គេរំពឹងថា នៅថ្ងៃនេះគណបក្សសង្គ្រោះជាតិនឹងជំរុញឱ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ច្រានចោលវិសោធនកម្មលើច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានតាក់តែងឡើងក្នុងបំណងធ្វើឱ្យលោក សម រង្ស៊ី ឥស្សរជនគណបក្សប្រឆាំងស្ថិតនៅក្រៅសង្វៀនប្រកួត។
គម្រោងនេះកើតមានឡើងស្របពេលអង្គការសង្គមស៊ីវិលចំនួន១៩ បានសម្ដែង “ការព្រួយបារម្ភខ្លាំង” អំពីវិសោធនកម្មនេះដែលខ្លួននិយាយថានឹងដាក់ “ការរឹតបន្តឹងយ៉ាងអយុត្តិធម៌បន្ថែមទៀតលើសេរីភាពជួបជុំ និងបញ្ចេញមតិ”។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សរបស់លោកនឹងដាក់លិខិតមួយច្បាប់ទៅព្រះបរមរាជវាំងនៅថ្ងៃនេះ ដើម្បីស្នើសុំឱ្យព្រះមហាក្សត្រកុំឡាយព្រះហស្តលេខាលើសំណើច្បាប់នេះ បន្ទាប់ពីវាឆ្លងផុតក្រុមប្រឹក្សាធម្មនុញ្ញដែលមានទំនាក់ទំនងល្អជាមួយគណបក្សប្រជាជនកម្ពុជា។
តំណាងរាស្ត្ររូបនេះបានគូសបញ្ជាក់ថា ក្រៅពីរំលោភបំពានសិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញ វិសោធនកម្មនេះ “នឹងធ្វើឲ្យបែកបាក់សង្គមជាតិ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រុមតំណាងរាស្ត្រអនុម័តច្បាប់នេះដើម្បីកាត់ផ្ដាច់ទំនាក់ទំនងរបស់លោក សម រង្ស៊ី ដែលជា “ទណ្ឌិត” ពីគណបក្សចាស់របស់លោក ដែលលោកបានគ្រប់គ្រងពីក្រៅប្រទេសអំឡុងពេលនិរទេសខ្លួនរហូតមកទល់នឹងពេលលោកលាឈប់ពីគណបក្សដោយសាររំពឹងថានឹងមានការធ្វើវិសោធនកម្មលើច្បាប់េនះ ហើយជាលទ្ធផលវិសោធនកម្មនោះក៏ត្រូវបានអនុម័តកាលពីខែមីនា។ វិសោធនកម្មចុងក្រោយនេះនឹងរារាំងគណបក្សនយោបាយមិនឱ្យសហការជាមួយបុគ្គលដែលជាប់ទោសព្រហ្មទណ្ឌរួមទាំងលោក សម រង្ស៊ី ផង ដែលកំពុងប្រឈមនឹងបណ្ដឹងតុលាការជាច្រើន ដែលមជ្ឈដ្ឋានមួយចំនួនធំថ្កោលទោសថាជារឿងនយោបាយ។
ទោះបីជាលោក សុន ឆ័យ បានលើកឧទាហរណ៍អំពីសម្ដេចឪ នរោត្តម សីហនុ ដែលតែងតែយាងទៅក្រៅប្រទេសដើម្បីពិនិត្យព្រះរាជសុខភាពស្របពេលមានការអនុម័តចម្រូងចម្រាសក្ដី ក៏រដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យតែព្រះមហាក្សត្រឡាយព្រះហស្តលេខាលើច្បាប់ប៉ុណ្ណោះ គឺមិនមែនជំទាស់នឹងច្បាប់ឡើយ។ ក្នុងករណីព្រះមហាក្សត្រគង់នៅក្រៅប្រទេស ការឡាយព្រះហស្តលេខានេះនឹងធ្លាក់ទៅលើប្រមុខរដ្ឋស្តីទី ហើយក្នុងករណីនេះគឺលោក សាយ ឈុំ មន្ត្រីដ៏ស្មោះស្ម័គ្ររបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។
សេនារីយ៉ូនោះបានកើតឡើងកាលពីខែមីនា ពេលដែលលោក សាយ ឈុំ ចុះហត្ថលេខាលើវិសោធនកម្មជុំដំបូងក្នុងឆ្នាំនេះ ខណៈព្រះមហាក្សត្រគង់នៅប្រទេសចិន ដែលមន្ត្រីនិយាយថាដើម្បីពិនិត្យព្រះរាជសុខភាព។
លោក អ៊ុំ តារាវុធ ដែលជាទីប្រឹក្សារាជវង្សានុវង្សមានប្រសាសន៍ថា លោកមិនដឹងពីគម្រោងរបស់គណបក្សសង្គ្រោះជាតិទេ ហើយលោកក៏មិនអាចព្យាករដឹងថា ព្រះមហាក្សត្រនឹងមានប្រតិកម្មបែបណាដែរ។
លោកបានថ្លែងថា “គ្មានអ្នកណាទេ សូម្បីសម្តេចនាយករដ្ឋមន្ត្រី លោកមិនអាចសន្និដ្ឋាន ឬក៏មានយោបល់ទៅលើព្រះហឫទ័យរបស់ព្រះមហាក្សត្រដែរ”។
ប៉ុន្តែលោកបែរជាលើកឡើងថា លោកយល់ថា សំណើរបស់គណបក្សសង្គ្រោះជាតិ “បានមើលងាយ” ព្រះចេស្ដាព្រះមហាក្សត្រដែលបង្ខំឱ្យទ្រង់សម្រេចហឫទ័យលើច្បាប់នេះ “ព្រោះព្រះករុណាមិនទាន់បញ្ចេញបន្ទូលមួយម៉ាត់ទេ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមថា ព្រះមហាក្សត្រនឹងមិនកាន់ជើងគណបក្សសង្គ្រោះជាតិឡើយ។ លោកថ្លែងថា “ព្រះមហាក្សត្រ លោកឈ្លាសវៃណាស់ លោកមិនតាមការស្នើសុំរបស់គណបក្សប្រឆាំងនោះទេ”។

សូម្បីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសែរាជវង្សានុវង្សតែមួយគត់ដែលមានទំនាក់ទំនងដោយបើកចំហជាមួយគណបក្សប្រឆាំងមានមន្ទិលថា គម្រោងនេះនឹងមិនទទួលបានជោគជ័យទេ ដោយទ្រង់មានបន្ទូលថា ក្នុងករណីលើកមុនៗដែលគណបក្សប្រឆាំងធ្លាប់បានសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ “យើងមិនដែលទទួលបានការឆ្លើយតបពីព្រះមហាក្សត្រទេ”។
ដោយពេលេនះវិសោធនកម្មទាំងនេះកំពុងស្ថិតក្នុងដៃក្រុមប្រឹក្សាធម្មនុញ្ញដែលមានសិទ្ធិអំណាចបញ្ជូនវាត្រឡប់ទៅរដ្ឋសភាវិញ អង្គការសង្គមស៊ីវិលចំនួន១៩ រួមទាំងអង្គការសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផង ក៏បានចូលរួមរិះគន់ចំពោះវិសោធនកម្មទាំងនេះដែរតាមរយៈបទវិភាគមួយដាក់ជូនទៅក្រុមប្រឹក្សានេះកាលពីម្សិលមិញ។
ក្រុមនេះបានសរសេរក្នុងសេចក្ដីថ្លែងការណ៍មួយអមដោយបទវិភាគរបស់ខ្លួនថា “យើងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថា សិទ្ធិអំណាចធំទូលាយខ្លាំងពេកដែលផ្ដល់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្រោមសំណើវិសោធនកម្មនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាធិបតេយ្យរបស់កម្ពុជា និងរំលោភបទប្បញ្ញត្តិជាច្រើននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការប្ដេជ្ញាចិត្តរបស់កម្ពុជា ជាអន្តរជាតិចំពោះការគោរពសិទ្ធិមនុស្សផងដែរ”។
ក្រុមនេះនិយាយថា បទប្បញ្ញត្តិនៃច្បាប់នេះអាចចាប់ឱ្យគណបក្សនយោបាយទទួលខុសត្រូវចំពោះសេចក្ដីថ្លែងការណ៍ធ្វើឡើងដោយបុគ្គលជាប់ទោសព្រហ្មទណ្ឌដែលខ្លួនគ្មានការគ្រប់គ្រងលើ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំ ហើយរំលោភលើកិច្ចព្រមព្រៀងច្បាប់សំខាន់មួយចំនួន រួមទាំងរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សផងដែរ។
គណបក្សតូចៗក៏បានថ្កោលទោសចំពោះវិសោធនកម្មនេះដែរនៅឯកិច្ចពិភាក្សាតុមូលរៀបចំឡើងដោយរាជបណ្ឌិត្យសភាក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។
ទោះបីជាគណបក្សសង្គ្រោះជាតិបានបដិសេធមិនចូលរួមកិច្ចពិភាក្សាតុមូលនេះក្ដី ក៏តំណាងមកពីគណបក្សអំណាចខ្មែរ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងអ្នកផ្សេងទៀតដែលមានវត្តមានចូលរួម បានចាត់ទុកច្បាប់នេះថាជាការមិនចាំបាច់ ហើយគួរតែយកចិត្តទុកដាក់លើច្បាប់ដែលចាំបាច់ជាងនេះ។
ប៉ុន្តែក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា បានការពារសំណើវិសោធនកម្មនេះ ដោយអះអាងថា វាចំាបាច់សម្រាប់លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា រីកលូតលាស់ ហើយមិនមែនសំដៅធ្វើបាបលោក សម រង្ស៊ី នោះទេ បើទោះបីជាលោក សុខ ឥសាន ធ្លាប់បានប្រកាសកាលពីដើមខែនេះថា ច្បាប់នេះនឹង “សម្លាប់ជីវិតនយោបាយ សម រង្ស៊ី” ក្ដី។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា “គណបក្សនយោបាយមួយ…មិនត្រូវស្ថិតក្រោមឥទ្ធិពលនយោបាយរបស់ទណ្ឌិត ព្រោះទណ្ឌិត យើងដឹងទាំងអស់គ្នាហើយថាជាជនល្មើស ល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ ហើយមិនមែនជាជនគំរូរបស់សង្គម”៕ សុខុម