37 C
Phnom Penh

អ្នកអង្កេតការណ៍​ព្រមានថា​កម្ពុជា​កំពុង​ឆ្ពោះទៅរក​សម័យកាលគាបសង្កត់ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្តាអ្នកអង្កេតការណ៍បានលើកឡើងកាលពីម្សិលមិញថា ការបង្ក្រាបលើអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យ ប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សនយោបាយដែលបានចាប់ផ្តើមជិតពីរឆ្នាំកន្លងមកនេះ បានឈានដល់ចំណុចប្រែប្រួលមួយដែលគំរាមរុញច្រានកម្ពុជាឱ្យធ្លាក់ចូលក្នុងសម័យកាលគាបសង្កត់ថ្មី។

វិធានការបង្ក្រាបនេះដែលចាប់ផ្តើមដោយមានការអនុម័តច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (Lango) កាលពីខែកក្កដា ឆ្នាំ២០១៥មានសកម្មភាពកាន់តែខ្លាំង បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ខណៈនៅសល់តែប្រហែល១ឆ្នាំទៀតនឹងដល់ពេលប្រកួតប្រជែងដ៏ស្វិតស្វាញសម្រាប់ការបោះឆ្នោតជាតិនោះ។

ទោះបីជា រដ្ឋាភិបាលបដិសេធថា វិធានការរបស់ខ្លួនមិនមែនជារឿងនយោបាយក៏ដោយតែបណ្តាស្ថានទូត អង្គការសិទ្ធិមនុស្ស និងអ្នកវិភាគនយោបាយឯករាជ្យបានព្រមានកាលពីម្សិលមិញថា រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់បង្កឱ្យមានការភ័យខ្លាចនៅមុនការបោះឆ្នោតដែលនឹងធ្វើឡើងនៅខែកក្កដាឆ្នាំក្រោយ។ មជ្ឈដ្ឋានភាគច្រើន មើលឃើញថា ការចាត់វិធានការយ៉ាងតក់ក្រហល់របស់រដ្ឋាភិបាលតម្រូវឱ្យកាសែតខេមបូឌា ដេលី សងបំណុលពន្ធដែលជំពាក់ចំនួន៦,៣លានដុល្លារ និងការបញ្ជាឱ្យបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអង្គការមិនមែនរដ្ឋាភិបាលផ្តោតលើលទ្ធិប្រជាធិបតេយ្យដែលទទួលបានជំនួយឧបត្ថម្ភពីអាមេរិកយ៉ាងឆាប់រហ័សកាលពីម្សិលមិញ គឺជាផ្នែកនៃចំណាត់ការដ៏ទូលំទូលាយមួយដើម្បី បំបិទមាត់ បំភិតបំភ័យ និងយាយីអ្នករិះគន់។

cam-photo-NGOsជាការឆ្លើយតបនឹងការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ស្ថានទូតសហរដ្ឋអាមេរិកបានសួរកាលពីម្សិលមិញ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ? អ្នកជាអ្នកសម្រេចចិត្ត!”។

លោក មាស នី អ្នកវិភាគនយោបាយបានលើកឡើងថា និយមន័យរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃពាក្យថា ប្រជាធិបតេយ្យ គឺដើរលើទិសដៅបញ្ច្រាសគ្នា ដោយពលរដ្ឋខ្មែរសង្ឃឹមចង់បានសិទ្ធិសេរីភាព ដែលរដ្ឋាភិបាលមើលឃើញថាគ្រោះថ្នាក់។

លោកបានថ្លែងកាលពីម្សិលមិញថា “យើងអាចមើលឃើញបានថា គណបក្សកាន់អំណចលែងសូវសង្ឃឹមថា ខ្លួននឹងអាចទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីទៀតហើយ”។ រដ្ឋាភិបាលព្រួយបារម្ភថា “ប្រសិនបើផ្តល់សិទ្ធិច្រើនជ្រុលដល់ប្រជាពលរដ្ឋវាប្រហែលជាលំបាកក្នុងការគ្រប់គ្រង។ វាប្រហែលជាគ្រោះថ្នាក់”។

ស្ថានភាពមានភាពស្ងប់ស្ងាត់ល្អកាលពីខែកក្កដា ឆ្នាំ២០១៥ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំងនៅពេលនោះ មានភាពល្លូកល្អិនផ្នែកនយោបាយមួយរយៈខ្លះ និងបានទទួលទានអាហាររួមគ្នាព្រមទាំងមានថតសែលហ្វីជាមួយគ្នាទៀតផង។ ស្របពេលដំណាលគ្នានោះ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានច្រានចោលដោយក្រុមអ្នករិះគន់ដែលព្រមានថា វាអាចបំបិទមាត់សង្គមស៊ីវិល។

“វប្បធម៌សន្ទនា” ដែលមានអាយុកាលដ៏ខ្លីរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានរលាយទៅវិញ៣ខែក្រោយមកនៅពេលលោក ញ៉យ ចំរើន និង លោក គង់ សភា តំណាងរាស្ត្រគណបក្សប្រឆាំងត្រូវបានអង្គរក្សរបស់លោក ហ៊ុន សែន វាយដំយ៉ាងដំណំនៅខាងក្រៅរដ្ឋសភា។

១៨ខែបន្ទាប់មក គេបានឃើញ លោក សម រង្ស៊ី បង្ខំចិត្តភៀសខ្លួនទៅរស់នៅក្រៅប្រទេស ហើយលោក កឹម សុខា ដែលជាអនុប្រធានរបស់លោកនៅពេលនោះបានរត់ទៅសម្ងំលាក់ខ្លួននៅទីស្នាក់ការគណបក្សដើម្បីគេចពីសំណុំរឿងតុលាការដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ រីឯមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកទាំងអតីតនិងបច្ចុប្បន្នចំនួន៥រូបក៏រងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធ និងត្រូវបានបញ្ជូនទៅពន្ធនាគារផងដែរនៅក្នុងសំណុំរឿងរបស់លោក កឹម សុខានេះ។

ការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីឆ្នាំមុនបានធ្វើឱ្យភាពតានតឹងឈានដល់ចំណុចក្តៅមួយដោយមានមនុស្សរាប់សែននាក់នាំគ្នាចេញមកចូលរួមហែសពរបស់អ្នកវិភាគនយោបាយរូបនេះ។

ទោះបីជាលោក កឹម សុខា ត្រូវបានលើកលែងទោសនៅក្នុងខែធ្នូ ហើយមន្ត្រី អាដហុកទាំង៥រូបត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីខែមិថុនាក៏ដោយ តែអង្គការសង្គមស៊ីវិលលើកឡើងថា បុគ្គលិករបស់ខ្លួនកំពុងស្ថិតក្រោមការឃ្លាំមើល តាមដាននិងគំរាមកំហែងដោយធ្វើឱ្យប្រធានអង្គការមួយចំនួនរត់ភៀសខ្លួនដោយសារខ្លាចមានគ្រោះថ្នាក់ដល់ជីវិត។

ស្របពេលដំណាលគ្នានេះដែរតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាបានអនុម័តវិសោធនកម្មច្បាប់ចំនួន២លើកនៅក្នុងឆ្នាំនេះតាមបញ្ជារបស់លោក ហ៊ុន សែន ដើម្បីររាំងកុំឱ្យលោក សម រង្ស៊ី មានឱកាសប្រឡូកក្នុងឆាកនយោបាយ។ ហើយបន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាដែលមន្ត្រីគណបក្សប្រឆាំងយ៉ាងច្រើនបានឡើងជំនួសតំណែងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជានោះ លោកនាយករដ្ឋមន្ត្រីបានធ្វើការរិះគន់ខ្លាំងៗលើអង្គការឃ្លាំមើលការបោះឆ្នោតពិសេសគឺបន្ទប់ស្ថានការណ៍(Situation Room) ដោយបានចេញបទបញ្ជាឱ្យមានការសើុបអង្កេត ដែលទីបំផុតចាត់ទុកសម្ព័ន្ធអង្គការមួយនេះថា ខុសច្បាប់។

មន្ត្រីជាន់ខ្ពស់អង្គការអាដហុក ៤ រូប និង មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត លោក នី ចរិយា
មន្ត្រីជាន់ខ្ពស់អង្គការអាដហុក ៤ រូប និង មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត លោក នី ចរិយា

ការសើុបអង្កេតរបស់អគ្គនាយកដ្ឋានពន្ធដារបានផ្តោតលើអង្គការដែលធ្លាប់មានទំនាក់ទំនងមិនល្អជាមួយរដ្ឋាភិបាលនាពេលកន្លងមក រួមមានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដូចជា វិទ្យុអាស៊ីសេរី (RFA) វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងកាសែត ខេមបូឌា ដេលី ដែលអគ្គនាយកដ្ឋាននេះគំរាមបិទនៅថ្ងៃទី៤ខែកញ្ញា  ព្រមទាំងអង្គការសិទ្ធិមនុស្សដូចជា អង្គការលីកាដូ សមាគមសិទ្ធិមនុស្សអាដហុក និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) ជាដើម ប៉ុន្តែ អគ្គនាយកដ្ឋាននេះបានបដិសេធថា ចំណាត់ការរបស់ខ្លួនគ្មានផ្តោតទៅលើអ្វីផ្សេងក្រៅពីបង្កើនចំណូលជាតិនោះឡើយ។

ចំណាត់ការនេះបង្ហាញថា កម្ពុជាកំពុងងាកចេញពីការគ្រប់គ្រងតាមបែបផ្តាច់ការដែលនៅមានការប្រកួតប្រជែង ដោយសារការអនុញ្ញាតឱ្យស្ថាប័នប្រជាធិបតេយ្យមួយចំនួននៅមានដំណើរការ ទៅរកការគ្រប់គ្រងតាមបែបផ្តាច់ការទាំងស្រុងដែល “តម្រូវឱ្យមានការគាបសង្កត់បន្ថែមទៀតលើប្រព័ន្ធផ្សព្វផ្សាយ” នេះបើយោងតាមលោក Lee Morgenbesser អ្នកនិពន្ធសៀវភៅមានចំណងជើងថា “នៅពីក្រោយរនាំងបាំង៖ ការបោះឆ្នោតក្រោមអំណាចផ្តាច់ការនៅអាស៊ីអាគ្នេយ៍ (Beyond the Facade: Election Under Authoritarianism in Southeast Asia)” ­។

លោកបានសរសេរនៅក្នុងអីុម៉េលមួយថា “ដោយសារការសម្រេចលើគោលនយោបាយធំៗនៅកម្ពុជាចាប់ផ្តើម និងបញ្ចប់ដោយលោក ហ៊ុន សែន នោះ លោកកំពុងតែប្រើប្រាស់ប្រព័ន្ធពន្ធដារដើម្បីបន្តបំបិទមាត់អ្នកប្រឆាំងនឹងរូបលោក”។ លោកបានសរសេរបន្ថែមថា “ដោយទើបតែដាក់សម្ពាធលើគណបក្សសង្គ្រោះជាតិរួច វាច្បាស់ណាស់ថា អ្នកបន្ទាប់គឺសង្គមស៊ីវិលសំខាន់ៗ និងសារព័ត៌មានឯករាជ្យ”។

បរិយាកាសនេះបានប៉ះពាល់ដល់ការងាររបស់លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល។

លោកបានសរសេរសារជាអក្សរថា “បរិយាកាសសេរីភាពនៃការបញ្ចេញមតិស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះហើយជាការងារនិងជីវិតអ្នកតស៊ូមតិសិទ្ធិមនុស្ស។ វាតែងតែកើតឡើងគ្រប់ទីកន្លែង ដែលសិទ្ធិ និងសេរីភាពត្រូវបានកាត់បន្ថយ និងដកហូត”។

