28.4 C
Phnom Penh

​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​ការពារ​​​លោក វង សូត ហើយ​​​រិះគន់​​​អាមេរិក និង​​​ HRW

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពារលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកាលពីម្សិលមិញ ដោយអះអាងថា លោកបានគាំទ្រការប្រើកម្លាំងប្រឆាំងអ្នកតវ៉ានៅក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រសម្ងាត់របស់គណបក្សប្រជាជនកម្ពុជាដែលក្រោយមកលោក វង សូត បាននិយាយប្រាប់អ្នកយកព័ត៌មាន។

លោកនាយករដ្ឋមន្ត្រីបានព្រលះលោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ប្រចាំតំបន់អាស៊ីដែលបានអំពាវនាវឱ្យដកលោក វង សូត ចេញពីតំណែងដោយលើកឡើងថា លោក រ៉ូបឺតសុន យកល្អគួរតែផ្តោតលើភាពវឹកវរ ភាពបង្កសង្គ្រាមរបស់អាមេរិក ដែលមិនសមសម្រាប់ចៅរបស់ខ្ញុំទេ។ លោក រ៉ូបឺតសុន បានតបតដោយជំរុញឱ្យលោក ហ៊ុនសែន “ឈប់បង្កើតលេស”ចំពោះការរំលោភបំពានសិទ្ធិមនុស្ស។

យោងតាមលោក វង សូត បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃអាទិត្យលោក ហ៊ុន សែន បានប្រាប់ក្រុមមន្ត្រីឱ្យវាយក្បាលនឹងគល់ឫស្សីដល់អ្នកតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត។

Hun-Sen-2មានប្រសាសន៍នៅពិធីសំណេះសំណាលជាមួយអត្តពលិក និងប្រតិភូកីឡាកម្ពុជាចូលរួមការប្រកួតកីឡា SEA Games ឆ្នាំ២០១៧នៅពេលខាងមុខនោះ លោក ហ៊ុន សែន មិនបាននិយាយពីការគំរាមនេះ ប៉ុន្តែបានលើកឡើងថា វាជាការពិត។

ដោយសំដៅដល់មហាបាតុកម្មក្រោយពីការបោះឆ្នោតឆ្នាំ២០១៣ លោកបានមានប្រសាសន៍ថា “ហើយសូមបញ្ជាក់ជូន ខ្ញុំគ្រាន់តែប្រជុំបក្ស ខ្ញុំនិយាយអ៊ីចឹង។’ខ្ញុំមិនបណ្តោយឱ្យមានការតវ៉ាដូចជំនាន់ឡាំប៉ាទេ’”។ លោកបានបន្ថែមថា “អ្វីដែលខ្ញុំណែនាំគឺការគ្រប់គ្រងស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយមិនអនុញ្ញាតឱ្យជំងឺឆ្នាំ២០១៣ងើបឡើងឡើយ”។

លោក ហ៊ុន សែន បានបង្វែរការចាប់អារម្មណ៍ទៅលោក រ៉ូបឺតសុន ដែលកាលពីថ្ងៃពុធ បានជំរុញឱ្យលោក វង សូត ចាកចេញ ពីតំណែងចំពោះការអត្ថាធិប្បាយនោះ ដោយលើកឡើងថា ក្នុងនាមជាពលរដ្ឋអាមេរិក លោក រ៉ូបឺតសុន គួរតែផ្តោតលើហេតុការណ៍នៅអាមេរិកទៅ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “តើអាមេរិកកំពុងធ្វើស្អីរាល់ថ្ងៃហ្នឹង? បាតុកម្ម បាញ់នេះ បាញ់នោះ ពេញហ្នឹង”។ លោកបានបន្ថែមថា “សូមអ្នកឯកទុកអនាធិបតេយ្យក្នុងប្រទេសអាមេរិក កុំនាំអនាធិបតេយ្យចូលប្រទេសខ្ញុំ”។

មុនពេលនិយាយពីការរកវិធីដើម្បីឱ្យចៅរបស់លោកដែលលោកមិនចេញឈ្មោះ ដកសញ្ជាតិអាមេរិកចេញនោះ លោកបានអះអាងថា ការអំពាវនាងឱ្យលោក វង សូតចាកចេញពីតំណែងនោះ គ្មានពាក់ព័ន្ធនឹងប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សឡើយ។

លោកបានមានប្រសាសន៍ថា”ឥឡូវខ្ញុំកំពុងរកវិធីធ្វើម៉េចឱ្យចៅរបស់ខ្ញុំដកសញ្ជាតិ ពីអាមេរិកចេញឱ្យបាន ព្រោះក្រែងលោអាមេរិកធ្វើសង្គ្រាមជាមួយគេ តម្រូវឱ្យចៅរបស់ខ្ញុំទៅធ្វើទាហានអាមេរិក”។

ក្រសួងសង្គមកិច្ចបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីម្សិលមិញដោយនិយាយសម្រាលប្រសាសន៍របស់រដ្ឋមន្ត្រីរូបនេះថា គ្រាន់តែជា “ការដាស់តឿន ក្រើនរំឭកដល់ពួកជ្រុលនិយមដែលតែងតែបង្កការរំខានដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋតាមរយៈការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត”។

ម៉្យាងវិញទៀត ការអត្ថាធិប្បាយរបស់លោក រ៉ូបឺតសុន បានបង្ក “អសន្តិសុខ អស្ថិរភាពសង្គម និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យរបស់ប្រទេសកម្ពុជា”។

ទន្ទឹមនឹងការដែលស្ថានទូតអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការវាយតម្លៃរបស់លោកនាយករដ្ឋមន្ត្រី លោក រ៉ូបឺតសុន បានសរសេរនៅក្នុងអីុម៉េលថា លោកនាយករដ្ឋមន្ត្រីបានយល់ច្រឡំពីអាណត្តិរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ។

លោកបានថ្លែងថា “លោកនាយករដ្ឋមន្ត្រី គួរតែដឹងឱ្យច្បាស់ថា យើងនៅអង្គការឃ្លាំមើលសិទ្ធិមនុស្សមានពេលវេលាគ្រប់គ្រាន់ក្នុងការបង្ហាញថា លោក និង សហរដ្ឋអាេមរិកមិនបានការពារសិទ្ធិមនុស្ស ហើយយើងនឹងបន្តធ្វើរឿងនេះ”។

លោកបានបន្ថែមថា “សូមចាំថា រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់សច្ចាប័នដោយស្ម័គ្រចិត្ត និងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ដោយសន្ធិសញ្ញាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាច្រើនខុសៗគ្នា ហើយទាំងនេះមិនមែនជាកាតព្វកិច្ចដែលត្រូវដាក់លើកម្ពុជាពីអំណាចខាងក្រៅឡើយ។ ឈប់បង្កើតលេស ហើយបន្ទោសអ្នកដទៃចំពោះការរំលោភសិទ្ធិមនុស្សច្បាស់ក្រឡែតរបស់រដ្ឋាភិបាលកម្ពុជា”៕សារុន (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស