42.2 C
Phnom Penh

សមាជិកព្រឹទ្ធសភាគណបក្ស​​​ប្រជាជនកម្ពុជា​​​​​​​​មិនបាន​​​បោះឆ្នោត​​​គាំទ្រ​​​បេក្ខភាព​​​លោកស្រី​​​ គុណ លំអង​​​ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាមិនបានបោះឆ្នោតគាំទ្របេក្ខភាពលោកស្រី គុណ លំអង សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ឱ្យចូលរួមក្នុងគណៈកម្មការសិទ្ធិមនុស្សព្រឹទ្ធសភាដែលពីមុនត្រូវបានធ្វើជាប្រធានដោយស្វាមីរបស់លោកស្រី ដែលជាប់ពន្ធនាគារ គឺលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីឡើយ។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា សមាជិកព្រឹទ្ធសភា១៨រូបក្នុងចំណោម៥១រូបដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គកាលពីម្សិលមិញ បានបោះឆ្នោតគាំទ្របេក្ខភាពលោកស្រី គុណ លំអង ក្នុងគណៈកម្មការនេះ ចំណែកសមាជិកព្រឹទ្ធសភា២៣រូបមកពីគណបក្សសំឡេងភាគច្រើនមិនបានបោះឆ្នោតគាំទ្រទេ។

លោកបានថ្លែងថា អាសនៈនៅក្នុងគណៈកម្មការនេះនឹងនៅទំនេររហូតដល់ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី១៤ខែមករា។ លោក ម៉ម ប៊ុននាង បានថ្លែងថា សមាជិកព្រឹទ្ធ សភាគណបក្សប្រជាជនកម្ពុជាមិនបានបោះឆ្នោតគាំទ្របេក្ខភាពលោកស្រី គុណ លំអង ពីព្រោះលោកស្រី នឹងមានរយៈពេលខ្លីប៉ុណ្ណោះនៅក្នុងគណៈកម្មការនេះ ហើយឈ្មោះគណបក្សរបស់លោកស្រី រំលោភបំពានវិសោធនកម្មថ្មីស្តីពីច្បាប់គណបក្សដែលរារាំងមិនឱ្យមានការឃុបឃិតជាមួយទណ្ឌិតជាប់ទោស។

លោកបានថ្លែងថា “នៅក្នុងសង្វៀនប្រជាធិបតេយ្យ វាជាឆន្ទៈរបស់សមាជិកព្រឹទ្ធសភាម្នាក់ៗ”។ លោក ហុង សុខហួរ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធាគាររយៈពេល៧ឆ្នាំកាលពីខែវិច្ឆិកាពីបទបង្ហោះសន្ធិសញ្ញាព្រំដែនក្លែងក្លាយរវាងកម្ពុជា និងវៀតណាមក្នុងទំព័រហ្វេសប៊ុក។

បន្ទាប់ពីលោក ហុង សុខហួរ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ព្រឹទ្ធសភាបានបោះឆ្នោតជាឯកច្ឆន្ទៈកាលពីខែមិថុនា ជ្រើសរើសបេក្ខភាពលោកស្រី គុណ លំអង ដែលលោកស្រីក៏គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជាផងនោះ ជំនួសស្វាមីលោកស្រី។

លោកស្រី គុណ លំអង មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ គណបក្ស សម រង្ស៊ី មានបំណងប្តូរឈ្មោះទៅជាគណបក្សពន្លឺភ្លើងទៀន ដោយបានប្រកាសពីការផ្លាស់ប្តូរនេះកាលពីចុងខែកក្កដា ប៉ុន្តែមិនទាន់ផ្លូវការនៅឡើយទេ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស