កាលពីម្សិលមិញ កម្មកររោងចក្រកាត់ដេរជិត២.០០០នាក់បានបន្តធ្វើកូដកម្មទាមទារប្រាក់ឈ្នួលសម្រាប់ថ្ងៃឈប់សម្រាកទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ នៅពេលនិយោជកបានព្យួរការងារសកម្មជនសហជីព១០នាក់នៅរោងចក្រនេះ នេះបើតាមការលើកឡើងរបស់ពួកគេ។
លោក សៀង វិចិត្រ កម្មករម្នាក់ក្នុងចំណោមកម្មករដែលត្រូវបានព្យួរការងារនិយាយថា កូដកម្មបានចាប់ផ្ដើមនៅពេលរោងចក្រកាត់ដេរ សោតលេន (Southland) ស្ថិតនៅក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញបានបដិសេធការទាមទាររបស់កម្មករកាលពីព្រឹកថ្ងៃសុក្រដែលសុំឈប់សម្រាកពីរថ្ងៃ ដោយមានប្រាក់ឈ្នួល ដោយមិនចាំបាច់ប្រើថ្ងៃឈប់សម្រាកប្រចាំថ្ងៃរបស់ពួកគេ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យពួកគេបានទៅបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

លោក សៀង វិចិត្រ បានថ្លែងថា បន្ទាប់ពីមានការច្រានចោលសំណើដំបូង កម្មករបានស្នើឱ្យក្រុមហ៊ុនកាត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំមួយថ្ងៃ និងកាត់៥០ភាគរយនៃប្រាក់ឈ្នួលក្នុងមួយថ្ងៃ។
លោកបានបន្ថែមថា ពួកគេមានគម្រោងត្រឡប់ចូលធ្វើការវិញកាលពីព្រឹកម្សិលមិញ ស្រាប់តែពេលនោះពួកគេបានឃើញសេចក្ដីជូនដំណឹងរបស់តុលាការបិទនៅលើច្រកទ្វារចូលរោងចក្រស្ដីពីការព្យួរការងារនេះ។
នៅក្នុងសេចក្ដីជូនដំណឹងនោះ លោក ហេង សុខណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានជំរុញឱ្យ “កម្មករទាំងអស់នៃរោងចក្រកាត់ដេរ សោតលេន ចូលធ្វើការងារវិញដូចធម្មតាក្នុងរយៈពេល៤៨ម៉ោង លើកលែងតែកម្មករ១០នាក់ដែលត្រូវបានហាមមិនឱ្យចូលធ្វើការវិញឡើយ”។
ចៅក្រមរូបនេះបានសរសេរថា លោកបានឆ្លើយតបទៅនឹងពាក្យបណ្ដឹងរបស់មេធាវីតំណាងរោងចក្រ។
ចៅក្រម ហេង សុខណា ក៏បានលើកឡើងផងដែរថា លោកបានដឹងថាកម្មករបានចាប់ផ្ដើមធ្វើកូដកម្ម “ដោយមិនបានជូនដំណឹង ឬដាក់ជូនឯកសារណាមួយអំពីការធ្វើកូដកម្មនេះជាមុនឡើយ ដូចដែលមានចែងនៅក្នុងមាត្រា៣២៤នៃច្បាប់ការងារ”។
លោក សៀង វិចិត្រ ដែលជាសមាជិកមួយរូបនៃសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) បានមានប្រសាសន៍ថា កម្មករប្រហែល១០០នាក់បានចូលធ្វើការវិញកាលពីម្សិលមិញ ប៉ុន្តែភាគច្រើននៃកម្មករប្រហែល២.០០០នាក់នៅធ្វើកូដកម្មដដែល។
នៅពេលអ្នកយកព័ត៌មានចុះទៅកាន់រោងចក្រនេះនៅម៉ោងប្រហែល៤ល្ងាច ក្រុមកូដករដែលបានប្រមូលផ្ដុំគ្នានៅខាងក្រៅច្រកទ្វារចូលរោងចក្របានស្រែកឡូឡារំខានដល់កម្មករដែលចូលធ្វើការវិញ នៅពេលពួកគេចាកចេញពីបរិវេណរោងចក្រ ចំណែកនគរបាលសង្កាត់ចោមចៅបានឈរជើងនៅទីនោះ។
លោក សិដ្ឋ គឹមសេង ជាមន្ត្រីនគរបាលមួយរូបបានមានប្រសាសន៍ថា មន្ត្រីនគរបាល៣០នាក់ត្រូវបានដាក់ពង្រាយពេញមួយថ្ងៃដើម្បីរក្សាសន្តិសុខនៅរោងចក្រនេះ ដែលផលិតសម្លៀកបំពាក់ឱ្យយីហោអន្តរជាតិដូចជា Polo, Next និង American Eagle ជាដើម។
លោក ព្រាប ហូនីសុវណ្ណ មន្ត្រីម្នាក់នៃ CUMW បានមានប្រសាសន៍ថា រោងចក្រនេះមានការរើសអើងចំពោះសមាជិកសហជីពដោយការផ្តោតគោលដៅ និងការព្យួរការងារពួកគេជាបន្តបន្ទាប់។ ភាគច្រើននៃកម្មករផ្សេងទៀតនៅរោងចក្រសោតលេន នេះជាសមាជិកសហជីពដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល។
លោក ប៉ាវ ស៊ីណា ប្រធាន CUMW បានបន្ទរតាមការលើកឡើងនេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ។ លោកបានបន្ថែមថា “សកម្មភាពរបស់រោងចក្របានរំលោភច្បាប់ការងារទាំងស្រុង និងសន្ធិសញ្ញា [អង្គការពលកម្មអន្តរជាតិ]”។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ថា លោកមិនដឹងអំពីមូលដ្ឋានច្បាប់សម្រាប់ការព្យួរការងារនេះទេ ប៉ុន្តែថា ក្រសួងការងារបានលូកដៃពាក់ព័ន្ធហើយ។
លោកបានបន្ថែមថា “ខ្ញុំជឿជាក់ថា ពួកគេនឹងអាចផ្ដល់យោបល់អំពីការព្យួរការងារនេះថាតើវាស្របច្បាប់ឬមិនស្របច្បាប់”។
លោកបានថ្លែងថា ទោះជាយ៉ាងណា ការធ្វើកូដកម្មគឺខុសច្បាប់ ពីព្រោះកម្មករមិនបានជូនដំណឹងដល់និយោជក៧ថ្ងៃមុនឡើយ។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពកាងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានមានប្រសាសន៍ថា មានតែតុលាការប៉ុណ្ណោះទើបអាចកំណត់បានថាតើកូដកម្មនេះខុសច្បាប់ឬក៏អត់ ហើយមានតែក្រសួងការងារទេដែលអាចកំណត់ភាពស្របច្បាប់នៃការព្យួរការងារនេះបាន។
លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងបានទេ។
លោក មឿន តុលា បានមានប្រសាសន៍ថា វា “ទូទៅហើយ” ដែលកម្មករក្លាយជាផ្ទាំងស៊ីបនៅពេលពួកគេព្យាយាមបង្កើតសហជីពឯករាជ្យ ប៉ុន្តែជារឿយៗពិបាកនឹងរកភ័ស្តុតាងបញ្ជាក់ណាស់។
លោកបានថ្លែងថា “យើងចាំបាច់ត្រូវរកឯកសាររឹងមាំដើម្បីបង្ហាញថា អ្នកគ្រប់គ្រងរើសអើងលើពួកគេ”។
លោកស្រី Esther Germans អ្នកគ្រប់គ្រងកម្មវិធីសម្រាប់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ជាគម្រោងអង្គការពលកម្មអន្តរជាតិសំដៅលើកកម្ពស់លក្ខខណ្ឌការងារបានមានប្រសាសន៍ថា BFC រកមិនឃើញភ័ស្តុតាងថាអ្នកគ្រប់គ្រងរោងចក្រកាត់ដេរសោតលេន ជ្រៀតជ្រែកភាពជាសមាជិកសហជីពឡើយ ប៉ុន្តែលោកស្រីបានយល់ស្របថា វាជាវិស័យមួយដែលពិបាកឃ្លាំមើល។
លោកស្រីបានលើកឡើងនៅក្នុងអុីម៉េលថា “ខ្ញុំយល់ឃើញថា ការរំលោភបំពានសេរីភាពនៃការជួបជុំគ្នាជួនកាលពិបាកនឹងបញ្ជាក់អំឡុងដំណើរការវាយតម្លៃណាស់ ព្រោះនេះជាបញ្ហារសើបដែលជួនកាលត្រូវបានគេបិទបាំង”។
លោកស្រីបានបន្ថែមថា BFC ទទួលបានលិខិតមួយច្បាប់ពី CUMW ទាក់ទិនសមាជិករបស់ខ្លួន ហើយនឹង “ស៊ើបអង្កេតបញ្ហានេះអំឡុងការវាយតម្លៃពេលក្រោយ”។
តំណាងរោងចក្រកាត់ដេរ សោតលេនមិនអាចទាក់ទងបានទេ៕ សារុន