42.2 C
Phnom Penh

អ្នកទោស​​​ក្នុង​​​​​​ពន្ធនាគារ​​​​​​ខេត្ត​​​ព្រៃវែង​​​គំរាម​​​ទារប្រាក់​​​ពី​​​ស្ត្រី​​​ម្នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរបាលម្នាក់បាននិយាយកាលពីម្សិលមិញថា បុរសម្នាក់ដែលបច្ចុប្បន្នកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំពីបទប្លន់នោះ បានគំរាមទារប្រាក់រាប់រយដុល្លារពីស្ត្រីម្នាក់ ហើយក្រោយមកបានទាមទាររាប់ពាន់ដុល្លារទៀតជំុវិញរូបភាពវីដេអូអាក្រាតដែលស្ត្រីរូបនោះបានបន្តផ្ទាល់ឱ្យជននេះមើលតាមទំព័រហ្វេសប៊ុកដល់បន្ទប់ឃុំខ្លួនរបស់ជននេះក្នុងពន្ធនាគារខេត្តព្រៃវែង។

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលបានមានប្រសាសន៍ថា យ៉ែម ប្រុស អាយុ៤៣ឆ្នាំ បានឆ្លើយឆ្លងជាមួយស្ត្រីអាយុ៤៥ឆ្នាំម្នាក់មកពីខេត្តកណ្ដាលតាំងពីខែមុនមកស្រាប់តែនៅពេលនោះជននេះបានបញ្ចុះបញ្ចូលឱ្យស្ត្រីរូបនោះបង្ហាញប្រដាប់ភេទរបស់ខ្លួនតាមរយៈវីដេអូឆាតនោះ។

លោក អ៊ាវ ចំរើន បានថ្លែងថា “យ៉ែម ប្រុស បានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមួយចំនួនខុសៗគ្នាក្នុងពន្ធនាគារ ហើយបានថតវីដេអូនេះទុកដោយប្រើទូរស័ព្ទស្មាតហ្វូនមួយគ្រឿងទៀត រួចគំរាមបង្ហោះរូបអាក្រាតនេះតាមប្រព័ន្ធអុីនធឺណិត បើជនរងគ្រោះមិនវេរលុយឱ្យខ្លួនចំនួន៥០០ដុល្លារទេនោះ ហើយស្ត្រីរងគ្រោះបានវេរឱ្យ។

លោកបានថ្លែងថា ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅនគរបាលខេត្តកាលពីថ្ងៃសៅរ៍ បន្ទាប់ពី យ៉ែម ប្រុស បានព្យាយាមគំរាមទារប្រាក់ពីនាងចំនួន៥.០០០ដុល្លារទៀត។

លោក អ៊ាវ ចំរើន បានថ្លែងថា យ៉ែម ប្រុស ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំកាលពីឆ្នាំ២០១០ពាក់ព័ន្ធអំពើប្លន់នៅក្នុងខេត្តតាកែវ និងខេត្តកំពត ប៉ុន្តែត្រូវបានផ្ទេរមកកាន់ពន្ធនាគារខេត្តព្រៃវែងដើម្បីអនុវត្តទោសរបស់ខ្លួន។

លោកបានថ្លែងថា នៅក្នុងពន្ធនាគារ យ៉ែម ប្រុស បានប្រើប្រាស់ទូរស័ព្ទបីគ្រឿង កុំព្យូទ័រយួរដៃមួយគ្រឿង ប្រើប្រាស់លេខទូរស័ព្ទបួនខ្សែ និងគណនីហ្វេសប៊ុកចំនួនប្រាំ។ លោកបានបន្ថែមថា ឆ្មាំពន្ធនាគារបានជួយទៅដកលុយដែលបានពីការគំរាមឱ្យជននេះទៀត។

អ្នកទោសនៅក្នុងប្រទេសកម្ពុជាមិនត្រូវបានអនុញ្ញាតឱ្យប្រើឧបករណ៍អេឡិចត្រូនិកផ្ទាល់ខ្លួនឡើយ ប៉ុន្តែឆ្មាំពន្ធនាគារត្រូវបានចោទប្រកាន់ជាយូរមកហើយថា ទទួលបានសំណូកពីអ្នកជាប់ឃុំទាំងនោះ។

យោងតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់មន្ត្រីនគរបាលរូបនេះ ជនសង្ស័យរូបនេះបានប្រាប់លោកថា រូបគេទទួលបានការអនុញ្ញាតក្នុងការប្រើឧបករណ៍អេឡិចត្រូនិកពីមន្ត្រីពន្ធនាគារម្នាក់។

លោក អ៊ាវ ចំរើន បានដកស្រង់សម្ដី យ៉ែម ប្រុស ដែលនិយាយថា “ក្នុងពន្ធនាគារខេត្តព្រៃវែង នៅពេលខ្ញុំចេញពីបន្ទប់ឃុំខ្លួន ខ្ញុំអាចលេងកុំព្យូទ័រ និងទូរសព័ព្ទបាន ពីព្រោះខ្ញុំទទួលបានការអនុញ្ញាតពីលោក អ៊ុំ រ៉ាយឿង អនុប្រធានពន្ធនាគារ។ កាលពីមុនខ្ញុំធ្លាប់ទិញសម្ភារមួយចំនួនឱ្យគាត់ផងដែរ”។

លោក វ៉ា យ៉ាន ប្រធានពន្ធនាគារខេត្តព្រៃវែងមិនអាចទាក់ទងសុំការបំភ្លឺបានទេ ហើយលេខទូរស័ព្ទរបស់អនុប្រធានលោកគឺលោក អ៊ុំ រ៉ាយឿង ក៏អ្នកយកព័ត៌មានមិនអាចទាក់ទងបានដែរកាលពីម្សិលមិញ។

លោក ហ៊ុយ ហឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកបានបញ្ជាឱ្យលោក វ៉ា យ៉ាន ស៊ើបអង្កេតបុគ្គលិករបស់ខ្លួនដើម្បីរកឱ្យឃើញអ្នកដែលបានសមគំនិតជាមួយ យ៉ែម ប្រុស។

លោកបានថ្លែងថា “គ្មានជនណាម្នាក់ត្រូវបានអនុញ្ញាតឱ្យយកបច្ចេកវិទ្យាណាមួយ…ចូលក្នុងពន្ធនាគារឡើយ”។

លោក ហ៊ុយ ហឿន បានមានប្រសាសន៍ថា មានបីរបៀបដែល យ៉ែម ប្រុស អាចទទួលបានឧបករណ៍អេឡិចត្រូនិកទាំងនោះ “ទី១ គឺគាត់ទទួលបាននៅពេលក្រុមគ្រួសារមកសួរសុខទុក្ខ ហើយទី២ មានគេគប់វារំលងរបងពន្ធនាគារចូលមក និងទី៣ អាចមានដោយសារការសមគំនិតជាមួយមន្ត្រីពន្ធនាគារមិនល្អមួយចំនួន”។

លោកថ្លែងថា “ពីពន្ធនាគារព្រៃស យើងតែងតែមានរបាយការណ៍អំពីការចាប់បានទូរស័ព្ទជាច្រើនគ្រឿងនៅក្នុងពន្ធនាគារ។ វាតែងតែកើតឡើង ហើយមិនចេះចប់ឡើយ”។

លោកបានបន្តថា តាំងពីពេលនោះមក យ៉ែម ប្រុស ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារព្រៃស ប៉ុន្តែលោកបានបដិសេធមិននិយាយលម្អិតអំពីការសម្រេចនោះឡើយ។

លោក អ៊ាវ ចំរើន មានប្រសាសន៍ថា ពាក្យបណ្ដឹងរបស់ជនរងគ្រោះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលឆាប់ៗនេះ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស