42.2 C
Phnom Penh

បក្ស​ប្រឆាំង​​ច្រាន​ចោល​រឿង​អាស្រូវ​​ដែល​បែក​ធ្លាយ​​ជា​បន្តបន្ទាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រសិនបើពិតដូចពាក្យចចាមអារ៉ាមមែន លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សប្រឆាំងប្រាកដជាដឹងហើយថា លោកធ្លាក់ចូលក្នុងស្ថានភាពបែបណា។ បុរសម្នាក់នៅក្នុងខ្សែអាត់សំឡេងដែលគេបង្ហោះលើទំព័រហ្វេសប៊ុកអនាមិកមួយកាលពីថ្ងៃអង្គារ និងដែលគេអះអាងថាជាលោក ហូរ វ៉ាន់ បាននិយាយថា “បើថាយើងដេកជាមួយគ្នាក៏ដោយ ប៉ុន្តែពាក្យមួយគេថាកុំឱ្យកោង តែកោងទៅ ឃើញរូបភាពហើយ [បែកធ្លាយ] យើងត្រូវប្រយ័ត្នអាហ្នឹង ខ្ញុំខ្លាចអាហ្នឹង”។

វាជារឿងអាស្រូវចុងក្រោយក្នុងចំណោមរឿងអាស្រូវជាច្រើនដែលជនអនាមិកបានបង្ហោះតាមអុីនធឺណិតក្នុងរយៈពេលមួយសប្ដាហ៍មកនេះប្រឆាំងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហើយពាក្យចចាមអារ៉ាមភាគច្រើនគឺទាក់ទិនរឿងអាស្រូវផ្លូវភេទ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតឱកាសអំឡុងសម័យប្រជុំសភាកាលពីថ្ងៃអង្គារ ដើម្បីលើកឡើងនូវពាក្យចចាមអារ៉ាមថា លោក យ៉ែម បុញ្ញឫទ្ធិ បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរដ្ឋសភាដោយសារការមានស្នេហាលួចលាក់ជាមួយលេខាម្នាក់ ស្របពេលរូបថតលោក អេង ឆៃអ៊ាង ត្រូវបានចុះផ្សាយព្រោងព្រាតបង្ហាញពីសកម្មភាពលោកលែងល្បែងស៊ីសង ដែលលោកអះអាងថាបានបោះបង់ទម្លាប់អាក្រក់នេះចោលទៅហើយ។

CNRP lawmakers, from left, Ho Vann, Eng Chhay Eang and Yem Ponhearith.
(ពីឆ្វេង) តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង និង លោក យ៉ែម បុញ្ញឫទ្ធិ

ដូចរឿងអាស្រូវផ្សេងៗទៀតដែរ  ពាក្យចចាមអារ៉ាមនេះបានលេចឮ និងចុះផ្សាយភ្លាមៗដោយគេហទំព័រព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាល ហើយត្រូវបានគណបក្សកាន់អំណាចចាប់អារម្មណ៍យកធ្វើជាភ័ស្តុតាងដាក់បន្ទុកលើការប្រព្រឹត្តមិនត្រឹមត្រូវរបស់គូបដិបក្ខខ្លួន ដោយអគ្គលេខាធិការនៃរដ្ឋសភាបានសន្យាបើកការស៊ើបអង្កេតលើរឿងអាស្រូវស្នេហាលួចលាក់របស់លោក យ៉ែម បុញ្ញឫទ្ធិ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្របានមានប្រសាសន៍ថា “វាគួរឱ្យអាម៉ាស់ណាស់ បើ [ការបែកធ្លាយ] ជាការពិតមែន អគ្គលេខាធិការដ្ឋាននៃរដ្ឋសភានឹងចាត់វិធានការផ្លូវច្បាប់លើតំណាងរាស្ត្រទាំងនោះ” ប៉ុន្តែលោកមិនបានបញ្ជាក់ថា វាជាវិធានការអ្វីនោះទេ។

ប៉ុន្តែប្រសិនបើគណបក្សកាន់អំណាចមានបំណងធ្វើឱ្យគណបក្សប្រឆាំងរងភាពអាម៉ាស់ ក្រុមអ្នកវិភាគមិនប្រាកដថាការអាម៉ាស់នេះនឹងផ្ដល់ផលចំណេញដល់គណបក្សប្រជាជនកម្ពុជារយៈពេលយូរឡើយ។

លោក អ៊ា សុផល អ្នកនិពន្ធសៀវភៅមានចំណងជើងថា  ”ការពឹងផ្អែកលើជំនួយនៅកម្ពុជា៖ របៀបដែលជំនួយបរទេសធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ” (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) បានមានប្រសាសន៍ថា “វាដូចជាមានរឿងសំខាន់ៗជាងនេះច្រើនដែលត្រូវធ្វើជាជាងទៅស៊ើបអង្កេតរឿងអាស្រូវផ្លូវភេទរវាងមនុស្សពេញវ័យគ្រប់អាយុរៀបការ។ បើក្រឡេកមើលទៅ វាគ្រាន់តែជាការអស់សង្ឃឹម ហើយនឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែលែងជឿ”។

ទំព័រហ្វេសប៊ុកឈ្មោះ “សីហា” ដែលបានក្លាយជាវេទិកាសម្រាប់ការទម្លាយរឿងអាស្រូវមួយចំនួនបានអះអាងថា លោក ហូរ វ៉ាន់ បានសន្យាឱ្យលុយនារីវ័យក្មេងម្នាក់ និងជួយស្វែងរកការងារឱ្យនាងធ្វើនៅរោងចក្រកាត់ដេរជាថ្នូរនឹងការរួមភេទ។

នៅក្នុងខ្សែអាត់សំឡេង បុរសដែលគេអះអាងថាជាលោក ហូរ វ៉ាន់ និយាយថា គាត់មានស្រីស្នេហ៍ជាច្រើន ប៉ុន្តែគាត់បារម្ភខ្លាចស្នេហាលួចលាក់ជាមួយពួកគេត្រូវបែកធ្លាយជាសាធារណៈ។ នារីម្នាក់នោះបានឆ្លងឆ្លើយថា “ចាស ប៉ា ខ្លាចគេមានរូបភាពអាក្រក់ អាឡូវវាមានហ្វេសប៊ុកទៀត”។

ទោះជាយ៉ាងណា នៅពេលទាក់ទងបានកាលពីម្សិលមិញ លោក ហូរ វ៉ាន់ បានមានប្រសាសន៍ថា លោក “មិនបារម្ភចំពោះរឿងនេះទេ” ហើយ “ចង់ឱ្យសាធារណជនធ្វើការពិចារណាដោយខ្លួនឯង”។

លោកបានលើកឡើងថា “វាជារដូវកាលប្រកួតប្រជែងការបោះឆ្នោត ដូច្នេះអ្វីក៏អាចកើតឡើងដែរ”។ ទោះជាយ៉ាងណា លោកមិនបានអះអាងទេ ហើយក៏មិនបានបដិសេធថាបុរសនៅក្នុងខ្សែអាត់សំឡេងនោះជារូបលោកដែរ ហើយលោកបញ្ជាក់ថា លោកគ្មានគម្រោងដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌទេ។

ខ្សែអាត់សំឡេងដែលគេអះអាងថាជាសំឡេងរបស់លោក ហូរ វ៉ាន់ នេះកើតមានឡើងក្រោយមានករណីស្រដៀងគ្នាកាលពីឆ្នាំមុន ដែលនៅពេលនោះទំព័រហ្វេសប៊ុកអនាមិកមួយទៀតបានបង្ហោះខ្សែអាត់សំឡេងសន្ទនារវាងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងនារីជាងធ្វើសក់ម្នាក់ដែលមានវ័យក្មេងជាងលោកឆ្ងាយ។ ខ្សែអាត់សំឡេងនោះបាននាំឱ្យមានក្ដីក្ដាំតាមផ្លូវតុលាការដែលបានធ្វើឱ្យលោក កឹម សុខា ត្រូវសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សជាច្រើនខែកាលពីឆ្នាំមុន និងការឃុំខ្លួនមនុស្សប្រាំមួយរូបទៀតដែលជាប់ចោទពីបទសូកប៉ាន់នារីរូបនេះដើម្បីឱ្យនាងឆ្លើយបដិសេធស្នេហាលួចលាក់របស់ខ្លួន។

ទោះជាយ៉ាងណា គ្មានការស៊ើបអង្កេតផ្លូវការទេជុំវិញថាតើខ្សែអាត់សំឡេងទាំងនោះទទួលបានតាមវិធីណា ហើយគណបក្សសង្គ្រោះជាតិបានប្រើគោលការណ៍មិនឆ្លើយតបទៅនឹងការវាយប្រហាររឿងផ្ទាល់ខ្លួន។

ការទម្លាយព័ត៌មានដោយជនអនាមិកក៏បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជារងផលប៉ះពាល់ខ្លាំងណាស់ដែរ ក្នុងនោះរួមមានឆាតសន្ទនាជាបន្តបន្ទាប់បង្ហោះតាមហ្វេសប៊ុកកាលពីខែវិច្ឆិកា ដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងក្នុងចំណោមអ្នកផ្សេងទៀតអះអាងថា វាបង្ហាញពីលោក ហ៊ុន សែន ផ្ដល់លុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា តារាហ្វេសប៊ុកដែលពូកែខាងវោហារសាស្ត្រដើម្បីឱ្យនាងធ្វើយុទ្ធនាការប្រឆាំងលោក កឹម សុខា។

ដោយមិនដូចការគំរាមស៊ើបអង្កេតប្រឆាំងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សារទាំងនោះបាននាំឱ្យមានពាក្យបណ្ដឹងបរិហារកេរ្តិ៍ប្រឆាំងលោក សម រង្ស៊ី ខណៈមន្ត្រីនិយាយថា ពួកគេមិនចាប់អារម្មណ៍លើការស៊ើបអង្កេតពីភាពត្រឹមត្រូវនៃការអះអាងទាំងនោះឡើយ។ នៅសប្ដាហ៍នេះលោក ហ៊ុន សែន បានគំរាមរឹបអូស និងលក់ឡាយឡុងទ្រព្យសម្បត្តិនៅក្នុងស្រុករបស់ប្រធានគណបក្សប្រឆាំងដែលនិរទេសខ្លួន ក្នុងនោះរួមមានទាំងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញផងដែរ ប្រសិនបើតុលាការសម្រេចឱ្យលោកឈ្នះក្ដី និងផ្ដល់សំណងជំងឺចិត្ត១លានដុល្លារតាមការទាមទាររបស់លោក។

សូមរំឭកថា លោកនាយករដ្ឋមន្ត្រីខ្លួនឯងក៏ធ្លាប់រងការចោទប្រកាន់រឿងផិតក្បត់ដែរ។ តារាភាពយន្តអ្នកស្រី ពិសិដ្ឋ ពិលិកា ដែលត្រូវបានខ្មាន់កាំភ្លើងសម្លាប់ទាំងកណ្ដាលថ្ងៃចែសនៅក្នុងសំណុំរឿងមួយដែលមិនទាន់មានការដោះស្រាយតាំងពីឆ្នាំ១៩៩៩មកនោះ បានបន្សល់ទុកសៀវភៅកំណត់ហេតុមួយក្បាលដែលរៀបរាប់លម្អិតពីស្នេហាលួចលាក់របស់ខ្លួនជាមួយលោកនាយករដ្ឋមន្ត្រី និងការភ័យខ្លាចចំពោះជំទាវធំ ប៊ុន រ៉ានី។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីម្សិលមិញបាននិយាយការពារការឆ្លើយតបខុសៗគ្នារបស់អាជ្ញាធរដោយលើកឡើងថា រឿងឯកជនរបស់លោក ហ៊ុន សែន សមនឹងទទួលបានការការពារបន្ថែម មិនមែនការចោទសួរទេ ដោយសារតួនាទីរបស់លោកជាប្រមុខរដ្ឋ។

លោកបានអះអាងថា “យើងមិនតាមដានរឿងផ្ទាល់ខ្លួនទេ”។ លោកបានបន្ថែមថា តំណាងរាស្ត្រត្រូវបានស្វាគមន៍ក្នុងការដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ។

ដោយរឿងផ្ទាល់ខ្លួនជ្រួតជ្រាបកាន់តែច្រើនឡើងៗដល់សាធារណជននោះ ការបែកធ្លាយទាំងនេះក៏ធ្វើឲ្យកើតមានជាការចោទសួរអំពីភាពឯកជននៃការប្រាស្រ័យទាក់ទងគ្នាតាមអីុនធឺណិត និងតាមទូរស័ព្ទនៅកម្ពុជាផងដែរ។

កាលពីឆ្នាំមុនលោក ហ៊ុន សែន បានអួតអាងថា មានព័ត៌មានយ៉ាងច្រើនស្តីពីស្រីកំណាន់របស់លោក  កឹម សុខា ដែលមានផ្ទុកនៅក្នុងទូរស័ព្ទផ្ទាល់ខ្លួនរបស់លោក។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងអំឡុងពេលនោះថា “នាយករដ្ឋមន្ត្រីមានសិទ្ធិស្វែងយល់អំពីបញ្ហានោះ លោកមានសិទ្ធិដឹងអំពីបញ្ហានោះ”។

ច្បាប់ទូរគមនាគមន៍ថ្មីដែលត្រូវបានអនុម័តកាលពីខែធ្នូឆ្នាំ២០១៥ ផ្តល់សិទ្ធិអំណាចដ៏ទូលំទូលាយដល់រដ្ឋាភិបាលក្នុងការទទួលបានទិន្នន័យ និងការប្រាស្រ័យទាក់ទងគ្នា ដោយធ្វើឲ្យវាក្លាយជារឿងខុសច្បាប់ បើលួចស្តាប់ ឬថតការប្រាស្រ័យទាក់ទងគ្នានេះ លើកលែងតែ”ទទួលបានការអនុញ្ញាតពីអាជ្ញាធរដែលមានសិទ្ធិអំណាច”។ រដ្ឋាភិបាលបានលើកឡើងកាលពីឆ្នាំ២០១៤ថា ខ្លួនមានគម្រោងដំឡើងឧបករណ៍ឈ្លបយកការណ៍តាមបណ្តាញរបស់ក្រុមហ៊ុនទូរគមនាគមន៍នានា ដោយធ្វើឲ្យអង្គការសិទ្ធិមនុស្សព្រមានពីការធ្វើចារកម្មដ៏រាលដាលពីសំណាក់ រដ្ឋាភិបាល។

អ្នកផ្តល់ប្រឹក្សាផ្នែកច្បាប់នៅអង្គការសិទ្ធិមនុស្សលីកាដូម្នាក់ឈ្មោះ ក្រេក ប្រែ៊ដ-ស (Craig Bradshaw )បានលើកឡើងកាលពីឆ្នាំមុនថា “គ្មាននិយមន័យបញ្ជាក់ពីថា តើនរណាជាអាជ្ញាធរមានសិទ្ធិអំណាច ឬថា តើពួកគេមានសមត្ថកិច្ចយ៉ាងដូចម្តេចក្នុងការផ្តល់ការអនុញ្ញាតឲ្យមានការឈ្លបយកការណ៍នោះឡើយ”។ លោកបានបន្ថែមថា គ្មាន “តម្លាភាព គណនីភាព ឬការការពារភាពឯកជនរបស់ពលរដ្ឋទាំងស្រុង”។

លោក ដានីញ៉ែល ម៉ាកហ្វាឡេន (Daniel McFarlane) អ្នកសិក្សាស្រាវជ្រាវមួយរូបដែលសិក្សាអំពីប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានលើកឡើងថា ស្មាតហ្វូនងាយហ៊ែកចូលណាស់ និងផ្តល់ព័ត៌មានស្តីអំពីអ្នកប្រើប្រាស់វាច្រើនជាងឧបករណ៍ទំនាក់ទំនងមុនៗ។

លោកបានសរសេរនៅក្នុងអីុម៉េលមួយថា “ការប្រើប្រាស់ស្មាតហ្វូនធ្វើឲ្យបុគ្គលសាធារណៈដូចជាតំណាងរាស្ត្រជាដើមងាយរងគ្រោះចំពោះការឈ្លបយកការណ៍តាមរយៈការហែ៊កចូលទូរស័ព្ទ”។

សាធារណជនមានប្រតិកម្មចំពោះអ្វីៗដែលត្រូវបានបញ្ចេញឲ្យដឹងតាមវីធីផ្សេងៗគ្នា ដោយអ្នកលេងហ្វេសប៊ុកបានចែករំលែកខ្សែអាត់សំឡេងថ្មីៗបំផុតអមដោយមតិប្រឆាំងរដ្ឋាភិបាល។

លោក មាស នី អ្នកវិភាគនយោបាយបានលើកឡើងថា “រឿងអាស្រូវផ្លូវភេទនេះត្រូវបានប្រើប្រាស់ម្តងហើយម្តងទៀត”។ លោកបានបន្ថែមថា “ខ្ញុំគិតថា រឿងអាស្រូវបែបនេះមិនស្ថិតនៅក្នុងចិត្តរបស់អ្នកបោះឆ្នោតទេ។ ខ្ញុំមានអារម្មណ៍ថា រដ្ឋាភិបាលរបស់ខ្ញុំបានបាត់បង់តម្លៃរបស់ខ្លួន”៕ សុខុម និងស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស