28.4 C
Phnom Penh

រដ្ឋមន្ត្រី​អត់ដឹង​សោះ​​ពេល​ព្រះមហាក្សត្រ​​តែងតាំង​អគ្គនាយក​ ទទក ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសៅរ៍ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យផ្លាស់ប្ដូរតួនាទីអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (TVK) ដែលគ្រប់គ្រងដោយរដ្ឋដោយ ទំនងជាធ្វើឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកនាំពាក្យក្រសួងមួយរូបមានការភ្ញាក់ផ្អើល។

ព្រះរាជក្រឹត្យនេះផ្លាស់ប្ដូរតួនាទីលោក កឹម គុណវឌ្ឍន៍  អតីតអគ្គនាយកយូរមកហើយដែលបានជួយបង្កើតស្ថានីយទូរទស្សន៍នេះក្នុងឆ្នាំ១៩៨៣ ដោយតែងតាំងលោក ឃឹម វុទ្ធី ដែលពីមុនជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជាជាអ្នកឡើងកាន់ជំនួស។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍កាលពីម្សិលមិញថា ការតែងតាំងមិនទាន់ “ផ្លូវការ” ទេបច្ចុប្បន្ន ។

លោក អ៊ុក គឹមសេង បានថ្លែងថា “ខ្ញុំបានឃើញព្រះរាជក្រឹត្យហើយ ប៉ុន្តែការតែងតាំងមិនទាន់ផ្លូវការនៅឡើយទេ…។ ការតែងតាំងផ្លូវការនឹងត្រូវប្រកាសក្រោយពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានវិលត្រឡប់ពីប្រទេសសិង្ហបុរីវិញ”។ លោកបានបន្ថែមថា លោកមិនដឹងថាលោករដ្ឋមន្ត្រីនឹងវិលត្រឡប់មកវិញនៅពេលណានោះឡើយ។

នៅពេលទាក់ទងកាលពីម្សិលមិញ លោក ខៀវ កាញារីទ្ធ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ប៉ុន្តែ លោកបានឆ្លើយឆ្លងជាសាធារណៈតាមទំព័រហ្វេសប៊ុករបស់លោកអំពីប្រធានបទនេះ។ លោកបានសួរថា “ហេតុអ្វីបានជាខ្ញុំមិនដឹងអំពីការតែងតាំងនេះ?។ តើការតែងតាំងនេះចេញពីណា?”។

លោកបានឆ្លើយតបនៅក្នុងខំមិនថា “ព្រោះគ្មាននរណាម្នាក់មកសុំយោបល់ពីខ្ញុំ ឬស្នើសុំសម្រាប់ការតែងតាំងនេះឡើយ”។

លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា វាជាការចម្លែកដែលលោក ខៀវ កាញារីទ្ធ មិនដឹងពីរឿងនេះ។

លោក ឆាំ ប៊ុនថេត ដែលក៏ជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែរនោះបានមានប្រសាសន៍ថា “រដ្ឋមន្ត្រីក្រសួងព័ត៌មានគឺជាអ្នកដែលគួរដឹងពីរឿងនេះ។ ខ្ញុំភ្ញាក់ផ្អើលមែនទែន…។ បើវាមិនមែនចេញពីរដ្ឋមន្ត្រីរូបនេះ គួរតែចេញពីនាយករដ្ឋមន្ត្រីដែរ”។

លោកបានបន្ថែមថា ការប្រកាសនេះ”ចម្លែក”  ហើយ”វាមិនមែនជារបៀបធ្វើការរបស់រដ្ឋាភិបាលទេ”។

លោក អ៊ុក គឹមសេង បានមានប្រសាសន៍ថា ការប្រកាសនេះកើតឡើងដំណាលគ្នានឹងលោក កឹម គុណវឌ្ឍន៍ ដល់អាយុចូលនិវត្តន៍ ប៉ុន្តែលោកបានថ្លែងថា អតីតអគ្គនាយករូបនេះនឹងនៅបម្រើការជាប្រតិភូរដ្ឋាភិបាលរបស់ស្ថានីយទូរទស្សន៍នេះ និងរក្សាការទទួលខុសត្រូវកិច្ចការនយោបាយដដែល។

នៅពេលទាក់ទងកាលពីម្សិលមិញ លោក កឹម គុណវឌ្ឍន៍ បានមានប្រសាសន៍ថា លោកបានឃើញព្រះរាជក្រឹត្យហើយ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ លោក ឃឹម វុទ្ធី ដែលជំនួសតួនាទីរបស់លោកបានបដិសេធមិននិយាយពីអ្នកទទួលខុសត្រូវចំពោះការដំឡើងតួនាទីរបស់លោកឡើយ។

ដោយសុំទោសអ្នកយកព័ត៌មានមុនពេលចុចបិទទូរស័ព្ទនោះ លោក ឃឹម វុទ្ធី បានមានប្រសាសន៍ថា “ខ្ញុំមិនអាចនិយាយបានទេ ពីព្រោះនេះជារឿងសម្ងាត់របស់ខ្ញុំ”។

លោក កឹម គុណវឌ្ឍន៍ បានជួយបង្កើតស្ថានីយទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋនេះក្នុងឆ្នាំ១៩៨៣ តែរយៈពេលគ្រប់គ្រងរបស់លោកចៀសមិនផុតពីភាពចម្រូងចម្រាសឡើយ។ ទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយទូរទស្សន៍មួយចំនួនទៀតដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបានបដិសេធមិនផ្សាយពីការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាមួយនគរបាលក្នុងរាជធានីភ្នំពេញឡើយ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ដ៏ចម្រូងចម្រាស ដោយបានជ្រើសរើសផ្សាយរឿងភាគឆ្លុះបញ្ចាំងពីជីវភាពរស់នៅប្រចាំថ្ងៃ និងការប្រកួតកីឡាប្រដាល់ជំនួសវិញ ជាការសម្រេចដែលលោក កឹម គុណវឌ្ឍន៍ និយាយការពារនៅពេលនោះ។

អតីតអគ្គនាយករូបនេះ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងឆ្នាំ២០១៤ នៅពេលលោកបានលាលែងពីតួនាទីបន្ទាប់ពីខកខានមិនបានផ្សាយពីព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនោះ។ ការលាលែងពីតួនាទីរបស់លោកត្រូវបានច្រានចោលដោយក្រុមមន្ត្រីក្រសួងព័ត៌មាន ហើយលោកត្រូវបានឱ្យកាន់ការងារកំពូលនេះវិញ១១ថ្ងៃក្រោយមក៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស