នៅពេលរឿងអាស្រូវផ្លូវភេទមួយពាក់ព័ន្ធលោក កឹម សុខា ដែលកាលនោះជាអនុប្រធានគណបក្សប្រឆាំងបានផ្ទុះឡើងកាលពីខែមីនាឆ្នាំមុន វាបាននាំឱ្យមន្ត្រីសិទ្ធិមនុស្សកំពូលៗទាំងបច្ចុប្បន្នទាំងអតីតចំនួនប្រាំរូបនៅកម្ពុជា ត្រូវបានចាប់ខ្លួនក្នុងពេលប៉ុន្មានសប្តាហ៍ ហើយបញ្ជូនទៅពន្ធនាគារតាមបទចោទសូកប៉ាន់។
ក្នុងរយៈពេលប៉ុន្មានខែក្រោយមក បណ្ដាអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសបានជួបស្ថានភាពដ៏អាក្រក់ នៅពេលមន្ត្រីសមាគមអាដហុកចំនួនប្រាំរូបត្រូវជាប់ឃុំដោយមិនទទួលបានសវនាការជំនុំជម្រះត្រឹមត្រូវ នេះបើយោងតាមការលើកឡើងរបស់អ្នកឃ្លាំមើលស្ថានការណ៍។ អ្នកខ្លះចាប់ផ្ដើមប្រុងប្រយ័ត្នចំពោះពាក្យសម្ដីរបស់ខ្លួន រីឯអ្នកខ្លះទៀតបានដកខ្លួនចេញពីជីវិតសាធារណៈ។ ពួកគេព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន។

ស្ថានភាពដ៏អាក្រក់នេះកាន់តែធ្ងន់ធ្ងរទៅ បន្ទាប់ពីលោក កែម ឡី អ្នកវិភាគនយោបាយត្រូវបានឃាតករបាញ់សម្លាប់កាលពីខែកក្កដា ស្របពេលលោកកំពុងបញ្ចេញរឿងនិទានខ្លីចាស់ៗជាបន្តបន្ទាប់ស្ដីពីជីវិតបច្ចុប្បន្នដែលអ្នកមានអំណាចត្រូវបានគេមើលឃើញថាគួរឱ្យខ្លាច។
លោក ធន សារាយ ប្រធានសមាគមអាដហុកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកពីប្រទេសកាណាដា ដែលលោកបាននិងកំពុងរស់នៅរយៈពេលជាច្រើនខែថា “ការឃុំខ្លួនបុគ្គលទាំងប្រាំរូប និងឃាតកម្មជាក្រោយលើលោក កែម ឡី បានជះផលប៉ះពាល់យ៉ាងខ្លាំងមកលើសង្គមស៊ីវិល។ ផលវិបាកនេះគឺកើតចេញពីវប្បធម៌ចាប់ពិរុទ្ធខ្លួនឯងដែលសូម្បីសមាគមអាដហុកក៏បានចុះញ៉ម”។
មន្ត្រីសមាគមអាដហុកបួនរូប និងអតីតមន្ត្រីសមាគមនេះមួយរូបដែលជាបម្រើការងារនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនរហូតមកទល់ថ្ងៃនេះ។ ដោយជាប់ចោទពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ឱ្យនាងឆ្លើយបដិសេធស្នេហាលួចលាក់របស់ខ្លួន ជនសង្ស័យទាំងនេះដែលការឃុំខ្លួនពួកគាត់ត្រូវបានបន្ថែមរយៈពេល៦ខែទៀតកាលពីម្សិលមិញនិយាយថា ពួកគាត់បានឱ្យប្រាក់ទៅនារីរូបនោះសម្រាប់ជាជំនួយផ្លូវច្បាប់។
ជាផ្នែកមួយនៃការវាយប្រហារតាមផ្លូវច្បាប់យ៉ាងរាលដាលដែលបានធ្វើឱ្យលោក កឹម សុខា ត្រូវសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិរយៈពេលកន្លះឆ្នាំកាលពីឆ្នាំមុន សំណុំរឿងនេះត្រូវបានមជ្ឈដ្ឋានទូទៅសើចចម្អកថាជារឿងនយោបាយដែលរដ្ឋាភិបាលធ្វើឡើងដើម្បីឱ្យសមាគមសិទ្ធិមនុស្សមួយនេះរក្សាអព្យាក្រឹតភាពរបស់ខ្លួន និងជាការបញ្ជូនសារដាស់តឿនដល់អ្នកប្រឆាំងនានា។
បុគ្គលិកសមាគមអាដហុក សង្គមស៊ីវិល និងអ្នកវិភាគនិយាយថា រយៈពេល១ឆ្នាំមកនេះ សារនេះពិតជាត្រូវបានទទួលយ៉ាងច្បាស់។
សមាគមអាដហុកបានចេញបទបញ្ជាភ្លាមៗឱ្យឈប់ចុះផ្សាយសេចក្ដីប្រកាសព័ត៌មាន ឈប់និយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ និងឈប់ចេញសេចក្ដីថ្លែងការណ៍តស៊ូមតិ។ អង្គការមិនមែនរដ្ឋាភិបាលមួយនេះបានសម្រេចផ្អាកចេញមុខមាត់ដោយសង្ឃឹមថា ធ្វើបែបនេះនឹងអាចជួយដល់សំណុំរឿងប្រឆាំងលោក នី សុខា ដែលជាប្រធានផ្នែកឃ្លាំមើលនៅសមាគមអាដហុក និងអនុប្រធានពីររូបរបស់លោក គឺលោក ណៃ វង់ដា និងលោក យី សុខសាន្ត ព្រមទាំងលោកស្រី លឹម មុនី ដែលជាអ្នកស៊ើបអង្កេតជាន់ខ្ពស់។

លោក ធន សារាយ ដែលរូបលោកផ្ទាល់មិនបានចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរកាលពីខែតុលា ទាក់ទិនសំណុំរឿងប្រឆាំងបុគ្គលិកបួនរូបរបស់លោកបានមានប្រសាសន៍ថា “សមាគមអាដហុកបានបាត់ពីក្រសែភ្នែកសាធារណជនទាំងស្រុង ដោយសង្ឃឹមថាធ្វើបែបនេះមានឥទ្ធិពលជាវិជ្ជមានលើការវិវឌ្ឍនៃសំណុំរឿងនេះ”។
មន្ត្រីសម្របសម្រួលពីររូបថ្លែងថា ការភ័យខ្លាចពីថ្នាក់កំពូលរបស់ស្ថាប័ននេះបានបង្ហូរទៅដល់ថ្នាក់ខេត្ត ដោយសមត្ថកិច្ចតែងតែរារាំង ឬឃ្លាំមើលជាប្រចាំចំពោះសិក្ខាសាលាជាមួយប្រជាពលរដ្ឋមូលដ្ឋាន។
លោក ឡោ ចាន់ មន្ត្រីសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្តព្រះវិហារមានប្រសាសន៍ថា “ពេលថ្នាក់លើរបស់ខ្ញុំត្រូវបានចាប់ខ្លួន ខ្ញុំដឹងហើយថា នៅថ្ងៃណាមួយខ្ញុំនឹងប្រឈមបញ្ហាបែបនេះ។ ខ្ញុំមិនបារម្ភពីសុវត្ថិភាពរបស់ខ្ញុំទេ ព្រោះអ្វីដែលខ្ញុំធ្វើគឺធ្វើដើម្បីសង្គម”។
លោក ស្រី ណារ៉េន មន្ត្រីសម្របសម្រួលរបស់សមាគមនេះប្រចាំខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា លោកកាន់តែប្រយ័ត្នប្រយែងជាងមុន និងប្រុងប្រយ័ត្នចំពោះពាក្យសម្ដីរបស់លោកចាប់តាំងពីមានការចាប់ខ្លួនខាងលើមក។
លោកបន្តថា ”ក្រោយការចាប់ខ្លួនពួកគាត់ ពួកយើងកាន់តែប្រយ័ត្នប្រយែងជាងមុនចំពោះអ្វីដែលយើងកំពុងធ្វើ។ ពេលខ្លះខ្ញុំពិបាកធ្វើការជាមួយអាជ្ញាធរមូលដ្ឋានណាស់ ជាពិសេសពេលខ្ញុំសុំពួកគាត់ថា តើខ្ញុំអាចរៀបចំការបណ្តុះបណ្តាលសម្រាប់សហគមន៍មូលដ្ឋានទាក់ទិនសិទ្ធិរបស់ពួកគាត់។ មន្ត្រីខ្លះចូលរួមសិក្ខាសាលាដើម្បីធ្វើឱ្យប្រាកដថា ខ្ញុំមិននិយាយពាក់ព័ន្ធរឿងនយោបាយ”។
ការវាយប្រហារតាមផ្លូវច្បាប់មកលើសមាគមអាដហុកបានធ្វើឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងចំណោមក្រុមតស៊ូមតិសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេស ដោយមន្ត្រីមកពីអង្គការលីកាដូ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សុទ្ធតែទទួលស្គាល់ថា ខ្លួនប្រុងប្រយ័ត្នជ្រុល។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតមានប្រសាសន៍ថា “បន្ទាប់ពីមានការចាប់ខ្លួន យើងប្រុងប្រយ័ត្នណាស់ពេលយើងកំពុងបំពេញការងារ។ យើងត្រូវសិក្សាពីករណីនេះឱ្យបានល្អិតល្អន់ មុននឹងទទួលយកករណីណាមួយ។ អ្នកឃ្លាំមើលបំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែបែរជាត្រូវគេចោទថាប្រព្រឹត្តបទល្មើសទៅវិញ”។

លោក អំ សំអាត បានក្លាយជាអ្នកឃ្លាំមើលសិទ្ធិមនុស្សចុងក្រោយបំផុត ដែលរងបណ្តឹងតុលាការកាលពីខែកុម្ភៈជាពេលដែលលោកត្រូវបានកោះហៅមកសាកសួរក្នុងនាមជាសាក្សី បន្ទាប់ពីរងការវាយដំពីសំណាក់ក្រុមសន្តិសុខខណ្ឌដូនពេញដែលល្បីខាងប្រើអំពើហិង្សា អំឡុងការតវ៉ាអហិង្សាមួយសម្រាប់ទិវាលំនៅដ្ឋានពិភពលោកកាលពីខែតុលា។
លោក អំ សំអាត បានមានប្រសាសន៍ថា “ខ្ញុំរងការវាយដំ និងរងបណ្តឹងនៅតុលាការ ប៉ុន្តែ ខ្ញុំត្រូវតែធ្វើការដើម្បីសង្គម”។
លោកបានបន្តថា “យើងមានការព្រួយបារម្ភបន្តិចបន្តូច ប៉ុន្តែ យើងត្រូវតែបំពេញតាមតួនាទីរបស់យើង។ យើងត្រូវតែតស៊ូដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ យើងកំពុងធ្វើការដើម្បីការពារសិទ្ធិមនុស្ស ប៉ុន្តែយើងត្រូវបានចោទប្រកាន់ថាប្រឆាំងពួកគេ [រដ្ឋាភិបាល]”។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានលើកឡើងផងដែរថា មាន “ការជឿជាក់” ថា ការចាត់វិធានការតាមផ្លូវតុលាការជាបន្តបន្ទាប់លើអ្នកតស៊ូមតិសិទ្ធិមនុស្សបានធ្វើឲ្យ “ប៉ះពាល់យ៉ាងខ្លាំង” លើអ្នកបញ្ចេញមតិរិះគន់មួយចំនួន។ ប៉ុន្តែ លោកស្រីយល់ឃើញថា វាក៏ជួយនាំឲ្យមានការសាមគ្គីគ្នាកាន់តែខ្លាំងឡើងក្នុងចំណោមអង្គការសិទ្ធិមនុស្សផងដែរ។
មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូប និងអតីតមន្ត្រីនៅសមាគមនេះមួយរូបត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ ដោយសារបានព្យាយាមបញ្ចុះបញ្ចូលស្ត្រីម្នាក់ដែលគេអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា ដែលឥឡូវជាប្រធានគណបក្សសង្គ្រោះ ជាតិឲ្យឆ្លើយបដិសេធស្នេហាលួចលាក់។ មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកទាំងនេះបានអះអាងថា ពួកគាត់គ្រាន់តែផ្តល់ជំនួយផ្លូវច្បាប់ដល់សាក្សីនៅក្នុងសំណុំរឿងមួយប៉ុណ្ណោះ ជាការអនុវត្តទូទៅក្នុងចំណោមអង្គការសិទ្ធិមនុស្សនានា។
លោក រុន សារាយ នាយកប្រតិបត្តិអង្គការ ជំនួយផ្នែកច្បាប់នៃកម្ពុជាបានលើកឡើងថា សំណុំរឿងនេះទំនងជានឹងធ្វើឲ្យប៉ះពាល់ដល់ការងារផ្តល់ជំនួយផ្លូវច្បាប់ស្រដៀងគ្នានេះនៅថ្ងៃអនាគត។
លោកបានមានប្រសាសន៍ថា “ជួនកាល ដូចករណីសមាគមសិទ្ធិមនុស្សអាដហុក ពេលការផ្តល់ជំនួយត្រូវបានគេចាត់ទុកថាជាការសូកប៉ាន់នោះ អ៊ីចឹងវាប្រហែលជាមានការលំបាកខ្លាំងសម្រាប់អង្គការដែលធ្វើការជាមួយជនរងគ្រោះ[ដោយសារអំពើហិង្សា ឬការជួញដូរ] ឬសាក្សីផ្សេងៗទៀត”។
លោកបានមានប្រសាសន៍បន្តទៀតថា “យើងជួយពួកគេដាក់ពាក្យបណ្តឹងផ្លូវច្បាប់ទៅ តុលាការ ផ្តល់ជំនួយហិរញ្ញវត្ថុដល់សាក្សីហើយក្រោយមកពួកគេប្តូរចិត្ត ហើយនិយាយ ថា ‘ខ្ញុំធ្វើនេះដោយសារអង្គការឲ្យលុយខ្ញុំ'”។ លោកបានបន្តទៀតថា “វាលំបាកណាស់ក្នុងការអនុវត្តគម្រោងដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះ ឬសាក្សី”។
លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានលើកឡើងថា លោកជឿថា ករណីសមាគមសិទ្ធិមនុស្សអាដហុក គឺជាការខិតខំប្រឹងប្រែងជួសមុខឲ្យរដ្ឋាភិបាលដើម្បីបំភិតបំភ័យអ្នករិះគន់ និងដើម្បីធ្វើឲ្យមានការបែកខ្ញែក គ្នារវាងអង្គការសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ។
លោក ឆាំ ប៊ុនថេត បានលើកឡើងតាមរយៈអីុម៉េលមួយថា “ការជំរុញឲ្យមានការចាប់ខ្លួន គឺទី១ដើម្បីបំបិទមាត់សកម្មជនសិទ្ធិមនុស្សដែលនៅតែបន្តរិះគន់រដ្ឋាភិបាល។ ទី២ដើម្បី ធ្វើឲ្យរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា មើលទៅកាន់តែអាក្រក់ ធ្វើឲ្យមេដឹកនាំគណបក្សនេះមើលទៅគ្មានសីលធម៌ក្នុងខ្លួន និងដើម្បីកាត់ផ្តាច់គណបក្សសង្គ្រោះជាតិពីអង្គការសង្គមស៊ីវិល។ ទី៣[បង្កើត] ឲ្យមានអ្នកទោសនយោបាយទុកសម្រាប់ចរចានាពេលខាងមុខ បន្ទាប់ពីការបោះឆ្នោត”។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ក៏បានរិះគន់សំណុំរឿងផ្លូវច្បាប់របស់តុលាការដែរកាលពីម្សិលមិញ ដោយចាត់ទុកវាថា ជាការខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបំបិទមាត់អ្នករិះគន់ខ្លួន។
លោក ប្រេដ អាដាម (Brad Adams) នាយកប្រចាំតំបន់អាស៊ីនៃអង្គការនេះបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការនៅកម្ពុជាជាថ្មីម្តងទៀតបានធ្វើតាមបញ្ជារបស់រដ្ឋាភិបាលលោក ហ៊ុន សែនដើម្បី គាបសង្កត់សង្គមស៊ីវិល”។
លោកបានបន្តថា “គ្មាននរណានឹកឃើញប្រើវិធីសាស្ត្រតាមផ្លូវតុលាការដើម្បីចោទប្រកាន់បែបនេះឡើយ ក្រៅពីលោកហ៊ុន សែន ដែលខិតខំធ្វើឲ្យអន្តរាយដល់ការងាររាប់ទសវត្សរ៍របស់អ្នកការពារសិទ្ធិមនុស្សដ៏ក្លាហាន ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្លួន”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងម្តងទៀតថា តុលាការគឺឯករាជ្យមិនស្ថិតក្រោមចំណុះរដ្ឋាភិបាលទេ ហើយសំណុំរឿងនេះមិនមែនជាការវាប្រហារលើ សមាគមសិទ្ធិមនុស្សអាដហុក ឬសង្គមស៊ីវិលឡើយ។
លោកបានមានប្រសាសន៍ “ចៅក្រមត្រូវការរកឲ្យឃើញថា តើពួកគេរំលោភច្បាប់ដែរ ឬអត់។វាអត់មានអីពាក់ព័ន្ធនឹងសមាគមសិទ្ធិមនុស្សអាដហុក និងអង្គការផ្សេងៗទៀតនោះឡើយ ព្រោះតុលាការគេមានដំណើរការនីតិវិធីរបស់ខ្លួន”។
លោក ផៃ ស៊ីផាន បានលើកឡើងទៀតថា អង្គការមិនមែនរដ្ឋាភិបាលមានសេរីភាពក្នុងការរិះគន់រដ្ឋាភិបាលឲ្យតែពួកគេកុំហួសព្រំដែន។
លោកបានថ្លែងថា “សម្រាប់ខ្ញុំក៏ដូចជារដ្ឋាភិបាល អស់លោកអ្នកមានសិទ្ធិសេរីភាពក្នុងការរិះគន់។ ដូចជាកាសែត ព្រមទាំងប្រជាពលរដ្ឋតាមហ្វេសប៊ុកជាដើមអាចរិះគន់លោកនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលបានដើម្បីលើកឡើងពីបញ្ហា។ គ្មានអ្វីខុសនោះទេ។យើងស្វាគមន៍ការរិះគន់ ប្រសិនបើចាប់ដៃគូជាមួយរដ្ឋាភិបាល”។
លោកបានថ្លែងបន្តថា “ប៉ុន្តែ យើងមិនទទួលយកការតាមយាយីរដ្ឋាភិបាលនោះឡើយ ព្រោះរដ្ឋាភិបាលបម្រើប្រជាពលរដ្ឋ។ គេគ្មានសិទ្ធិយាយីទេ។ គេគ្មានសិទ្ធិគំរាមកំហែងឡើយ យើងត្រូវគោរពគ្នាទៅវិញទៅមក”។
ទោះជាយ៉ាងណា ក្នុងខេត្តព្រះវិហារ លោក ឡោ ចាន់ ជឿថា សំណុំរឿងប្រឆាំងអ្នករួមការងារជាមួយលោក គឺជាការសងសឹកយ៉ាងច្បាស់ក្រឡែតចំពោះការខិតខំប្រឹងប្រែងរបស់ សមាគមសិទ្ធិមនុស្សអាដហុកដើម្បីលាតត្រឡាងការរំលោភបំពានសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។
លោកបានលើកឡើងថា ” ខ្ញុំគិតថា ពួកគេមិនសប្បាយចិត្តដោយសារការងាររបស់ខ្ញុំប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ”។ លោកបានបន្តថា “ខ្ញុំដឹងថាខ្ញុំជាឆ្អឹងទទឹងករបស់ពួកគេ”៕សុខុម និងស៊ុយឈាង (រាយការណ៍បន្ថែមដោយ Matt Surrusco)