះសីហនុនោះ ទីបំផុតត្រូវបានបណ្តេញចេញពីកន្លែងនេះកាលពីព្រឹកម្សិលមិញ ដោយកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលដែលបានបន្តរុះរើផ្ទះជាច្រើនខ្នងដែលពួកគាត់បានរស់នៅ។

យោងតាមបុគ្គលិកសិទ្ធិមនុស្សក្នុងមូលដ្ឋានម្នាក់បានឲ្យដឹងថា ការបណ្តេញចេញដោយបង្ខំនេះបានកើតឡើងក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រជាពលរដ្ឋ១០០គ្រួសារដែលរស់នៅលើដីនោះបានយល់ព្រមទៅរស់នៅលើដីថ្មីទំហំ៥ម៉ែត្រគុណនឹង២០មែ៉ត្រនៅក្បែររោងចក្រកាត់ដេរមួយក្រៅក្រុងព្រះសីហនុ។

ប៉ុន្តែ បើទោះជាមានការព្រមព្រៀង និងយុទ្ធនាការបន្តដើម្បីបណ្តេញប្រជាពលរដ្ឋចេញពីកន្លែងនោះក៏ដោយ ក៏ពួកគាត់មួយចំនួននិយាយថា ពួកគាត់គ្មានការភ្ញាក់ផ្អើលឡើយ។

លោក សំ ឌី អាយុ៤៦ឆ្នាំដែលមានផ្ទះមួយខ្នង និងចម្ការខ្នុរនៅលើដីដែលមានវិវាទនេះបាននិយាយថា “ពួកគេមិនដែលប្រាប់យើងមុនថា ‘អ្នកទៅកាន់ដីថ្មីហើយចាប់ផ្តើមសង់ផ្ទះដោយខ្លួនឯងនៅទីនោះទៅ’ ឡើយ។ ពួកគេគ្រាន់តែមកហើយនិយាយថា ‘រុះរើដោយខ្លួនឯងទៅ អ្នកមានដីនៅទីនោះហើយ'”។

ការបណ្តេញចេញនេះជាផ្នែកមួយនៃវិវាទដីធ្លីដែលបន្តកើតមានជាមួយពលរដ្ឋប្រហែល៣.០០០គ្រួសារដែលរស់នៅលើដីរដ្ឋចម្ងាយប្រហែល១៥គីឡូម៉ែត្រពីតំបន់ឆ្នេរ។ ភាគច្រើននៃប្រជាពលរដ្ឋដែលរស់នៅទីនោះគឺជាកម្មករក្រីក្រដែលបានទិញដីមួយក្បាលតូចៗនៅទីនោះដោយមិនមានប័ណ្ណកម្មសិទ្ធិដែលត្រូវបានអូសទាញពីសំណាក់ជនឱកាសនិយម និងអ្នករកស៊ីខាងអចលនទ្រព្យថាមានតម្លៃថោក។ រដ្ឋាភិបាលបានចាប់ផ្តើមបណ្តេញពួកគាត់ចេញពីតំបន់នោះកាល ពីខែវិច្ឆិកា។

លោក យន្ត មីន អភិបាលខេត្តបានសន្យាផ្តល់ដីថ្មីដល់ប្រជាពលរដ្ឋដែលរស់នៅលើដីដែលមានវិវាទនេះ ប៉ុន្តែ ពួកគាត់ភាគច្រើន បានបដិសេធមិនព្រមទៅ ដោយនិយាយថា ដីនោះមានទំហំតូចណាស់ដែលពួកគាត់មិនអាចប្រកបរបរចិញ្ចឹមជីវិតបានឡើយ។

លោក ប៊ុន ណារិទ្ធ នៃអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានតាមដានការបណ្តេញចេញបានមានប្រសាសន៍ថា ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ខែមករា ប្រជាពលរដ្ឋប្រហែល១០០គ្រួសារដែលមិនព្រមចាកចេញនោះ ទីបំផុតបានយល់ព្រមទទួលយកសំណើរបស់លោក យន្ត មីន ឱ្យចាប់ឆ្នោតដើម្បីសម្រេចថា តើពួកគាត់នឹងទទួលបានក្បាលដីមួយណា។ លោកបានថ្លែងថា “ពួកគេនិយាយថា ពួកគាត់នឹងចាប់ឆ្នោតដើម្បីទទួលយកដីពីរដ្ឋ”។

លោក ទុយ វណ្ណី ដែលមានដីនៅតំបន់ក្បាលឆាយបាននិយាយថា គាត់បានទៅកាន់កន្លែងនោះកាលពីព្រឹកម្សិលមិញ ហើយមានការភ្ញាក់ផ្អើលដោយឃើញនគរបាល និងកងរាជអាវុធហត្ថយ៉ាងច្រើន។

លោកបាននិយាយថា “ពួកគេបានបណ្តេញ ប្រជាពលរដ្ឋស្ទើរតែទាំងអស់។ ខ្ញុំមិនមានភាពក្លាហានគ្រប់គ្រាន់ដើម្បីចូលទៅជិតទេ”។

លោក អភិបាលខេត្ត យន្ត មីន មិនអាចទាក់ទងបានទេ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស