38.8 C
Phnom Penh

តុលាកា​​​រវៀតណាម​​​ផ្តន្ទាទោស​​​នគរបាល​​​កម្ពុជាម្នាក់ដាក់ពន្ធនាគារ​​​២៥ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា មន្ត្រីនគរបាលកម្ពុជាម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំនៅក្នុងប្រទេស វៀតណាមពីបទបាញ់បុរសម្នាក់ស្លាប់ និងបុរសទី២ម្នាក់ទៀតរងរបួសនៅក្នុងហាងផឹកស៊ីមួយក្នុងប្រទេសវៀតណាម។

លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានអះអាងថា តុលាការវៀតណាមបានផ្តន្ទាទោសលោក ឡាយ ប៊ុនធី អាយុ៥៣ឆ្នាំនាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនឱ្យជាប់ពន្ធនាគារ២៥ឆ្នាំកាលពីថ្ងៃអង្គារ ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមអំពីករណីនេះឡើយ។យោងតាមរបាយការណ៍តុលាការបានឱ្យដឹងថា គេហទំព័រព័ត៌មាននៅក្នុងប្រទេសវៀតណាម tuoitrenews.vn បានរាយការណ៍ថា ក្នុងខែកក្កដាឆា្នាំ២០១៦ លោក ឡាយ ប៊ុនធី កំពុងផឹកស៊ីនៅហាងមួយក្នុងខេត្តអាងយ៉ាង ប្រទេសវៀតណាមភាគខាងត្បូង មានព្រំប្រទល់ជាប់ប្រទេសកម្ពុជា ដែលលោកមានផ្ទះ និងអាជីវកម្មតូចមួយនៅទីនោះ ស្រាប់តែពេលនោះ ផាន យាំងវ៉ាង បានដើរមកជិតលោក ហើយបបួលផឹក។

គេហទំព័រដដែលនេះលើកឡើងថា លោក ឡាយ ប៊ុនធី បានចេញពីហាងផឹកស៊ីនោះមកយកកាំភ្លើងខ្លីពីផ្ទះរបស់លោកដែលស្ថិតក្នុងប្រទេសវៀតណាម ហើយបានត្រឡប់ មកតតាំងជាមួយ ផាន យាំងវ៉ាង វិញ។

លោក ឡាយ ប៊ុនធី បានសួរថា “ថ្ងៃមុនហ្អែងឱ្យគេមកវ៉ៃអញហ្អេស?”។ ពេលនោះ ផាន យាំងវ៉ាង បានឆ្លើយថា មែនហើយលោក ឡាយ ប៊ុនធី បានដកកាំភ្លើងបាញ់បុរសរូបនេះ ព្រមទាំងបុរសជាមិត្តភក្តិជននេះដែលកំពុងផឹកស៊ីជាមួយគ្នាដោយធ្វើឱ្យ ផាន យាំងវ៉ាង របួសធ្ងន់ហើយបុរសដែលជាមិត្តភក្តិនោះបានស្លាប់។

គេហទំព័រដដែលនេះបន្តថា តុលាការខេត្តអាងយ៉ាង បានផ្តន្ទាទោស លោក ឡាយ ប៊ុនធីឱ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទមនុស្សឃាត ហើយប្រាំនាក់ទៀតពីបទស្តុកទុក និងប្រើប្រាស់អាវុធខុសច្បាប់។ គេហទំព័រដដែលនេះបន្ថែមថា អាជ្ញាធរនឹងបណ្តេញលោក ឡាយ ប៊ុនធី ចេញពីប្រទេសនេះ បន្ទាប់ពីបានអនុវត្តទោសរួច។

លោក សារិន សារ៉ាណូ ប្រធាននាយកដ្ឋានច្រកទ្វារព្រំដែនទី២ជាប់ប្រទេសវៀតណាមរវាងខេត្តតាកែវ និងខេត្តអាងយ៉ាង កាលពីម្សិលមិញ បានបដិសេធមិននិយាយថា តើប្រទេសកម្ពុជានឹងស្នើសុំធ្វើបត្យាប័នលោក ឡាយ ប៊ុនធី ឬយ៉ាងណានោះឡើយ។

លោកបានថ្លែងថា “ខ្ញុំមិនហា៊នប្រាប់ព័ត៌មានជាក់លាក់ដល់អ្នកទេ”។ លោកបានបន្ថែមថា ថ្នាក់លើជាអ្នកសម្រេចលើការចេញសំណើនេះ។ “យើងរង់ចាំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃធ្វើសេចក្តីសម្រេច”។

លោក សារិន សារ៉ាណូ បានមានប្រសាសន៍ថា តិចតួចណាស់ដែលអាជ្ញាធរកម្ពុជាអាចធ្វើបានដើម្បីជួយសហសេវិករបស់ខ្លួនពាក់ព័ន្ធជម្លោះបុគ្គលនេះ ហើយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស