38.8 C
Phnom Penh

សាលា​ឧទ្ធរណ៍​​​តម្កល់​សាលក្រម​ផ្ដន្ទាទោស​​​​សកម្មជន​​មាតាធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ  សាលាឧទ្ធរណ៍បានប្រកាសសាលដីកាតម្កល់សាលក្រមដែលបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន២៥.០០០ដុល្លារសម្រាប់សកម្មជនបរិស្ថានបីរូបដែលបានភៀសខ្លួនពីប្រទេសកម្ពុជា បន្ទាប់ពីត្រូវសាលាដំបូងផ្ដន្ទាទោសក្រោមបទចោទ “គំរាមកំហែងថានឹងធ្វើឱ្យខូចខាត” សាឡង់បូមខ្សាច់មួយនៅខេត្តកោះកុងកាលពីឆ្នាំ២០១៥។ ទោះជាយ៉ាងណា ពួកគាត់កំពុងពិភាក្សាគ្នាចង់ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីតុលាការបានច្រានចោលបណ្ដឹងសាទុក្ខរបស់ព្រះរាជអាជ្ញាដែលស្នើឱ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពួកគេបន្ថែម។

សំណុំរឿងរបស់អយ្យការនេះពឹងផ្អែកាំងស្រុងទៅលើរូបភាពវីដេអូដែលបង្ហាញពីសកម្មភាពសកម្មជនអង្គការមាតាធម្មជាតិ ទាំងនេះចូលរួមការតវ៉ានានា ដោយលើកឡើងថា វាបានបង្ហាញថា ពួកគាត់មានចេតនាបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Direct Access ដែលជាម្ចាស់សាឡង់នោះ។

សកម្មជន ស៊ីម សំណាង ទ្រី សុវិគា និង សាន់ ម៉ាឡា ត្រូវបានតុលាការផ្ដន្ទាទោសកាលពីខែកក្កដា។សាលាដំបូងខេត្តកោះកុងបានបង្គាប់ឱ្យពួកគាត់បង់ប្រាក់ពិន័យចំនួន២៥.០០០ដុល្លារ ប៉ុន្តែបានព្យួរ៨ខែដែលនៅសេសសល់នៃទោសជាប់ពន្ធនាគាររយៈពេល១៨ខែរបស់ពួកគាត់ដោយសារតែពួកគាត់បានជាប់ឃុំខណៈកំពុងរង់ចាំសវនាការ។

ទោះជាយ៉ាងណា  ព្រះរាជអាជ្ញាចង់ឱ្យអ្នកទាំងបីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសេសសលរបស់ខ្លួន ចំណែកឯសកម្មជនទាំងនេះក៏បានដាក់បណ្ដឹងសាទុក្ខទាមទារឱ្យដកការចោទប្រកាន់ទាំងអស់។

សកម្មជនអង្គការមាតាធម្មជាតិធ្វើការតវ៉ានៅមាត់ទន្លេក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃពុធ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បានច្រានចោលបណ្ដឹងសាទុក្ខទាំងពីរកាលពីម្សិលមិញ។ លោកមានប្រសាសន៍ថា “ផ្អែកតាមរបាយការណ៍របស់នគរបាលស៊ើបអង្កេត និងចម្លើយរបស់ដើមចោទបង្ហាញថា ចុងចោទពិតជាបានបង្កការញុះញង់មែន”។

អ្នកនាំពាក្យតុលាការបានគូសបញ្ជាក់ថា ចៅក្រមរូបនេះមើលមិនឃើញថាមានហេតុផលដែលគួរឲ្យកែប្រែទោសជាប់ពន្ធនាគាររបស់បុរសទាំងនេះឡើយ។

សកម្មជនទាំងនេះបានភៀសខ្លួនពីប្រទេសកម្ពុជា កាលពីខែមុន ដោយនិយាយថា ពួកគាត់បារម្ភខ្លាចគេយកករណីនេះធ្វើជាឧបករណ៍នយោបាយដើម្បីបំបិទមាត់ពួកគាត់មិនឱ្យធ្វើសកម្មភាពប្រឆាំងការបូមខ្សាច់ដែលបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី។

ពេលទាក់ទងបានតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក សាន់ ម៉ាឡា និយាយថា សាលដីកានេះមិនបានផ្ដល់ “យុត្តិធម៌១០០ភាគរយ” ទេ ប៉ុន្តែវាជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ។ លោកបានថ្លែងថា “វាជាសញ្ញាល្អក្នុងការបន្តការងាររបស់យើងក្នុងនាមជាសកម្មជនបរិស្ថាន ហើយសង្គ្រោះធនធានធម្មជាតិដែលគេកំពុងតែបំផ្លាញ” ហើយលោកសង្ឃឹមថានឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗពីកន្លែងដែលមិនបញ្ជាក់ច្បាស់លាស់។

លោក អាឡិច ហ្គន់ហ្សាឡេស ដេវីតសុន សហស្ថាបនិកអង្គការមាតាធម្មជាតិ ដែលត្រូវបានបណ្ដេញចេញពីកម្ពុជា មានប្រសាសន៍ថា សកម្មជនទាំងនេះនៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះមានសង្ឃឹមតិចណាស់ដែលពួកគាត់មានលទ្ធភាពបង់ប្រាក់ពិន័យនេះ។

លោកបានលើកឡើងទៀតថា “ខ្ញុំយល់ថា ការមិនបង់ប្រាក់ពិន័យ និងប្រាក់សំណងជំងឺចិត្តអាចឈានទៅដល់ការដាក់ទោសជាប់ពន្ធនាគារតាមឆន្ទានុសិទ្ធិរបស់ចៅក្រម” ហើយថា ក្រុមនេះកំពុងពិភាក្សាគ្នាថា តើត្រូវប្ដឹងសាទុក្ខទៅតុលាការកំពូល ឬយ៉ាងណា។

នៅក្នុងការតវ៉ាពាក់ព័ន្ធគ្នាមួយកាលពីព្រឹកម្សិលមិញ សន្ដិសុខខណ្ឌដូនពេញបានដកហូតបដារបស់សកម្មជនអង្គការមាតាធម្មជាតិ១០នាក់ដែលធ្វើការតវ៉ាទាក់ទិនការបូមខ្សាច់និងបណ្ដឹងសាទុក្ខនេះនៅមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ ដោយអះអាងថា ក្រុមនេះគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។

លោក មុត គឹមរី សហស្ថាបនិកអង្គការមាតាធម្មជាតិ មានប្រសាសន៍ថា “វាជាការរំលោភសិទ្ធិរបស់យើង ព្រោះពួកយើងមិនបានស្រែក ឬធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះទេ។ យើងគ្រាន់តែឈរដើម្បីបង្ហាញការគាំទ្ររបស់យើងប៉ុណ្ណោះ”៕ សុខុម (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស