យុទ្ធនាការបំភ្លៃរឿងអាស្រូវផ្លូវភេទប្រឆាំងតំណាងរាស្ត្រគណបក្សប្រឆាំងបានឈានដល់មេដំបូលនៃគណបក្សសង្គ្រោះជាតិហើយកាលពីម្សិលមិញ ដោយគេហទំព័រ Fresh News បានបង្ហោះខ្សែអាត់មួយដែលគេចោទថាជាសំឡេងរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង “ល្បួងលួងលោម” នារីរត់តុម្នាក់អំឡុងពេលសន្ទនាគ្នាតាមទូរស័ព្ទ។
ដោយសង្ខេបការចុះផ្សាយរបស់ខ្លួននូវរឿងអាស្រូវទាំងនេះដែលផ្អែកលើខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទដែលជនអនាមិកបានបង្ហោះតាមហ្វេសប៊ុក គេហទំព័រនេះបានសរសេរអមខ្សែអាត់សំឡេងចុងក្រោយនេះជាភាសាអង់គ្លេស “2017 is the year that CNRP’s heads have faced many mistresses” (ឆ្នាំ២០១៧ ជាឆ្នាំដែលមេៗគណបក្សសង្គ្រោះជាតិប្រឈមរឿងអាស្រូវស្រីកំណាន់ជាច្រើន”។
ប្រសិនបើគេជឿថាវាពិតដូចការចុះផ្សាយរបស់គេហទំព័រ Fresh News មែន នោះបានសេចក្ដីថា តំណាងរាស្ត្រគណបក្សប្រឆាំងកំពុងមានសេ្នហាលួចលាក់ជាមួយកម្មការិនីរោងចក្រកាត់ដេរ នារីជាងធ្វើសក់ នារីរត់តុ និងថែមទាំងជាមួយគ្នាឯងទៀតផង។ គណបក្សប្រជាជនកម្ពុជាបានអះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធការបែកធ្លាយរឿងអាស្រូវទាំងនេះ ខណៈខ្លួនបានប្រើប្រាស់វាយ៉ាងសប្បាយដើម្បីវាយប្រហារគូប្រឆាំងរបស់ខ្លួន។
រឿងអាស្រូវចុងក្រោយដែលគេហទំព័រ Fresh News បានទម្លាយមានចំណងជើងថា “វគ្គពិសេស៖ រឿងអាស្រូវលោក សម រង្ស៊ី ទាក់ទងជាមួយនារីបម្រើការក្នុងភោជនីយដ្ឋានួយ ត្រូវបានហ្វេសប៊ុកទម្លាយនៅព្រឹកនេះ” អមជាមួយវីដេអូខ្សែអាត់សំឡេងដែលមានរូបប្រធានគណបក្សប្រឆាំងរូបនេះជាមួយសំណេរដែលមានខ្លឹមសារថា “ផ្ទុះរឿងអាស្រូវដល់មេដំបូលបក្សសង្គ្រោះជាតិ”។
ខណៈបុរសនៅក្នុងខ្សែអាត់មានសំឡេងស្រដៀងលោក សម រង្ស៊ី ការសន្ទនាបែបលែបខាយនេះមិនបាននិយាយអំពីរឿងផ្លូវភេទដោយបើកចំហទេ តែផ្ទុយទៅវិញវាគ្រាន់តែផ្ដោតលើការបរិភោគអាហារ ការងូតទឹក និងការគេងរបស់ម្នាក់នោះ ព្រមទាំងពេលដែលពួកគេត្រូវជួបគ្នាម្តងទៀតប៉ុណ្ណោះ។
បុរសនៅក្នុងខ្សែអាត់និយាយទៅកាន់នារីរូបនោះដែលសើចក្អឹកៗថា “ពេលមកដល់ផ្ទះ មុជទឹកសិនហ្អេស? ញ៉ាំម្ដងទៀតទៅ ទៅមើលមើល មានបាយកក មានអីនៅផ្ទះបាយហ្អ។ អញ្ចឹងហើយឱ្យមានរាង ឱ្យរាងនៅល្អ។ ហើយថ្ងៃនេះថ្ងៃព្រហស្បតិ៍ ស្អែកថ្ងៃសុក្រ ថ្ងៃសៅរ៍។ ថ្ងៃសៅរ៍ចាំជួបគ្នា”។
ដូចការបែកធ្លាយរឿងអាស្រូវទាំងអស់ផ្សេងទៀតដែរ គឺគេមិនដឹងច្បាស់ថា ខ្សែអាត់សំឡេងនេះទទួលបានដោយវិធីណាឡើយ។ ថ្វីបើភាគច្រើនវាជាការសន្ទនាគ្នាធម្មតាក្ដី ក៏អត្ថបទចុះផ្សាយរបស់គេហទំព័រ Fresh News បានដកស្រង់សារមួយបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ “សី ហា” ដែលនិយាយថា វាជាភ័ស្តុតាងបញ្ជាក់ថា លោក សម រង្ស៊ី ជាមនុស្សល្មោភកាមតណ្ហាហួសហេតុ និងមានចរិតថោកទាប។
សារនោះមានខ្លឹមសារដូច្នេះថា “អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់គ្នាសូមស្ដាប់ និងពិចារណា នេះជាការពិតមួយដែលខ្ញុំសូមទម្លាយឱ្យបងប្អូនបានដឹងនូវចរិតល្មោភកាមតណ្ហារបស់លោក សម រង្ស៊ី ដែលបងប្អូនក៏ដូចជាខ្ញុំ និងគ្រួសារខ្ញុំតែងតែលើកតម្កើងគាត់ថា លោកប្រធានៗនោះ! ការពិតគាត់ថោកទាបជាទីបំផុត!”។
ទោះជាយ៉ាងណា លោក សម រង្ស៊ី មិនឆ្លើយតបទេនៅពេលសាកសួរទាក់ទិនខ្សែអាត់សំឡេងនេះ។
លោក លឹម ជាវុត្ថា ដែលជាស្ថាបនិកបង្កើត Fresh News កាលពីឆ្នាំ២០១៤ និងដែលនិយាយថា កម្មវិធីស្មាតហ្វូនរបស់គេហទំព័រនេះត្រូវបានគេទាញយករហូតដល់ទៅ៨៥០.០០០ដងនោះ បានអះអាងកាលពីម្សិលមិញថា គេហទំព័រនេះមិនមែនជាឧបករណ៍នយោបាយទេ ប៉ុន្តែវាគ្រាន់តែចុះផ្សាយរឿងដែលធ្វើឱ្យអ្នកអានភ្ញាក់ផ្អើល។
លោកបានលើកឡើងអំពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានទំនាក់ទំនងផ្លូវភេទជាមួយកម្មសិក្សាការីម្នាក់ថា “វាគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកអាន មេដឹកនាំកំពូលៗក្នុងពិភពលោក នៅពេលពួកគាត់មានអាស្រូវ នោះជាដំណឹងធំ ដូចលោក ប៊ីល គ្លីនតុន និងនាង ម៉ូនីកា លេវិនស្គី ជាដើម “។
លោកបន្តថា “សម្រាប់ខ្ញុំ ខ្ញុំយល់ថា វាជាដំណឹងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកអាន អញ្ចឹងហើយខ្ញុំក៏ចាប់អារម្មណ៍ក្នុងការចុះផ្សាយវា។អ្វីដែលខ្ញុំចុះផ្សាយ គឺខ្ញុំយកចេញពីគណនីហ្វេសប៊ុកឈ្មោះ សី ហា។ ខ្ញុំកូពី១០០ភាគរយ”។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ គេហទំព័រ Fresh News បានក្លាយជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលចិត្តប្រើសម្រាប់ការផ្ដល់សម្ភាសន៍ផ្ដាច់លើបញ្ហាក្ដៅៗប្រចាំថ្ងៃ។
ពេលសួរថាហេតុអ្វីបានជាគេហទំព័រនេះមិនចុះផ្សាយរឿងអាស្រូវពាក់ព័ន្ធនាយករដ្ឋមន្ត្រីដូចជាការសន្ទនាគ្នាតាមបណ្ដាញទំនាក់ទំនងសង្គម ដែលក្នុងនោះលោក ហ៊ុន សែន បានផ្ដល់លុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា តារាហ្វេសប៊ុកដើម្បីឱ្យនាងវាយប្រហារគណបក្សសង្គ្រោះជាតិនោះ លោក លឹម ជាវុត្ថា បានឆ្លើយថា លោកមិនអាចបញ្ជាក់បានទេពីភាពត្រឹមត្រូវនៃការសន្ទនានោះ។
លោកលើកឡើងថា “ពេលខ្ញុំសម្ភាសទៅមន្ត្រីរដ្ឋាភិបាល គាត់បដិសេធ អញ្ចឹងហើយបានជាខ្ញុំអត់ចុះផ្សាយ”។
ពេលសួរថា ហេតុអ្វីបានជាលោកធ្វើដាក់ខុសគ្នាស្រឡះរវាងការចោទប្រកាន់មកលើនាយករដ្ឋមន្ត្រី និងការចោទប្រកាន់មកលើប្រធានគណបក្សប្រឆាំង លោកឆ្លើយថា “អាហ្នឹងជាសិទ្ធិរបស់ខាងខ្ញុំ។ ព័ត៌មានខាងខ្ញុំ ខ្ញុំមិនដែលចុះផ្សាយតែម្ខាងទេ តែខ្ញុំអាចនិយាយបានថា ពេលខ្លះ ពេលខ្ញុំទាក់ទងទៅខាងគណបក្សសង្គ្រោះជាតិ គឺពិបាកទាក់ទងណាស់”។
លោកគូសបញ្ជាក់ថា លោកមិនដឹងទេថា អ្នកណាជាអ្នកដំណើរការទំព័រហ្វេសប៊ុកឈ្មោះ “សី ហា” ជាវេទិកាទម្លាយរឿងអាស្រូវជាច្រើនកាលពីពេលថ្មីៗនេះ ឬទំព័រហ្វេសប៊ុកមួយមានឈ្មោះថា “រឿងពិត CNRP” ដែលបានទម្លាយការសន្ទនាស្រដៀងគ្នាអមដោយសាររិះគន់។ លោកមានប្រសាសន៍ថា “ជាការពិត ពេលដែលផូស (Post) យើងឃើញ យើងចុច Like និងមានហ្វ្រេន (friend) ជាមួយគ្នា”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានលើកឡើងថា តំណាងរាស្ត្រគណបក្សប្រឆាំងមានពិរុទ្ធភាពចំពោះទង្វើផ្សេងៗដែលពួកគាត់រងការចោទប្រកាន់ បើមិនអ៊ីចឹងទេ ពួកគាត់ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ដែលអាចទទួលបានលទ្ធផលផ្សេងគ្នានៅក្នុងតុលាការបាត់ទៅហើយ។
លោកបានបន្តថា “គាត់គួរតែប្ដឹងឱ្យគេរកយុត្តិធម៌ជូនគាត់ អាហ្នឹងកុំឲ្យស្រែកថា គេបង្កាច់បង្ខូចគាត់។ អាហ្នឹងវាពិត មិនពិតមិនអី ត្រូវហ៊ានប្រឈម”។
ពេលសួរថាហេតុអ្វីបានជាមានការទម្លាយរឿងអាស្រូវជាច្រើនក្នុងពេលតែមួយដែលគណបក្សប្រជាជនកម្ពុជា កំពុងបង្កើនកម្ដៅលើគណបក្សប្រឆាំង គំរាមច្បាប់ថ្មីមួយ កំពុងគំរាមបង្កើតច្បាប់មួយដែលអាចនឹងរម្លាយគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនានោះ លោក សុខ ឥសាន បានឆ្លើយថា វាជាពេលគាប់ជួន។ លោកមានប្រសាសន៍ថា “ដូចខ្យល់ព្យុះ វាមានដឹងពេលវេលាឯណា? ឱ្យតែមានប្រឡោះមកភ្លែត”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយទេទាក់ទិនខ្សែអាត់សំឡេងចុងក្រោយនេះ ហើយក៏មិនបានបញ្ចេញទស្សនៈយល់ឃើញចំពោះព័ត៌មានបែកធ្លាយដែលគេហទំព័រ Fresh News បានចុះផ្សាយនោះដែរ។
លោកបានគូសបញ្ជាក់ថា “យើងមានរឿងជាច្រើនដែលត្រូវដោះស្រាយ ដូចជាភាពក្រីក្រ អំពើពុករលួយ ការបំផ្លិចបំផ្លាញធនធានធម្មជាតិជាដើម នេះជាអ្វីដែលយើងគួរផ្ដោតយកចិត្តទុកដាក់”៕ សុខុម (រាយការណ៍បន្ថែមដោយ គឹម ចាន់)