32.5 C
Phnom Penh

អំឡុង​​​សវនាការ​​​តក់​​​ក្រហល់​​​ ជួប​​​ សម្លាប់​​​ សារភាពថា ខ្លួន​​​ពិតជា​​​​​​បាន​​​​​​បាញ់​​​សម្លាប់​​​លោក កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សវនាការមួយក្នុងចំណោមសវនាការលេចធ្លោបំផុតនៅកម្ពុជា ដែលដិតដាមក្នុងអារម្មណ៍ពលរដ្ឋនាពេលថ្មីៗបានបញ្ចប់ក្នុងរយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះកាលពីម្សិលមិញ ខណៈបុរសដែលត្រូវបានចោទប្រកាន់ថា បានធ្វើឃាតលោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលដ៏លេចធ្លោនោះ បានអះអាងថា ខ្លួនបានបាញ់សម្លាប់អ្នកវិភាគរូបនេះបន្ទាប់ពីមិនទទួលបានអ្វីសោះសម្រាប់លុយចំនួន៣.០០០ដុល្លារដែលខ្លួនបានឲ្យទៅអ្នកវិភាគរូបនេះជាថ្នូរនឹងការសន្យាសាងសង់ផ្ទះមួយខ្នងឲ្យនិងការផ្តល់ការងារឲ្យធ្វើ។

ទោះបីជាមានការបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពជាសាធារណៈលើកដំបូងស្តីពីការបាញ់ប្រហារនេះក៏ដោយ តែសវនាការដ៏ឆាប់រហ័សនេះបានធ្វើឲ្យអ្នកសង្កេតការណ៍មានចម្ងល់ច្រើនជាងចម្លើយ ខណៈជនជាប់ចោទដែលគ្រួសារនៅខេត្តសៀមរាបប្រាប់ថា ជាអតីតទាហានឈ្មោះ អឿតអាង នៅតែលើកឡើងថាខ្លួនឈ្មោះ “ជួប សម្លាប់” ។

លោក យុង ផានិត មេធាវីរបស់ អឿត អាង និយាយទៅកាន់អ្នកយកព័ត៌មានខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/The Cambodia Daily
លោក យុង ផានិត មេធាវីរបស់ អឿត អាង និយាយទៅកាន់អ្នកយកព័ត៌មានខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ Emil Kastrup/The Cambodia Daily

អឿត អាង មើលទៅស្គមជាងពេលដែលមុខពោរពេញទៅដោយឈាមរបស់ខ្លួនបានល្បីទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកក្កដា ជាពេលដែលជននេះបានអះអាងថា ខ្លួនបានបាញ់សម្លាប់អ្នកវិភាគដ៏មានប្រជាប្រិយភាពរូបនេះនៅក្នុងស្តារម៉ាតមួយកន្លែងដោយសាររឿងជំពាក់លុយ៣.០០០ដុល្លារមិនព្រមសង ជាការរៀបរាប់ដែលគ្រួសាររបស់បុរសទាំងពីរចាត់ទុកថា ពិបាកជឿ។

ពេលត្រូវបានសាកសួរដោយចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លាង សំណាត អឿត អាង បានប្តូរសាច់រឿងរបស់ខ្លួន ដោយអះអាងថា ខ្លួនបានលក់ដីក្នុងខេត្តបន្ទាយមានជ័យ ហើយយកលុយទៅឲ្យលោក កែម ឡី បន្ទាប់ពីបុរសម្នាក់ដែលគេប្រាប់ឈ្មោះត្រឹមតែថា “លីស” បានណែនាំខ្លួន [អឿត អាង]ឲ្យស្គាល់អ្នកវិភាគរូបនេះ។ ពេលលោក កែម ឡី មិនបានធ្វើតាមការសន្យាថា នឹងផ្តល់ការងារឲ្យហើយសាងសង់ផ្ទះឲ្យនោះ អឿតអាង បាននិយាយថា ខ្លួនក៏សម្រេចចិត្តតាមសម្លាប់លោក កែម ឡី ។

ចៅក្រមរូបនេះបានសួរថា “គ្រាន់តែលុយ៣.០០០ដុល្លារ អ្នកឯងខឹងដល់ថ្នាក់សម្លាប់គាត់អ៊ីចឹងឬ?”។

អឿត អាង បាននិយាយថា “គាត់កុហក បោកប្រាស់ខ្ញុំ។ គាត់សន្យាផ្តល់ការងារឲ្យខ្ញុំ។ គាត់សន្យាថា ខ្ញុំអាចចុះទៅជាមួយគាត់អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត”។ ជនជាប់ចោទរូបនេះបានបន្ថែមថា លោក កែម ឡី ក៏បានសន្យាសាងសង់ផ្ទះមួយខ្នងឲ្យខ្លួនក្នុងខេត្តបន្ទាយមានជ័យផងដែរ។

អឿត អាង បានផ្តល់សក្ខីកម្មថា ខ្លួនបានចំណាយពេល១០ថ្ងៃមុនពេលប៉ុនប៉ងធ្វើឃាតដើម្បីតាមរកលោក កែម ឡី ក្នុងរាជធានីភ្នំពេញ ហើយបានឃើញរថយន្តរបស់គាត់នៅកន្លែងស្តារម៉ាតដដែលកាលពីថ្ងៃទី៥កក្កដា និងនៅផ្សារដើមថ្កូវ២ថ្ងៃក្រោយ ប៉ុន្តែមិនដឹងថាគាត់នៅឯណា។

ទោះជាយ៉ាងណា អឿត អាង បាននិយាយថា នៅថ្ងៃទី១០ ខែកក្កដា ខ្លួនបានឃើញរថយន្តរបស់លោក កែម ឡី ម្តងទៀតនៅខាងក្រៅស្តារម៉ាតដដែលនេះ ហើយក៏បានចូលទៅខាងក្នុងតែម្តង។

ជនជាប់ចោទរូបនេះបានផ្តល់សក្ខីកម្មថា “បន្ទាប់ពីខ្ញុំបានឃើញគាត់ ខ្ញុំចំណាំគាត់បានភ្លាម ហើយខ្ញុំបានដើរទៅខាងក្រោយធ្នើរដាក់ទំនិញ បន្ទាប់មកបានដកកាំភ្លើងចេញមកក្រៅ។ ជននេះបានផ្តល់សក្ខីកម្មបន្តថា “ខ្ញុំបានបាញ់គាត់ពីរគ្រាប់ដោយប្រើដៃស្តាំចម្ងាយ២ឬ៣ម៉ែត្រ”។

អឿត អាង បានអះអាងថា ខ្លួនបានទិញកាំភ្លើងម៉ាកឡុក ពីបុរសជនជាតិថៃម្នាក់ឈ្មោះចក់នៅក្នុងខេត្តស្រះកែវ ប្រទេសថៃក្នុងតម្លៃ៤៥.០០០បាត ឬប្រហែល១.២៨០ដុល្លារ។

ពេលសួរអំពីអត្តសញ្ញាណ អឿត អាង បាននិយាយដដែលថា ខ្លួនឈ្មោះ ជួបសម្លាប់ ហើយថា ខ្លួនរស់នៅក្នុងខេត្តបន្ទាយមានជ័យ មិនមែនខេត្តសៀមរាបទេ ទោះបីជាវាខុសពីអ្វីដែលម្តាយ និងប្រពន្ធរបស់ជននេះបាននិយាយប្រាប់ក៏ដោយ។

ពេលសួរថា តើហេតុអ្វីបានជាគេដាក់ឈ្មោះឲ្យគួរឲ្យខ្លាចបែបនេះ អឿត អាង បានអះអាងថា មកពីខ្លួនពូកែចាប់សត្វព្រៃពេលនៅក្មេង។

ជនជាប់ចោទរូបនេះ បាននិយាយតិចៗទៅកាន់មេធាវីការពារក្តីរបស់ខ្លួនឈ្មោះ យុង ផានិត ថា “ខ្ញុំពូកែចាប់ត្រី និងប្រមាញ់សត្វផ្សេងៗ ហេតុដូចនេះហើយទើបគេដាក់ឈ្មោះឲ្យខ្ញុំបែបនេះទៅ “។

ចំណុចដ៏គួរឲ្យរន្ធត់បំផុតបានលេចឡើង ពេលចាក់វីដេអូកាមេរ៉ាសុវត្ថិភាពអំឡុងសនវការ។ ការបញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាពនេះធ្វើឡើងដោយសារមានការទាមទារពីអ្នកដែលមានទំនាក់ទំនងស្និទ្ធនឹងលោក កែម ឡី អាយុ៤៦ឆ្នាំ  ហើយការមិនបញ្ចេញវីដេអូនេះបានធ្វើឲ្យកើតមានមន្ទិលក្នុងចំណោមសាធារណជនទូទៅថា រដ្ឋាភិបាលកំពុងតែលាក់បាំងការពាក់ព័ន្ធរបស់ខ្លួន។

cam-photo-kem-ley_jump-2_SOVANNARAវីដេអូកាមេរ៉ាសុវត្ថិភាពទី១ ដែលថតបាននៅក្នុងស្តារម៉ាតរួមមានរយៈពេល៥នាទីជុំវិញការបាញ់ប្រហារនេះ។ នៅគែមផ្នែកខាងស្តាំនៃអេក្រង់ បុរសម្នាក់ដែលគេអះអាងថា លោក កែម ឡី កំពុងអង្គុយនៅតុនោះ ប៉ុន្តែមើលឃើញតែពាក់កណ្តាលខ្លួនប៉ុណ្ណោះ។ បើទោះជាសេចក្តីរាយការណ៍មុនៗថាលោក កែម ឡី បានពិសាកាហ្វេតែម្នាក់ឯងក៏ដោយ តែវាទំនងជាលោកអង្គុយនៅជាប់បុរសម្នាក់ពាក់អាវយឺតពណ៌ស។

បុរសម្នាក់ស្លៀកពាក់ខ្មៅ និងពាក់មួកកាតឹប បន្ទាប់មកបានដើរចូលក្នុងហាង ហើយឈោងចាប់យកទំនិញពីធ្នើរ មុនពេលបត់ស្តាំទៅពីក្រោយបុរសរូបនេះ ដើម្បីមើលថា តើជនរងគ្រោះនៅកន្លែងណា។

បន្ទាប់មកបុរសរូបនេះបានដើរបត់មកវិញ ហើយបានដកកាំភ្លើង មុនពេលដើរទៅពីក្រោយបុរសរូបនេះម្តងទៀត ហើយបាញ់គាត់ពីរគ្រាប់តែម្តង។ ពេលនោះខ្មាន់កាំភ្លើងបានរត់ចេញពីហាង ខណៈភ្ញៀវ និងបុគ្គលិករត់ប្រសេចប្រសាច។

រូបភាពវីដេអូពីកាមេរ៉ាជាច្រើននៅតាមដងផ្លូវចាប់បានរូបភាពបុរសរូបនេះរត់តិចៗ ខណៈដែលម៉ូតូជាច្រើនគ្រឿងកំពុងដេញតាម។

រូបភាពវីដេអូចុងក្រោយ ថតដោយទូរស័ព្ទដែលមានសភាពញ័រ បានបែកធ្លាយតាមហ្វេសប៊ុកក្នុងខែកក្កដា ដោយមានមន្ត្រីនគរបាលម្នាក់ស្លៀកពាក់ឯកសណ្ឋានបានទះតិចៗឱ្យ អឿត អាង ឱនចុះ ហើយការពារមិនឲ្យគេទាត់ធាក់មុនពេលបើកម៉ូតចេញ។

នៅក្នុងការទាញហេតុផលបញ្ចប់ លោក យុង ផានិត មេធាវីការពារក្តីបានស្នើឱ្យចៅក្រមបង្ហាញការអត់ឱន ដោយបន្ទោសទៅលើបុរសពីរនាក់ដែលគេប្រាប់ត្រឹមតែឈ្មោះថា លីស និង ចក់ ហើយនិយាយថា កូនក្ដីរបស់លោកមិនដឹងពីផលវិបាកនៃសកម្មភាពរបស់ខ្លួនទេ។

លោកនិយាយថា “គាត់មិនដឹងថា សម្លាប់មនុស្សត្រូវមានទោសទេ។ប្រសិនបើគាត់មានការយល់ដឹងច្បាស់លាស់ ហើយមានការអប់រំនោះ ត្រឹមតែលុយ៣.០០០ដុល្លារ មិនអាចធ្វើឱ្យគេឈានដល់សម្លាប់មនុស្សទេ”។

ក្រុមអ្នកកាន់ទុក្ខចូលរួមដង្ហែរូបសំណាកស្ពាន់តំណាងលោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យដែលត្រូវឃាតករបាញ់ស្លាប់ ចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក កាលពីឆ្នាំមុន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា

លោក យុង ផានិត ក៏បានបង្ហាញអត្តសញ្ញាណ អឿត អាង ថាជាក្មេងកំព្រាផងដែរ បើទោះជាម្ដាយរបស់ចុងចោទរូបនេះរ៉ាយរ៉ាប់ដោយបញ្ជាក់ថា ជននេះជាកូនប្រុសរបស់គាត់ក៏ដោយ។

លោកបានថ្លែងថា “នៅក្នុងជីវិតរបស់គាត់ គាត់ប្រឈមឧបសគ្គយ៉ាងច្រើន។ គាត់ជាក្មេងកំព្រាគ្មានកន្លែងរស់នៅច្បាស់លាស់។ គាត់មិនបានជួបអ្នកដែលចង់ជួយតម្រែតម្រង់គាត់ឡើយ។ ផ្ទុយទៅវិញ គាត់បានជួបពូ លីស និងពូ ចក់”។

សម្រាប់មនុស្សមួយចំនួន ដូចជាលោក Kingley Abbott ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិនៅគណៈកម្មការក្រុមអ្នកច្បាប់អន្តរជាតិដែលបានចូលរួមសវនាការនេះជាដើម សវនាការនេះធ្វើឲ្យមានចម្ងល់ច្រើនជាងចម្លើយ។

លោក Abbott បានសរសេរក្នុងអុីម៉េលថា “សវនាការនេះសំខាន់មិនមែននៅត្រង់ការលាតត្រឡាងពាក់ព័ន្ធការស៊ើបអង្កេតទេ ប៉ុន្តែសំខាន់នៅត្រង់ថា មានចោទជាសំណួរសំខាន់ៗដែលនៅតែមិនទាន់មានចម្លើយ”។

លោកបានបន្ថែមថា “សាធារណជនមានការចាប់អារម្មណ៍ខ្លាំងក្នុងសវនាការនេះ ហើយមានការខកចិត្តដែលចុងបញ្ចប់នៅតែគ្នានការស៊ើបអង្កេតល្អិតល្អន់ ពីការដែលចុងចោទរូបនេះឱ្យលុយលោក កែម ឡី ខ្ចី និងទិញកាំភ្លើងខ្លីមួយដើម ហើយថា តើនរណាបានណែនាំចុងចោទរូបនេះឱ្យស្គាល់លោក កែម ឡី និងថាតើនៅមានរូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាពអ្វីផ្សេងទៀតពីស្ថានីយប្រេងឥន្ធនៈកាល់តិចដែលស្ថិតក្នុងដៃអាជ្ញាធរនោះ “។

មានអវត្តមានគួរឱ្យកត់សម្គាល់នៃក្រុមគ្រួសាររបស់លោក កែម ឡី ក្នុងការបង្ហាញវីដេអូជាសាធារណៈនេះ។ ភរិយារបស់លោក គឺអ្នកស្រី ប៊ូ រចនា ដែលជាដើមចោទនៅក្នុងរឿងក្ដីនេះបានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅជាមួយកូនប្រុសរបស់គាត់។ លោក កែម រិទ្ធិសិទ្ធិ ប្អូនប្រុសរបស់អ្នកវិភាគរូបនេះបាននិយាយថា លោកសម្រេចចិត្តមិនចូលរួមក្នុងសវនាការនេះ ដោយសារតែលោកគ្មានជំនឿលើប្រព័ន្ធតុលាការ ហើយជឿថាចុងចោទរូបនេះត្រូវគេបញ្ជាឱ្យសម្លាប់ដោយភាគីទី៣។

លោកបានសួរថា “តើគាត់មានបំណងអ្វីមកសម្លាប់នោះ? តើហេតុផលអ្វីទៅ? តើនរណាបានបញ្ជាគាត់។ ប្រាកដជាមានអ្នកនៅពីក្រោយរឿងនេះ”។

តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែមីនា៕ ស៊ុយឈាង និង សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស