33 C
Phnom Penh

ក្រុម​​​សហជី​​​ព​​​មានគម្រោង​​​ហែ​​​ក្បួន​​​​​​នៅ​​​ថ្ងៃ​​​ប្រារព្ធ​​​ទិវា​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ តែ​​​​​​សាលា​​​រាជធានី​​​មិន​​​អនុញ្ញាត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានសហជីពធំបំផុតមួយក្នុងចំណោមសហជីពឯករាជ្យធំៗបំផុតនៅកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា អ្នកតវ៉ាប្រហែល៣.០០០នាក់ នឹងប្រមូលផ្តុំគ្នា ហើយហែក្បូនតាមផ្លូវក្នុងរាជធានីនៅថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ ខែឧសភា ជាចំណាត់ការមួយដែលអាចនាំឲ្យមានការប្រទូសសារ៉ាយជាមួយសាលារាជធានី ដែលលើកឡើងថា ការហែក្បួននេះនឹងមិនអនុញ្ញាតឲ្យធ្វើនោះឡើយ។

ការប្រកាសនេះកើតមានឡើងស្របពេលក្រុមសហជីពដែលមានសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាបានជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកម្សិលមិញ នៅកោះពេជ្រក្នុងរាជធានីភ្នំពេញ។ពិធីសំណេះសំណាលនេះ ជាព្រឹត្តិការណ៍ធ្វើឡើងមុនថ្ងៃប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣១នៃទិវាពលកម្មអន្តរជាតិ នេះបើយោងតាមព័ត៌មានថ្មីៗដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។

សមាជិកសហជីព គ្រូបង្រៀន និងមន្ត្រីរាជការចូលរួមពិធីសំណេះសំណាលអបអរសាទរបុណ្យចូលឆ្នាំថ្មី និងការរំឭកខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅសាលមហោស្រពកោះពេជ្រ កាលពីម្សិលមិញ។
សមាជិកសហជីព គ្រូបង្រៀន និងមន្ត្រីរាជការចូលរួមពិធីសំណេះសំណាលអបអរសាទរបុណ្យចូលឆ្នាំថ្មី និងការរំឭកខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅសាលមហោស្រពកោះពេជ្រ កាលពីម្សិលមិញ។

អ្នកដែលបានអញ្ជើញមកចូលរួមមានសមាជិកសហជីព គ្រូបង្រៀន និងមន្ត្រីរាជការដែលមានចំនួនសរុបប្រហែល៣.៥០០នាក់ ដោយសុទ្ធតែពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា។ ពិធីនេះធ្វើឡើងក្រោមប្រធានបទ “ដើម្បីសន្តិភាព ការងារ មុខរបរនិងអភិវឌ្ឍ” នេះ បើយោងតាមសារបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីរូបនេះ។

ពិធីសំណេះសំណាលនេះបិទមិនឲ្យអ្នកយកព័ត៌មានចូលនោះឡើយហើយលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលបានចូលរួមនៅក្នុងពិធីនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយថាតើអ្វីត្រូវបានពិភាក្សានោះ។

ស្របពេលដំណាលគ្នានេះលោក អាត់ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានលើកឡើងថា ក្រុមសហជីពឯករាជ្យមានគម្រោងប្រមូលផ្តុំកម្មករ ប្រហែល ៣.០០០នាក់ឲ្យមកជួបជុំគ្នានៅក្បែរ អគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលស្ថិតនៅក្បែរវត្តភ្នំនៅសប្តាហ៍ក្រោយ មុនពេលហែក្បួនទៅរដ្ឋសភាដើម្បីដាក់ញត្តិ។

លោកបានមានប្រសាសន៍ថា “យើងមានគោលបំណងពីរ”។ លោកបានមានប្រសាសន៍ បន្តថា “គោលបំណងទី១គឺយើងធ្វើរំឭកខួបអនុស្សាវរីយ៍លើកទី១៣១នៃទិវាពលកម្មអន្តរជាតិហ្នឹង។គោលបំណងទី២គឺដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងប្រទេសកម្ពុជា”។

លោក អាត់ ធន់ បានលើកឡើងទៀតថា លោកចង់ឲ្យមានការចាប់អារម្មណ៍លើការដំឡើងប្រាក់ខែគោលសម្រាប់កម្មករ ចង់ឲ្យរដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសេរីភាពបញ្ចេញមតិ និងចង់ឲ្យមានការកែប្រែមាត្រាខ្លះៗនៃច្បាប់សហជីពដ៏ចម្រូងចម្រាស។

ការតវ៉ានិងអំពើហិង្សាបានកើតឡើងអំឡុងសភាអនុម័តច្បាប់នេះ កាលពីឆ្នាំមុន ខណៈអ្នករិះគន់បានលើកឡើងថា វាបង្កើតឡើងដើម្បីរារាំងអ្នកដែលមានប្រវត្តិប្រព្រឹត្តបទល្មើសមិនឲ្យដឹងនាំសហជីព និងមិនបានបង្កើតតុលាការឯករាជ្យសម្រាប់បញ្ហាការងារ ហើយក៏គ្មានយន្តការការពារដើម្បីកុំឲ្យប្រធានសហជីពធ្វើការបម្រើផលប្រយោជន៍ឲ្យនិយោជក ឬរដ្ឋាភិបាលនោះដែរ។

អង្គការអន្តរជាតិ និងអង្គការសិទ្ធិមនុស្សបានលើកឡើងថា ច្បាប់នេះផ្ទុយរដ្ឋធម្មនុញ្ញហើយរំលោភបំពានលើអនុសញ្ញាការងារអន្តរ ជាតិដែលរដ្ឋាភិបាលបានចុះហត្ថលេខា។

លោក អាត់ ធន់ បានលើកឡើងបន្តទៀតថា លោកបានដាក់លិខិតជូនសាលារាជធានីកាលពីថ្ងៃទី១០ខែមេសាជម្រាបជូនមន្ត្រីឲ្យដឹងអំពីគម្រោងហែក្បួននេះ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ លោក ថ្លែងថា “ឥឡូវនេះគឺយើងត្រៀម ធ្វើ យើងមិន ទាន់មានការប្រែប្រួលអីទេ”។ “បើគេ ឲ្យ ឬមិន ឲ្យតាមផែនការ គឺយើងនៅតែធ្វើដដែល”។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលា

រាជធានីបានលើកឡើងកាលពីម្សិលមិញថា អ្នកតវ៉ាត្រូវបានហាមឃាត់មិនឲ្យប្រមូលផ្តុំគ្នាក្បែរអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមិនឲ្យហែក្បួនតាមផ្លូវទៅកាន់រដ្ឋសភានោះឡើយ។ អ្នកតវ៉ាអាចប្រមូលផ្តុំបានតែនៅទីស្នាក់ការរបស់ខ្លួន ឬកន្លែងឯកជនប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “បើមិនគោរពតាមច្បាប់ ហើយនៅតែចចេសរឹងរូសធ្វើ គាត់ត្រូវតែទទួលខុសត្រូវខ្លួនឯង។ឧទាហរណ៍ ទៅលួចម៉ូតូគេ អញ្ចឹងដឹងតែខុសអាហ្នឹងនៅតែធ្វើទៀត អាហ្នឹងចាំទទួលខុសត្រូវតាមច្បាប់ហើយ”។

លោក ម៉េត មាសភក្តី បានលើកឡើងទៀតថា សាលារាជធានីបានរៀបចំលិខិតផ្ញើជូនលោក អាត់ ធន់ កាលពីសប្តាហ៍មុនជូនដំណឹងឲ្យគាត់ដឹងអំពីការសម្រេចរបស់សាលារាជធានី ហើយមិនដឹងច្បាស់ថា តើលិខិតនេះត្រូវបានបញ្ជូនរួចហើយឬយ៉ាងណានោះទេ។ លោកបានថ្លែងថា “ហើយអាធំជាងគេគឺការដង្ហែក្បួន យើងគិតមើលទៅមនុស្សរាប់ពាន់នាក់ដែលត្រូវដើរទៅរដ្ឋសភា… តើគាត់បានគិតអំពីផលប៉ះពាល់ ឬក៏ការកកស្ទះទេ?”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស