កាលពីម្សិលមិញ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបប្រជុំពិភាក្សាជាមួយពលរដ្ឋរស់នៅអគារប៊ូឌីញ សដែលចាស់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញ អំពាវនាវឱ្យពួកគាត់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយលោកមានប្រសាសន៍ជាថ្មីពីអ្វីដែលលោកបានលើកឡើងកាលពីខែមុនសុំ “ការគាំទ្រ” ពីម្ចាស់ផ្ទះរស់នៅក្នុងប្លុកអគារនោះ។
លោកបានមានប្រសាសន៍ថា “ថ្ងៃបោះឆ្នោតគឺថ្ងៃទី៤ ដូច្នេះសូមធ្វើឱ្យប្រាកដថាបោះឆ្នោតនឱ្យចំប្រអប់ ហើយកុំធ្វើឱ្យពួកយើងបាក់មុខ។ ខ្ញុំធ្វើការបម្រើបងប្អូន ដូច្នេះបងប្អូនគួរតែគាំទ្រពួកយើងផង”។

ជាង៩០ភាគរយនៃគ្រួសាររស់នៅក្នុងអគារប៊ូឌីញ ស បានយល់ព្រមទទួលយកសំណងជាប្រាក់ចំនួន១.៤០០ដុល្លារក្នុងមួយម៉ែត្រក្រឡាសម្រាប់ផ្ទះរបស់ពួកគាត់ពីក្រុមហ៊ុនអារ៉ាកាវ៉ា ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុន ដែលមានគម្រោងវាយកម្ទេចអគារប្រវត្តិសាស្ត្រនេះ ដើម្បីសាងសង់អគារកម្ពស់២១ជាន់។
ក្រសួងរៀបចំដែនដីបានរៀបចំដំណើរការចរចារយៈពេល១ខែមកហើយជាមួយប្រជាពលរដ្ឋទាំងនេះ។ លោក ជា សុផារ៉ា បានរៀបចំកិច្ចប្រជុំពិភាក្សាកាលពីព្រឹកម្សិលមិញនៅទីស្ដីការក្រសួងជាមួយប្រជាពលរដ្ឋ៤១គ្រួសារ ដែលមិនទាន់យល់ព្រមទទួលយកសំណងនៅឡើយ ហើយបានបញ្ចុះបញ្ចូលពួកគាត់១៣គ្រួសារឱ្យទទួលយកលក្ខខណ្ឌនេះ។ បែបនេះធ្វើឱ្យប្រជាពលរដ្ឋ២៨គ្រួសារមិនទាន់សម្រេចចិត្តទទួលយកនៅឡើយ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំនោះថា “គ្រួសារណាដែលមិនទាន់យល់ព្រមទទួលយកសំណង ចង់ឱ្យក្រសួងវាស់វែងផ្ទះរបស់ពួកគាត់ រួមទាំងកន្លែងនៅជាប់គ្នាដែលពួកគាត់និយាយថា ជាផ្នែកនៃដីរបស់ពួកគាត់ដែរ ហើយដាក់បញ្ចូលវាទៅក្នុងកិច្ចសន្យា”។ លោកបានបន្ថែមថា ការផ្លាស់ប្ដូរបែបនេះនឹង “មិនអាចទៅរួច” ឡើយ។ លោកបានថ្លែងថា “ប្រសិនបើយើងផ្ដល់ឱ្យដល់ពួកគាត់នោះ ចុះអ្នកផ្សេងទៀត?”។

អ្នកស្រី សុន ផានី គ្រួសារមួយក្នុងចំណោមគ្រួសារដែលមិនទាន់សម្រេចចិត្តទទួលយកនិយាយថា ការផ្តល់សំណងនេះគឺតិចតួចណាស់មិនអាចឱ្យគាត់រកទិញផ្ទះនៅកន្លែងផ្សេងបានឡើយ។ អ្នកស្រីនិយាយថា “ទឹកប្រាក់នេះមានចំនួនតិចតួចណាស់” ចំពោះដីរបស់គាត់ដែលមានទំហំ៩ម៉ែត្រការ៉េ។អ្នកស្រីបានបន្ថែមថា “តើឱ្យខ្ញុំទៅរកទិញផ្ទះនៅឯណាបាន”?
លោក ជា សុផារ៉ា បានរៀបចំកិច្ចប្រជុំពិភាក្សាមួយទៀតកាលពីរសៀលម្សិលមិញជាមួយប្រជាពលរដ្ឋជាង២០០គ្រួសារដែលបានយល់ព្រមទទួលយកសំណងរួចហើយ ដោយប្រាប់ពួកគាត់ថានឹងមិនមានការចរចាទៀតឡើយចំពោះអ្នកដែលមិនទាន់បានចុះហត្ថលេខាលើឯកសារ។ លោកបានថ្លែងថា ពួកគាត់អាចចាប់ផ្ដើមរើចេញពីផ្ទះរបស់ខ្លួនពីថ្ងៃទី៦ ខែមិថុនាទៅ។
ពលរដ្ឋមួយចំនួនបាននិយាយថា ពួកគាត់មានអារម្មណ៍ថាត្រូវគេគាបសង្កត់ឱ្យទទួលយកលក្ខខណ្ឌរបស់ក្រសួង។ ពលរដ្ឋម្នាក់ឈ្មោះ សំ ណារី បាននិយាយថា “ខ្ញុំបានបង្ខំចិត្តទទួលយក ព្រោះបើខ្ញុំបន្តរស់នៅទីនេះទៀត ខ្ញុំច្បាស់ជាអត់មានអីយកទៅទិញផ្ទះទេ៕ សារុន