លោក មាស នី បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាហាក់ដូចជាងាកមកចាត់វិធានការលើអ្នកប្រឆាំងខ្លួនគ្រប់ដំណាក់ កាលទាំងអស់”។

លោកបានថ្លែងកាលពីម្សិលមិញថា “ខ្ញុំគិតថា រដ្ឋាភិបាលហាក់ដូចជាមានអង្គការទាំងអស់នៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ថា អង្គការណានឹងត្រូវធ្វើមុន ហើយអង្គការណានឹងត្រូវធ្វើក្រោយអ៊ីចឹង”។

ខណៈជំហានដំបូងផ្តោតលើអង្គការសិទ្ធិមនុស្សដូចជាសមាគមសិទ្ធិមនុស្សអាដហុក អង្គការលីកាដូ និងគណៈកម្មាធិការខុមហ្វ្រែលនោះ លោក មាស នី បានថ្លែងថា ការបង្ក្រាបក្នុងពេលនេះធ្វើលើវិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងកាសែត ខេមបូឌា ដេលី ហើយក្រោយមកផ្តោតគោលដៅលើវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក មុនពេលផ្តោតលើប្រជាពលរដ្ឋដូចជារូបលោកជាដើម។

លោកបានព្រមានថា “រឿងចុងក្រោយដែលពួកគេផ្តោតគោលដៅមុនការបោះឆ្នោតឆ្នាំ២០១៨នោះ គឺអ្នកវិភាគនយោបាយ”។

លោក Josef Benedict អនុប្រធានយុទ្ធនាការនៃអង្គការលើកលែងទោសអន្តរជាតិបានចាត់ទុកការផ្តោតលើហេតុការណ៍កាលពីពេលថ្មីៗនេះថា ជា “ការបារម្ភបំផុត”។

លោកបានសរសេរនៅក្នុងអីុម៉េលថា “អាជ្ញាធរកម្ពុជាមិនត្រឹមតែផ្តោតគោលដៅលើសកម្មជនសិទ្ធិមនុស្សប៉ុណ្ណោះទេ ថែមទាំងផ្តោតគោលដៅលើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទៀតផង”។ លោកបានបន្ថែមថា “ដោយការបោះឆ្នោតដ៏សំខាន់កាន់ តែខិតជិតមកដល់នោះ សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា និងអ្នកសង្កេតការណ៍នឹងកាន់តែសំខាន់ជាងពីមុនទៅទៀត”។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែងថា រដ្ឋាភិបាលបានក្លាយជាអ្នកស្ទាត់ជំនាញខាង “ការបង្កើតគំនិតរវើរវាយផ្នែកច្បាប់ ហើយបន្ទាប់មកប្រើប្រាស់វាដើម្បីធ្វើឱ្យវិធានការដ៏តឹងរ៉ឹងឃើញថា ត្រឹមត្រូវ”។

លោកបានសរសេរក្នុងអីុម៉េលថា “លទ្ធផលគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចថា គឺគ្រប់គ្រាន់ហើយ ហើយលោកគិតថា លោកមិនត្រូវអត់ឱនដល់ការរិះគន់ពីការរំលោភសិទ្ធិមនុស្ស ការប្រព្រឹត្តអំពើមិនគប្បី និងអភិបាលកិច្ចពុករលួយ ដែលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរាយការណ៍ថា បានឃើញជារៀងរាល់ថ្ងៃក្នុងប្រទេសកម្ពុជា”។ លោកបានបន្ថែមថា “កាសែត ខេមបូឌា ដេលី ស្ថិតក្នុងការព្រមានពីស្ថានភាពគ្រោះថ្នាក់”៕ ស៊ុយឈាង និង សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស