32.5 C
Phnom Penh

ជន​​​ជួញដូរ​​​ស្ត្រី​​​ទៅ​​​បម្រើ​​​ផ្លូវ​​​ភេទ​នៅ​ជប៉ុន​​​​​​​ ជា​​មេការ​បារ​​​នៅ​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកគ្រប់គ្រងបារជនជាតិជប៉ុនម្នាក់ និងជនជាតិខ្មែរពីរនាក់បានប្រឈមការចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញពីបទល្បួងស្ត្រីខ្មែរមួយក្រុមឱ្យបម្រើផ្លូវភេទដោយបង្ខំនៅក្នុងប្រទេសជប៉ុន។

ស៊ូស៊ូមុ ហ្វូ៊គូអុិ (Susumu Fukui) អាយុ៥២ឆ្នាំ អ្នកគ្រប់គ្រងបារ Cosplay Cafe & Bar ក្នុងរាជធានីភ្នំពេញ លឹម លក្ខិណា អាយុ២៨ឆ្នាំ ជាប្រពន្ធរបស់បុរសរូបនេះ និង សេង ចាន់ឌី អាយុ៣៤ឆ្នាំជាបុគ្គលិកនៅបារនេះត្រូវបានចោទប្រកាន់នៅសាលាដំបូងរាជធានីភ្នំពេញពីបទជ្រើសរើសបុគ្គលិកឱ្យបម្រើអាជីវកម្មផ្លូវភេទដោយខុសច្បាប់ ហើយអាចប្រឈមការជាប់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំ។

យោងតាមអត្ថបទមួយដែលចុះផ្សាយក្នុងគេហទំព័រនគរបាលជាតិបានឱ្យដឹងថា អ្នកទាំងបីត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ពីបទល្បួងស្ត្រីខ្មែរ១០នាក់ឱ្យទៅធ្វើការងារក្នុងប្រទេសជប៉ុនដោយសន្យាផ្ដល់ប្រាក់ខែខ្ពស់។ អាជ្ញាធរលើកឡើងថា ហ៊្វូគូអិុ បានរៀបចំទិដ្ឋាការឱ្យជនរងគ្រោះទាំងនេះ  ចំណែកបុគ្គលិករបស់ខ្លួនឈ្មោះ ចាន់ឌី បានសម្របសម្រួលលិខិតឆ្លងដែនសម្រាប់ស្ត្រីទាំងនេះ។

ស៊ូស៊ូមុ ហ្វូ៊គូអិុ ជនជាតិជប៉ុនជាអ្នកគ្រប់គ្រង Cosplay Cafe & Bar ក្នុងរាជធានីភ្នំពេញ និងប្រពន្ធរបស់ខ្លួនជាជនជាតិខ្មែរ ឈ្មោះ លឹម លក្ខិណា ត្រូវបាននាំខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ស៊ូស៊ូមុ ហ្វូ៊គូអិុ ជនជាតិជប៉ុនជាអ្នកគ្រប់គ្រង Cosplay Cafe & Bar ក្នុងរាជធានីភ្នំពេញ និងប្រពន្ធរបស់ខ្លួនជាជនជាតិខ្មែរ ឈ្មោះ លឹម លក្ខិណា ត្រូវបាននាំខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អត្ថបទដដែលនេះបន្តថា នៅពេលស្ត្រីទាំង៧នាក់ក្នុងចំណោមស្ត្រីទាំងនោះបានទៅដល់តំបន់ទេសចរណ៍ Gunna prefecture ក្នុងប្រទេសជប៉ុន ពួកគេត្រូវបានម្ចាស់ភោជនីយដ្ឋានមួយដកហូតលិខិតឆ្លងដែនទុក ហើយបានបង្ខំឱ្យបម្រើផ្លូវភេទនៅទីនោះ។

នគរបាលជប៉ុនបានជួយសង្គ្រោះស្ត្រីទាំងនេះកាលពីខែធ្នូ  បន្ទាប់ពីជនរងគ្រោះបានទាក់ទងស្ថានទូតកម្ពុជាប្រចាំទីក្រុងតូក្យូតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូត។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជប៉ុនបានឱ្យដឹងថា ក្រោយមកអាជ្ញាធរបានចាប់ខ្លួនបុរសជនជាតិជប៉ុនពីរនាក់ និងស្ត្រីជនជាតិថៃម្នាក់ពីបទយកស្ត្រីទាំងនេះដែលមានអាយុពី២០ឆ្នាំដល់៣៦ឆ្នាំមកបម្រើការងារដោយគ្មានទិដ្ឋាការត្រឹមត្រូវ។ នគរបាលជាតិកម្ពុជាមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

បារ “Cosplay” ដែលគ្រប់គ្រងដោយ ហ្វូ៊គូអិុ ស្ថិតនៅផ្លូវលេខ១៧២ត្រូវបានបិទកាលពីម្សិលមិញ ហើយស្លាកសញ្ញារបស់បារនេះត្រូវបានគេយកក្រដាសកាសែតបិទពីលើ។

លោក អ៊ាម ហេង អាយុ៥២ឆ្នាំ ជាម្ចាស់អគារនោះបានអះអាងថា លោកមិនចាំឈ្មោះបុរសជនជាតិជប៉ុននោះទេ ហើយប្រពន្ធរបស់បុរសរូបនេះជាជនជាតិខ្មែរដែលលោកនិយាយថា បានជួលផ្ទះរបស់លោកជាន់ផ្ទាល់ដីរយៈពេលបួនឆ្នាំកន្លងមកហើយ ប៉ុន្តែលោកបាននិយាយថា ពួកគេជាមនុស្សល្អ។

ដោយលើកឡើងពីការដែលបុរសជនជាតិជប៉ុនរូបនេះបានរើចេញប្រហែល១ខែមកហើយ ហើយលោកសន្និដ្ឋានថា “វាដល់ពេលដែលបុរសរូបនេះត្រឡប់ទៅប្រទេសរបស់ខ្លួនវិញហើយនោះ” លោកបាននិយាយដល់ការជួលថា ”ខ្ញុំចង់ឱ្យពួកគេជួលបន្តទៀត ប៉ុន្តែពួកគេចង់បញ្ចប់”។

លោក អ៊ាម ហេង និយាយថា “មិនដែលមានអំពើពេស្យាចារនៅទីនេះទេ។  ពួកគេលក់បាយ ម្ហូបអាហារ និងមានលក់ស្រាបៀរផងតែប៉ុណ្ណោះ”។

អ្នកទេសចរដើរតាមផ្លូវលេខ១៧២ ក្បែរ Cosply Cafe & Bar នៅក្រុងភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកទេសចរដើរតាមផ្លូវលេខ១៧២ ក្បែរ Cosply Cafe & Bar នៅក្រុងភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បារដែលមានតុចំនួន៦នេះហាក់ដូចជាបោះបង់ចោលភ្លាមៗ ហើយនៅមានសៀវភៅមុខម្ហូប ស្រា និងម្ហូបព្យួរនៅក្នុងផ្ទះបាយតូចមួយ។ ស្លាកសញ្ញាបិទភ្ជាប់ជញ្ជាំងបានបញ្ចុះបញ្ចូលអតិថិជនជនជាតិជប៉ុនដោយសន្យាថា “ស្ត្រីខ្មែរស្អាតៗនឹងស្វាគមន៍លោកអ្នកសរសេរជាភាសាអង់គ្លេស និងភាសាជប៉ុន”។

ទំព័រហ្វេសប៊ុករបស់បាននេះបានបង្ហាញរូបថតប្រហែល៥ទៅ៦សន្លឹករបស់ស្ត្រីខ្មែរក្មេងៗស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជប៉ុនខ្លីៗ និងសម្លៀកបំពាក់ជាគិលានុបដ្ឋាកនៅបារនោះ។  រូបថតមួយបង្ហាញផ្ទៃមុខរបស់ស្ត្រីទាំងនោះ ដោយផ្តោតលើដើមទ្រូង និងជើងរបស់ពួកគេ។

លោក មឿន តុលា ប្រធានអង្គការសិទ្ធិការងារ Central បានមានប្រសាសន៍ថា លោកមិនដឹងអំពីព័ត៌មានលម្អិតនៃករណីនេះទេ ប៉ុន្តែថា វាស្មើនឹងការប្រព្រឹត្តបទល្មើស។

លោក មឿន តុលា បានថ្លែងថា ស្ត្រីរងគ្រោះដោយការជួញដូរប្រាំមួយនាក់ត្រូវបានជ្រើសរើសដោយជនជាតិខ្មែរ ជួនកាលដោយប្ដីជាជនបរទេស ដោយការសន្យាផ្ដល់ប្រាក់ខែខ្ពស់ និងការងារងាយស្រួលនៅក្រៅប្រទេស ប៉ុន្តែពេលមកដល់ប្រទេសនេះ ហើយលិខិតឆ្លងដែនរបស់ពួកគេត្រូវបានដកហូត  ទំនាក់ទំនងរបស់ពួកគេជាមួយពិភពខាងក្រៅត្រូវបានកាត់ផ្ដាច់។

លោកមានប្រសាសន៍ថា “ហើយបន្ទាប់មកមេខ្យល់នោះបានគំរាមជនរងគ្រោះដោយនិយាយថា មិនត្រឹមតែរូបនាងទេដែលមានបញ្ហានោះ សូម្បីគ្រួសាររបស់នាងក៏មានបញ្ហាដែរ”។

យោងតាមលោក មឿន តុលា បានឱ្យដឹងថា ការទាក់ទងទៅកាន់ជនរងគ្រោះនៅជប៉ុនតាមហ្វេសប៊ុកកម្រទាក់ទងបានណាស់។ លោកបានថ្លែងថា នៅក្នុងករណីភាគច្រើន “ជនរងគ្រោះមិនដឹងថាទៅកន្លែងណានោះឡើយ”៕ សារុន (រាយការណ៍បន្ថែមដោយ អ៊ូច សូនី)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស