27 C
Phnom Penh

បវរកញ្ញា​​​ពិភពលោក​​​​​​ផ្សព្វផ្សាយអំពី​​​ការ​​​គ្រប់គ្រង​​​កាកសំណល់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រសួងបរិស្ថានបានធ្វើសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីយុទ្ធសាស្ត្រថ្មីបំផុតក្នុងការលើកកម្ពស់ការយល់ដឹងពីបរិស្ថានជាមួយបវរកញ្ញាមួយក្រុម។

កញ្ញា Maya Rotha Gillies-Chapman ដែលតំណាងឱ្យប្រទេសហ្វីលីពីនក្នុងការប្រឡងបវរកញ្ញាពិភពលោកឆ្នាំ២០១៦បាននិយាយថា ”រឿងមួយក្នុងចំណោមរឿងដែលយើងទាំងអស់គ្នាជាបវរកញ្ញាពេញចិត្តគឺការទទួលបានឱកាសលើកឡើងនូវមតិយោបល់របស់យើង”។

Camille Hirro ជាបវរកញ្ញារងជើងឯកពិភពលោកឆ្នាំ២០១៦ជនជាតិហ្វីលីពីនមកដល់កន្លែងរៀបចំសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងបរិស្ថាន ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/ Cambodia Daily
Camille Hirro ជាបវរកញ្ញារងជើងឯកពិភពលោកឆ្នាំ២០១៦ជនជាតិហ្វីលីពីនមកដល់កន្លែងរៀបចំសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងបរិស្ថាន ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/ Cambodia Daily

កញ្ញាបានបន្ថែមថា  វាមិនទាន់ហួសពេល “ដើម្បីសង្គ្រោះប្រទេសរបស់អ្នកពីការបំផ្លាញអ្វីៗនោះ”។ បវរកញ្ញាប្រាំរូបរួមទាំងម្ចាស់ជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំមុន គឺកញ្ញា Angela Bonilla នៃប្រទេសអេក្វាទ័រ បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ ហើយនឹងស្នាក់នៅរហូតដល់ថ្ងៃទី៨ ខែមីនា។

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានពិធីបើកសន្និសីទថា អំឡុងពេលពួកគេស្នាក់នៅទីនេះ បវរកញ្ញាទាំង៥រូបនឹងចូលរួមការប្រគំតន្ត្រី “ចែករំលែកចំណេះដឹងជាមួយសាធារណជន និងយុវជនអំពីការបោះចោលកាកសំណល់ និងការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ” និងការចុះផ្ទាល់តាមភូមិជាដើម”។

លោក អ៊ាង សុផល្លែត និងបវរកញ្ញាទាំងនោះបានលើកឡើងថា ការផ្តោតសំខាន់នៃពេលវេលារបស់ពួកគេនឹងជាគំរូសម្រាប់ការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ ជាពិសេសសម្រាប់យុវជនកម្ពុជា។

កញ្ញា Nikola Bechynova នៃសាធារណរដ្ឋឆែកបាននិយាយថា ”យើងមកទីនេះដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយអំពីវិថីថែរក្សាការពារប្រទេសរបស់ខ្លួន”។

កញ្ញា Bonilla ដែលជាម្ចាស់ជ័យលាភីបវរកញ្ញាពិភពលោកបាននិយាយថា “វាមិនគ្រប់គ្រាន់ទេគ្រាន់តែការអប់រំនោះ យើងត្រូវផ្តល់ជាឧទាហរណ៍ដល់ពួកគេផងដែរ។ យើងត្រូវបង្រៀនពួកគេពីរបៀបប្រមូលទុកដាក់សំរាម និងថែរក្សាការពារធនធានធម្មជាតិ”។

បវរកញ្ញាពិភពលោកឆ្នាំ២០១៦មកដល់កន្លែងរៀបចំសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងបរិស្ថាន ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/ Cambodia Daily
បវរកញ្ញាពិភពលោកឆ្នាំ២០១៦មកដល់កន្លែងរៀបចំសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងបរិស្ថាន ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/ Cambodia Daily

លោក អា៊ង សុផល្លែត បន្ថែមថា តារាមួយចំនួនទៀតក៏បានត្រៀមចូលរួមក្នុងយុទ្ធនាការនេះដែរដោយលោកកត់សម្គាល់ពីតារាសម្តែងអ៊ែនជែលីណា ចូលី (Angelina Jolie) ដែលបានជួបពិភាក្សាជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះកាលពីសប្តាហ៍មុន។

លោកបានមានប្រសាសន៍ថា “ក្រោយមកទៀត យើងប្រហែលជាមានតារាល្បីៗជាច្រើនទៀតផងដែរ។ យើងចង់ឱ្យពិភពលោកទាំងមូលមើលឃើញថា យើងជានរណា យើងជាអ្វី ហើយយើងកំពុងធ្វើអ្វី”។

ទោះយ៉ាងណា លោក អ៊ាង សុផល្លែត បានទទួលស្គាល់ថា ដំណើរទស្សនកិច្ចរបស់តារាល្បីៗទាំងនេះគ្រាន់តែជាចំណែកមួយប៉ុណ្ណោះ។ លោកថ្លែងថា ហើយបើទោះជាក្រុមនេះចង់ធ្វើយុទ្ធនាការប្រឆាំងការកាប់ឈើខុសច្បាប់ក៏ដោយ  ក៏បវរកញ្ញាទាំងនេះមិនមានពេលចុះទៅកន្លែងទាំងនោះតាមទីជនបទ កន្លែងដែលមានការកាប់ឈើនោះឡើយ។

ជំនួសវិញ លោកបានសម្រេចថា ការចុះផ្ទាល់របស់ពួកគេនឹងធ្វើឡើងនៅតែតំបន់ទេសចរណ៍ក្នុងក្រុងព្រះសីហនុ និងក្រុងសៀមរាបប៉ុណ្ណោះ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស