38 C
Phnom Penh

​ឃាតករ​សម្លាប់​លោក កែម ឡី ត្រូវ​ជាប់ពន្ធនាគារ​​មួយ​ជីវិត ខណៈ​ការ​ស៊ើបអង្កេត​កំពុង​បន្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតទាហានម្នាក់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារមួយជីវិតកាលពីម្សិលមិញ ពីបទបាញ់សម្លាប់លោក កែម ឡី ខណៈអ្នករិះគន់រដ្ឋាភិបាលរូបនេះកំពុងអង្គុយអានកាសែតពេលព្រឹកនៅហាងកាហ្វេក្នុងស្តាម៉ាតដែលគាត់ចូលចិត្តទៅកាលពីខែកក្កដា។

មជ្ឈដ្ឋានទូទៅជឿថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតកម្មនេះ ហើយដំណឹងកាន់តែគួរឱ្យភ្ញាក់ផ្អើលជាងនេះទៀតគឺថា តុលាការមិនទាន់បិទសំណុំរឿងនេះទេ ហើយកំពុងបន្តស៊ើបអង្កេតលើជនសង្ស័យពីរនាក់ ម្នាក់ឈ្មោះ “ពូ លីស” និងជនជួញដូរកាំភ្លើងម្នាក់ទៀតឈ្មោះ ចក់ ។

ដើរចូលទៅក្នុងសាលសវនាការនៅម៉ោង៨ព្រឹកលើសបន្តិច អឿត អាង បានសម្លឹងមើលទៅមុខដោយស្ងាត់ស្ងៀម ហើយអង្គុយចុះប្រហែល៣០នាទី រង់ចាំចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លាង សំណាត ដែលបានជំនុំជម្រះក្នុងសំណុំរឿងដ៏ធំបំផុតនៅក្នុងប្រទេសក្នុងរយៈពេលយ៉ាងតិចមួយទសវត្សរ៍មកនេះ។

អង្គុយចុះលើកៅអី ចៅក្រម លាង សំណាត បានបង្គាប់ឱ្យ អឿត អាង ហៅ ជួប សម្លាប់ ក្រោកឈរ ខណៈពេលលោកអានសាលក្រមផ្ដន្ទាទោស។

លោកមានប្រសាសន៍ថា ”សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារមួយជីវិតពីបទមនុស្សឃាតគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ប្រព្រឹត្តនៅស្តាម៉ាតកាល់តិច”។

បន្ទាប់មកខ្មាន់កាំភ្លើងដែលនៅតែមិនរំជួលចិត្តរូបនេះត្រូវបានបង្គាប់ឱ្យផ្ដិតមេដៃលើសាលក្រមផ្ដន្ទាទោស មុនពេលនាំខ្លួនចេញទៅខាងក្រៅសាលសវនាការភ្លាមៗ ដោយរារាំងក្រុមអ្នកយកព័ត៌មាន និងអ្នកថតរូបបានសម្រេច ខណៈពេលគេនាំខ្លួនជននេះឡើងរថយន្តពន្ធនាគារ។

លោក យុ៉ង ផានិត មេធាវីរបស់ អឿត អាង ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់អ្នកវិភាគនយោបាយ កែម ឡី ដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក យុ៉ង ផានិត មេធាវីរបស់ អឿត អាង ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់អ្នកវិភាគនយោបាយ កែម ឡី ដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ឃាតកម្មលើលោក កែម ឡី បានធ្វើឱ្យមានការភ័យតក់ស្លុតទូទាំងប្រទេសដែលគេមើលឃើញថា ជាការវិលទៅរកឃាតកម្មនយោបាយដូចកាលពីអតីតកាល និងជានិមិត្តរូបនៃការប្រឹងប្រែងយ៉ាងខ្លាំងរបស់រដ្ឋាភិបាលដើម្បីគាបសង្កត់អ្នកប្រឆាំងនៅមុនការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឆ្នាំនេះ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយ។

អឿត អាង ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីរត់គេចពីកន្លែងកើតឃាតកម្ម ហើយត្រូវបាននាំខ្លួនបង្ហាញមុខភ្លាមៗដល់ប្រព័ន្ធផ្សព្វផ្សាយក្រោមឈ្មោះហៅក្រៅ ដោយអះអាងថា រូបគេបាញ់សម្លាប់លោក កែម ឡី ដោយសាររឿងជំពាក់ប្រាក់មិនព្រមសងចំនួន៣.០០០ដុល្លារ។ ការលើកឡើងនេះត្រូវបានបដិសេធដោយគ្រួសាររបស់បុរសទាំងពីរដែលអះអាងថា អ្នកទាំងពីរមិនដែលជួបគ្នាពីមុនមកទេ។

នៅក្នុងភូមិឋានរបស់ អឿត អាង ក្នុងខេត្តសៀមរាប ប៉ុន្មានថ្ងៃបន្ទាប់ពីកើតឃាតកម្មនេះ អ្នកជិតខាងម្នាក់ដែលអះអាងថា ធ្លាប់ធ្វើការជាមួយជននេះក្នុងជួរកងទ័ពក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលគាំទ្រដោយវៀតណាម បានប្រាប់ក្រុមអ្នកយកព័ត៌មានថា មិត្តចាស់របស់ខ្លួនម្នាក់នេះបានទូរស័ព្ទទៅគាត់មុនពេលកើតឃាតកម្មនេះបន្តិច ដោយអះអាងថា រូបគេធ្វើដំណើរមកភ្នំពេញដើម្បីចូលបម្រើការក្នុងជួរយោធាម្ដងទៀត។

ព្រះសង្ឃនៅវត្តមួយដែល អឿត អាង ធ្លាប់ស្នាក់នៅកាលពីឆ្នាំ២០១៤ បានរៀបរាប់ពីអត្តចរិតពិបាកប៉ាន់ស្មានរបស់ជននេះ ដែលតែងតែវាយព្រះសង្ឃក្មេងៗ និងដែលអះអាងថាខ្លួនស្គាល់មេបញ្ជាការកំពូលៗ និងមេៗនគរបាលនៅរាជធានីភ្នំពេញ។

សវនាការនៅខែនេះដែលធ្វើឡើងក្នុងពេលតែមួយព្រឹក បានរងការរិះគន់ចំពោះការខ្វះការសួរដេញដោលសាក្សីស៊ីជម្រៅដោយមេធាវីទាំងសងខាង និងការដែលតុលាការមិនបានសួរដេញដោលឱ្យបានត្រឹមត្រូវលើភាពគួរឱ្យជឿជាក់នៃការអះអាងរបស់ អឿត អាង ដែលថា ខ្លួនសម្លាប់លោក កែម ឡី បន្ទាប់ពីមិនទទួលបានអ្វីសោះនៃប្រាក់៣.០០០ដុល្លារដែលខ្លួនបានឱ្យទៅអ្នកវិភាគរូបនេះខ្ចី។

រូបភាពកាមេរ៉ាសុវត្ថិភាពនៃឃាតកម្មនេះដែលបានចាក់បញ្ចាំងអំឡុងសវនាការ និងដែលបន្ទាប់មកត្រូវបានគេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលបង្ហោះតាមអុីនធឺណិតបង្ហាញថា ពិបាកនឹងជឿសម្រាប់មនុស្សជាច្រើនដោយសារតែមុខរបស់លោក កែម ឡី ត្រូវគេកាត់តនៅក្នុងរូបភាពព្រាលៗនោះ។ វាក៏បង្កឱ្យមានការចោទសួរបន្ថែមទៀតដែរអំពីឥរិយាបថដ៏ចម្លែករបស់បុគ្គលជាច្រើនអំឡុងពេល អឿត អាង រត់គេចខ្លួនពីស្តាម៉ាតរហូតឈានដល់ការចាប់ខ្លួន ក្នុងនោះរួមមានទាំងសកម្មភាពជននេះដែលហាក់មានឥរិយាបថធម្មតាជាមួយនឹងនគរបាលដែលដេញតាមចាប់ខ្លួនផងដែរ។

នៅខាងក្រៅតុលាការ លោក យ៉ុង ផានិត មេធាវីរបស់ អឿត អាង បានលើកឡើងថា សាលាដំបូងរាជធានីកំពុងស៊ើបអង្កេតនៅឡើយលើការអាចជាប់ពាក់ព័ន្ធរបស់មនុស្សមួយចំនួនទៀតនៅក្នុងឃាតកម្មនេះ។ លោកបានលើកឡើងទៀតថា “គេបានបំបែកសំណុំរឿងនេះដើម្បីស៊ើបអង្កេតអ្នកដែលពាក់ព័ន្ធ”។

លោកបានបន្តថា “ម្នាក់ឈ្មោះ ពូ លីស និងម្នាក់ទៀតឈ្មោះ ចក់។ បុរសទាំងពីរនាក់នេះមិនទាន់បានផ្ដល់សក្ខីកម្មនៅតុលាការទេ ហើយយើងមិនប្រាកដទេថាតើវានឹងធ្វើឱ្យសំណុំរឿងរបស់ ជួប សម្លាប់ ប្រែប្រួលឬក៏អត់”។

មេធាវីរូបនេះបានបន្ថែមថា លោកត្រូវពិភាក្សាជាមួយកូនក្ដីរបស់លោកមុននឹងសម្រេចថាតើត្រូវប្ដឹងទាស់សាលក្រមនេះឬយ៉ាងណា។

អឿត អាង (កណ្តាល ឆ្វេងឳ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់អ្នកវិភាគនយោបាយ កែម ឡី ដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អំឡុងសវនាការ អឿត អាង និយាយថា ខ្លួនបានទិញកាំភ្លើងខ្លីម៉ាកឡុកដែលប្រើសម្រាប់សម្លាប់លោក កែម ឡី ពីបុរសជនជាតិថៃម្នាក់ឈ្មោះ ចក់។ គេមិនច្បាស់ទេថាតើ ពូលីស អាចនឹងជាប់ពាក់ព័ន្ធដោយវិធីណា ប៉ុន្តែសំណួរក៏ត្រូវបានចោទសួរកាន់តែច្រើនថាតើអ្នកណាជាអ្នកនាំខ្មាន់កាំភ្លើងនេះមកពីស្រុកកំណើតនៅសៀមរាបមកកាន់រាជធានីភ្នំពេញ ប៉ុន្មានថ្ងៃមុនពេលកើតមានការបាញ់សម្លាប់នេះ។

លោក លី សុផាណា អ្នកនាំពាក្យតុលាការបានបញ្ជាក់ថា ការស៊ើបអង្កេតក្នុងសំណុំរឿងនេះកំពុងតែបន្ត។ មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត លោកមានប្រសាសន៍ថា “សំណុំរឿងនេះត្រូវបានបំបែកដើម្បីបន្តការស៊ើបអង្កេតលើបុគ្គលដែលមានប្រយោជន៍។ ចៅក្រមជំនុំជម្រះបានបន្តស៊ើបអង្កេតសំណុំរឿងនេះ”។

សេចក្ដីថ្លែងការណ៍មួយចុះហត្ថលេខាដោយអង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការ International Commission of Jurists បានចេញបន្ទាប់ពីសាលក្រមនេះបង្ហាញពីការខ្វះចន្លោះធំៗចំនួន៨ចំណុចនៅក្នុងសវនាការដ៏តក់ក្រហល់នេះ។

ទី១ វាបង្ហាញថាអយ្យការមិនបានស៊ើបអង្កេតការអះអាងរបស់ អឿត អាង ដែលថា ខ្លួនមានលទ្ធភាពឱ្យលោក កែម ឡី ខ្ចីប្រាក់ចំនួន៣.០០០ដុល្លារ ដោយសារតែខ្លួនលក់ដីមួយកន្លែងដែលខ្លួនមានតាំងពីនៅក្មេង។

សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “ទោះជាយ៉ាងណា ព្រះរាជអាជ្ញាមិនបានបង្ហាញថាអ្នកស៊ើបអង្កេតបានខំប្រឹងប្រែងដើម្បីបញ្ជាក់ពីផ្នែកនេះនៃការរៀបរាប់របស់ អឿត អាង នោះទេ ឧទាហរណ៍ដូចជា ការកំណត់ទីតាំងដីនោះ ការទទួលបានភ័ស្តុតាងបញ្ជាក់ពីកម្មសិទ្ធិ ឬការលក់ដូរ ឬការសម្ភាស

អ្នកទិញដី ដើម្បីបញ្ជាក់ថាពិតជាមានការលក់ដូរនោះមែន”។

ការខ្វះការប្រឹងប្រែងស្វែងរកទីតាំងរបស់ឈ្មោះ ពូលីស និង ចក់ ដើម្បីស៊ើបអង្កេតលើការអះអាងរបស់ អឿត អាង អំពីការចូលបម្រើកងទ័ព និងសម្ភាសបុរសម្នាក់ពាក់អាវពណ៌សដែលអង្គុយជាប់លោក កែម ឡី នៅពេលលោកត្រូវគេសម្លាប់ ក៏ត្រូវបានបង្ហាញថាជាការខ្វះចន្លោះធំៗដែរ។

លោកស្រី ចាមប៉ា ប៉ាតេល (Champa Patel) ប្រធានអង្គការលើកលែងទោសអន្តរ

ជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយថា “កិច្ចដំណើរការនីតិវិធីគួរតែបានបង្ហាញថា អឿត អាង ជាអ្នកកេះកៃកាំភ្លើង ប៉ុន្តែការស៊ើបអង្កេតហាក់មិនបានគិតពិចារណាថាតើមាននរណាម្នាក់ផ្សេងទៀតជាអ្នកបញ្ចូលគ្រាប់កាំភ្លើងនោះទេ។ វាបង្ហាញយ៉ាងច្បាស់ថា សមត្ថកិច្ចមានបំណងឈប់ចាត់ការលើសំណុំរឿងនេះ ហើយបន្តទៅមុខ ប៉ុន្តែការមិនស៊ើបអង្កេតលើសកម្មភាពដ៏សាហាវយង់ឃ្នងនេះបានត្រឹមតែបន្ថែមភាពអយុត្តិធម៌ដែលគ្រួសាររបស់លោក កែម ឡី បានទទួលរងរួចទៅហើយប៉ុណ្ណោះ”។

សេចក្ដីថ្លែងការណ៍ដោយឡែកមួយរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៦៥ រួមទាំងអង្គការសិទ្ធិមនុស្សលីកាដូ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផង បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពសមល្មមគ្រប់គ្រាន់នៃដំណើរការយុត្តិធម៌ទាំងមូល ហើយបានអំពាវនាវឱ្យមានគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតបន្ថែមទៀត។

សេចក្ដីថ្លែងការណ៍នេះឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់តុលាការថា អឿត អាង គឺជាជនល្មើសតែម្នាក់គត់ ថ្វីបើ “ខ្វះទាំងស្រុង” នូវភាពគួរឱ្យជឿទុកចិត្តនៃការអះអាងថាលោក កែម ឡី ជំពាក់ប្រាក់ជនល្មើស និងការមិនបញ្ចេញរូបភាពវីដេអូដែលបង្ហាញពីសកម្មភាព អឿត អាង ប៉ុន្មានម៉ោងមុនពេលជននេះទៅដល់ស្តាម៉ាតកើតហេតុក្ដី។

លោកស្រី ណាលី ពីឡូក អនុប្រធានផ្នែកតស៊ូមតិនៅអង្គការលីកាដូមានប្រសាសន៍ថា “ការស៊ើបអង្កេតនេះមិនគ្រប់គ្រាន់ទេ ហើយសវនាការនេះគ្រាន់តែជាលេសប៉ុណ្ណោះ។ យើងទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យដោយមានជំនួយពីអន្តរជាតិ ដើម្បីស៊ើបអង្កេតលើការស្លាប់របស់លោកបណ្ឌិត កែម ឡី ជាវិធីតែមួយគត់ដែលអាចរកយុត្តិធម៌ជូនគ្រួសារ និងមិត្តភក្ដិរបស់គាត់”។

លោក ប៉ា ងួនទៀង ជាមិត្តភក្ដិរបស់លោក កែម ឡី និងជានាយកវិទ្យុសំឡេងប្រជាធិបតេយ្យ (VoD) បានមានប្រសាសន៍ថា ទោសជាប់ពន្ធនាគារមួយជីវិតមិនអាចធ្វើឱ្យសាធារណជនឈប់សង្ស័យថា រដ្ឋាភិបាលជាប់ពាក់ព័ន្ធក្នុងឃាតកម្មនេះឡើយ។

លោកមានប្រសាសន៍ថា អ្នកខ្លះនៅតែមិនជឿថា អឿត អាង ជាខ្មាន់កាំភ្លើងពិតប្រាកដ ហើយបើទោះបីជាជននេះជាខ្មាន់កាំភ្លើងពិតក្ដី មានសំណួរដ៏សំខាន់មួយដែលមិនទាន់បានឆ្លើយ នោះគឺ “នរណានៅពីក្រោយឃាតកម្មនេះ?”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស