37 C
Phnom Penh

រដ្ឋាភិបាល​​​នឹង​​​ផ្តល់​​​មូលនិធិ​​​ដល់​​​អ្នក​​​ឃ្លាំ​​​មើល​​​​​​ស្រមោល​​​ដែលត្រូវបានអញ្ជើញ​ឲ្យ​មកឃ្លាំមើល​​ការ​បោះឆ្នោត​ម្តងទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមួយដែលត្រូវបានចោទប្រកាន់ថា បានផ្តល់ការយល់ព្រមជាផ្លូវការដោយគ្មានការពិចារណាត្រឹមត្រូវចំពោះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣នោះ បានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងត្រឡប់មកអង្កេតការណ៍ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនា ដោយថ្លៃសំបុត្រយន្តហោះ ការស្នាក់នៅ និងការធ្វើដំណើរទៅកាន់ខេត្តសៀមរាបត្រូវបានរ៉ាប់រងដោយក្រសួងការបរទេស។

សន្និសីទអន្តរជាតិស្តីពីគណបក្សនយោបាយអាស៊ី (ICAPP) គឺជាក្រុមមួយក្នុងចំណោមក្រុមឃ្លាំមើលការបោះឆ្នោតអន្តរជាតិចំនួនពីរដែលប្រកាសថា ការបោះឆ្នោតជាតិឆ្នាំ២០១៣ សេរី និងយុត្តិធម៌ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតនេះរងការតវ៉ាថា មានការលួចបន្លំសន្លឹកឆ្នោត។ កំណត់ហេតុផ្ទៃក្នុងដែលចែកអំឡុងពេលនោះដោយICAPP នៅមុនការបោះឆ្នោតបានលើកឡើងថា គណបក្សប្រជាជនកម្ពុជារ៉ាប់រងការចំណាយនានាលើការធ្វើដំណើរមកអង្កេតការណ៍នោះ ប៉ុន្តែក្រោយមកមានសេចក្តីថ្លែងការណ៍មួយលើកឡើងថា ក្រុមនេះបានស្វែងរកការផ្តល់ជំនួយមូលនិធិក្នុងជម្រើសផ្សេង។

សារអេឡិចត្រូនិកដែលថ្មីៗនេះត្រូវបានបង្ហោះលើគេហទំព័រ ICAPP ហើយបញ្ជូនកាលពីថ្ងៃទី១៨ ខែឧសភា ដោយលោកស្រី លឹម ស្រីនិត ដែលប្រាប់អត្តសញ្ញាណដល់អ្នកយកព័ត៌មានថា ជាមន្ត្រីនៅក្រសួងការបរទេសនោះ បានផ្ញើការអញ្ជើញបន្តពីក្រសួង និងជួសមុខឲ្យ “គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ” អញ្ជើញសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP ឲ្យត្រឡប់មកវិញក្នុងដំណើរបំពេញបេសកកម្មរយៈពេល៥ថ្ងៃដើម្បីឃ្លាំមើលការបោះឆ្នោតក្នុងឆ្នាំនេះ “ដោយការធ្វើដំណើរ ការស្នាក់នៅក្នុងសណ្ឋាគារ និងការស្នាក់នៅផ្សេងៗ…ត្រូវបានរ៉ាប់រង និងរៀបចំទាំងស្រុងដោយកម្ពុជា”។

ពេលទាក់ទងកាលពីម្សិលមិញ លោកស្រី លឹម ស្រីនិត បានលើកឡើងថា ការចំណាយនានា នឹងរ៉ាប់រងដោយក្រសួង ប៉ុន្តែ បានបង្វែរ សំណួរផ្សេងទៀតទៅអ្នកនាំពាក្យក្រសួងគឺលោក ជុំ សុន្ទរី ដែលមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបាន។

កម្មវិធីសម្រាប់ដំណើរបំពេញបេសកកម្មនេះ ដែលក៏ត្រូវបានបង្ហោះនៅលើគេហទំព័រ របស់ ICAPP ដែរនោះ រួមមាន”ការចូលជួបសម្តែងការគួរសម” ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាហារពេលល្ងាចរៀបចំដោយអនុប្រធាន ICAPP និងឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងកិច្ចប្រជុំជាមួយតំណាងមកពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វុ៊នស៊ិនបិុច និង គ.ជ.ប។ ក្នុងនោះក៏មានការធ្វើដំណើរមួយថ្ងៃទៅកាន់ខេត្តសៀមរាបផងដែរ។

លោក Ra Su-jin ជំនួយការអគ្គលេខាធិការ ICAPP ក៏បានបញ្ជាក់ផងដែរថា ក្រសួងនឹងរ៉ាប់រងក្នុងការចំណាយនានា ហើយបានបង្វែរសំណួរទៅ គ.ជ.ប ដែលអ្នកនាំពាក្យស្ថាប័នបោះឆ្នោតនេះ គឺលោក ហង្ស ពុទ្ធា មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបាន។

លោក យឿង សុទ្ធារ៉ា មន្ត្រីផ្នែកច្បាប់ និងឃ្លាំមើលនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) បានលើកឡើងថា គ្មានច្បាប់ហាមរដ្ឋាភិបាលមិនឲ្យអញ្ជើញ ឬផ្តល់មូលនិធិដល់អ្នកអង្កេតការណ៍បោះឆ្នោតនោះទេ។

ប៉ុន្តែ លោក លី ម័រហ្គេនបេស័រ (Lee Morgenbesser)សាស្ត្រាចារ្យជនជាតិអូស្ត្រាលី ដែលជាសហនិពន្ធអត្ថបទមួយចេញផ្សាយកាលពីខែមីនា ដែលចាត់ទុក ICAPP និងអ្នកឃ្លាំមើលការបោះឆ្នោតឆ្នាំ២០១៣មួយរូបផ្សេងទៀតថា ជាអ្នកអង្កេតការណ៍ “ស្រមោល”  ដែលត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលផ្តាច់ការដើម្បីធ្វើឲ្យការបោះឆ្នោតមើលទៅស្របច្បាប់នោះ បានលើកឡើងកាលពីម្សិលមិញថា ក្រុមនេះទំនងជានឹងធ្វើឲ្យដំណើរការបោះឆ្នោតត្រូវបានទទួលយកជាផ្លូវការ ដោយមិនគិតពីភាពមិនប្រក្រតីណាមួយដែលអាចនឹងកើតមានឡើង។ លោកបានលើកឡើងយ៉ាងដូច្នេះដោយសំដៅដល់សន្និសីទសារព័ត៌មានដែលបានធ្វើឡើងត្រឹមតែ២ម៉ោងបន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់។

លោក ម័រហ្គេនបេស័រ ដែលក៏ជាអ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Griffith ដែរនោះបានសរសេរក្នុងសារអេឡិចត្រូនិកមួយកាលពីម្សិលមិញថា “ដោយឃ្លាំមើលតែនៅក្នុងថ្ងៃបោះឆ្នោតនោះ ICAPP កំពុងតែធ្វើសកម្មភាពផ្គើននឹងលិខិតបទដ្ឋានអន្តរជាតិ ដែលលើកទឹកចិត្តក្រុមអ្នកអង្កេតការណ៍ឲ្យឃ្លាំមើលគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោត”។ លោកបានសរសេរបន្តថា “ទាំងអស់នេះគឺជាប្រវត្តិសាស្ត្រច្រំដែល”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស