42.2 C
Phnom Penh

មន្ត្រី​​គំរាមធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្របពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងផ្នែកការទូត ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីម្សិលមិញបានថ្កោលទោស “ភាពកាន់តែអាក្រក់ទៅក្នុងបរិយាកាសប្រជាធិបតេយ្យរបស់កម្ពុជា” នៅពេលគេហទំព័រមួយគាំទ្ររដ្ឋាភិបាលដែលដកស្រង់ប្រភពចេញពីមន្ត្រីអនាមិក បានព្រមានថាក្រុមជាតិនិយមនឹងធ្វើបាតុកម្មតវ៉ាប្រឆាំងស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ។

ការគំរាមធ្វើបាតុកម្មតវ៉ានេះបានកើតឡើងគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃពុធ ជាពេលដែលក្រសួងការបរទេសបានបញ្ជាឱ្យវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអង្គការមិនមែនរដ្ឋាភិបាលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យដែលទទួលបានជំនួយមូលនិធិពីសហរដ្ឋអាមេរិក បញ្ឈប់សកម្មភាពរបស់ខ្លួន និងទុកពេលឱ្យបុគ្គលិកបរទេសរបស់អង្គការនេះរយៈពេល៧ថ្ងៃ ដើម្បីចាកចេញពីប្រទេសកម្ពុជា។

ប្រតិកម្មតបទៅនឹងសារមួយបង្ហោះតាមហ្វេសប៊ុករបស់ស្ថានទូតអាមេរិក ដែលល្ងាចនោះបានចោទសួរថា តើកម្ពុជានៅតែជាប្រទេសប្រជាធិបតេយ្យដែរឬទេ គេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំពាក្យរបស់រដ្ឋាភិបាលបានបង្ហោះអត្ថបទមួយដកស្រង់ប្រភពចេញពី “មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់” ដែលបានលើកឡើងថា  ”ក្រុមជាតិនិយម” ដែលគេមិនបញ្ជាក់អាចនឹងធ្វើបាតុកម្មតវ៉ាប្រឆាំងស្ថានទូតនេះ។

ការធ្វើការតវ៉ានៅខាងក្រៅស្ថានទូតអាមេរិកចាស់ នៅទីក្រុងភ្នំពេញ អំឡុងឆ្នាំ១៩៦៤ ក្នុងរូបថតបង្ហោះដោយ Fresh News កាលពីថ្ងៃព្រហស្បតិ៍។  រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អត្ថបទនោះមានខ្លឹមសារដូច្នេះថា “ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងទៀតថា បាតុកម្មតវ៉ានេះទំនងអាចនឹងមានលក្ខណៈទ្រង់ទ្រាយធំប្រឆាំងនឹងស្ថានទូតអាមេរិក នៅភ្នំពេញដូចកាលទសវត្សរ៍៦០ ព្រោះតែទង្វើរបស់អាមេរិក លូកលាន់ចូលដែនអធិបតេយ្យរបស់កម្ពុជា”។

បរិវេណស្ថានទូតដែលស្ថិតនៅជិតវត្តភ្នំនេះមានសភាពស្ងប់ស្ងាត់ ដោយមានតែកម្មករមួយក្រុមកំពុងជួសជុលសួនច្បារនៅខាងមុខស្ថានទូតនេះ។

សារហ្វេសប៊ុកតាមក្រោយមួយទៀតមានបង្ហាញរូបថតលោក ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ដែលកាលពីមុនជាប្រធានក្រុមយុវជនសម្ព័ន្ធសេនានាគ ជាក្រុមមួយដែលបាតុកម្មតវ៉ារបស់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៥ បានបញ្ចប់ដោយការវាយដំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបនៅខាងក្រៅរដ្ឋសភាពីសំណាក់មនុស្សមួយក្រុមដែលរួមទាំងសមាជិកនៃកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីផងដែរ។

នៅឆ្នាំ១៩៦៤ អ្នកតវ៉ាបានបំបែកបង្អួចភាគច្រើននៅក្នុងបរិវេណស្ថានទូតអាមេរិកចាស់ ហើយបានបំផ្លាញយានយន្តមួយគ្រឿង នេះបើយោងតាមតេឡេហ្គ្រាមមួយរបស់ស្ថានទូតដែលបានបង្ហាញពីការជាប់ពាក់ព័ន្ធរបស់ក្រសួងព័ត៌មាន។ គេហទំព័រ Fresh News បានចុះផ្សាយរូបថតនៃព្រឹត្តិការណ៍នោះកាលពីម្សិលមិញ ដោយធ្វើការកត់សម្គាល់ថា “ក្រោយមក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៦៥ ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានកាត់ផ្តាច់”។

លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានរីករាយនឹង “ការបោះឆ្នោតឃុំ សង្កាត់ដែលមានតម្លាភាព និងដោយសន្តិវិធី” កាលពីខែមិថុនានៅឯសន្និសីទសារព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីពេលទៀបភ្លឺឈានចូលព្រឹកម្សិលមិញ ម៉ោងនៅកម្ពុជា។

លោកស្រីមានប្រសាសន៍ថា “ទោះជាយ៉ាងណា ក្នុងរយៈពេលពីរសប្ដាហ៍មកនេះ សមិទ្ធផលនេះត្រូវបានលុបលើដោយវិធានការដ៏គួរឲ្យព្រួយបារម្ភរបស់រដ្ឋាភិបាលដើម្បីរឹតត្បិតសេរីភាពសារព័ត៌មាន និងសមត្ថភាពរបស់អង្គការសង្គមសុីវិលក្នុងការធ្វើប្រតិបត្តិការ” ដូចជាការបណ្តេញអង្គការ NDI និងការស៊ើបអង្កេតពន្ធលើកាសែត ខេមបូឌា ដេលី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនផ្សេងទៀត។

លោកស្រីថ្លែងថា សេចក្ដីថ្លែងការណ៍ទាក់ទិនកម្ពុជាដ៏កម្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គឺជាផ្នែកមួយនៃ “អ្វីដែលយើងចាត់ទុកជាការអំពាវនាវរបស់យើងដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ”។ លោកស្រីមានប្រសាសន៍ថា  ”ហើយច្បាស់ណាស់ថា [រដ្ឋាភិបាល] ពេលនេះមិនកំពុងធ្វើអ្វីសោះ ដូច្នេះហើយយើងនឹងបន្តចរចាជាមួយពួកគេអំពីរឿងនោះ”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធមិនពន្យល់ប្រាប់ក្រុមអ្នកយកព័ត៌មានពីមូលហេតុដែលមន្ត្រីគ្រោងធ្វើបាតុកម្មតវ៉ាទេ លុះត្រាតែទូទាត់សងបំណុលពន្ធរបស់កាសែតខេមបូឌា ដេលី ចំនួន៦,៣លានដុល្លារដែលបណ្ណាធិការនៃកាសែតនេះបានច្រានចោលជាមុនសិន។

ប៉ុន្តែលោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាក្រសួងមហាផ្ទៃបានបង្ហោះសារយ៉ាងវែងអន្លាយមួយតាមទំព័រហ្វេសប៊ុកដែលមានហត្ថលេខារបស់ “ពលរដ្ឋខ្មែរ” ដែលស្តីបន្ទោសអាមេរិក ចំពោះការទម្លាក់គ្រាប់បែកម្ដងហើយម្ដងទៀតដែលលោកថាបាននាំឱ្យកើតមានខ្មែរក្រហម និងអំពើប្រល័យពូជសាសន៍។

លោកបានសរសេរថា “យើងមិនបណ្តោយឱ្យឈាមពលរដ្ឋខ្មែរហូរ និងការអភិវឌ្ឍរបស់យើងត្រូវបន្ទុចបង្អាក់ដោយសារការញុះញង់របស់ជនបរទេសឡើយ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស