35 C
Phnom Penh

គ្រូគង្វាល​​​ជន​​​ជាតិ​​​កូរ៉េ​​​ត្រូវបាន​​​ផ្តន្ទាទោស​​​ឱ្យ​​​ជាប់​​​ពន្ធនាគារ​​​១៤ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលម្នាក់បានឱ្យដឹងថា គ្រូគង្វាលជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីជាច្រើននាក់ដែលរស់នៅជាមួយគាត់នៅវិហារគ្រិស្តសាសនាមួយក្នុងក្រុងសៀមរាបនោះ  កាលពីម្សិលមិញត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ជារយៈពេលជាប់ពន្ធនាគារដ៏យូរមិនធ្លាប់មានពីមុនមកចំពោះបទល្មើសបែបនេះ។

យោងតាមលោក រាម ច័ន្ទមុនី អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឱ្យដឹងថា ចៅក្រម សំ ប៊ុនពៅ បានកាត់ឱ្យលោក ផាក យូល (Park Youl) អាយុ៦៣ឆ្នាំជាប់ទោសពីបទទិញពេស្យាចារកុមារ  និងរំលោភអនីតិជនអាយុក្រោម១៥ឆ្នាំ។

លោក ផាក យូល ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សចាប់ខ្លួនកាលពីខែតុលាឆ្នាំមុន តាមការចោទប្រកាន់ថា គាត់បានរំលោភក្មេងស្រីប្រាំបួននាក់រយៈពេលជាច្រើនឆ្នាំ ហើយបានសូកប៉ាន់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេដូចជាឱ្យអង្ករប្រាក់និងម៉ូតូជាដើមជាថ្នូរនឹងការបំបិទមាត់។

លោក ខឹម វណ្ណដូ នាយកកម្មវិធីនៅអង្គការសកម្មភាពដើម្បីកុមារ (APLE) ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការរួមភេទជាមួយកុមារដែលបានធ្វើការស៊ើបអង្កេតបឋមបានមានប្រសាសន៍ថា លោក ផាក យូល ក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់សំណងសរុបចំនួន៧០.០០០ដុល្លារដល់ជនរងគ្រោះប្រាំពីរនាក់ក្នុងចំណោមប្រាំបួននាក់ផងដែរ។

យោងតាមអង្គការ APLE បានឱ្យដឹងថា ជនរងគ្រោះដែលភាគច្រើនបានរស់នៅជាមួយលោក ផាក យូល នៅវិហារគ្រិស្តសាសនារបស់គាត់ មានអាយុពី១២ឆ្នាំដល់១៧ឆ្នាំ នៅពេលមានការរំលោភនោះ។

លោក ខឹម វណ្ណដូ បានថ្លែងថា ការចេញដីកា និងការផ្ដន្ទាទោសគឺជាលទ្ធផលដ៏ប្រសើរបំផុតនៅក្នុងក្របខ័ណ្ឌច្បាប់របស់ប្រទេស និងជា “សញ្ញាល្អ” ដែលតុលាការផ្ដន្ទាទោសជនល្មើសរំលោភកុមារកាន់តែធ្ងន់ធ្ងរ។

លោកបានថ្លែងថា “ផ្អែកតាមខ្លឹមសារនៃការចោទប្រកាន់ ការផ្ដន្ទាទោសនេះគឺស្ទើរតែអតិបរមាទៅហើយ”។លោកបានបន្ថែមថា “បើប្រៀបធៀបទៅនឹងករណីស្រដៀងគ្នាផ្សេងទៀត ករណីនេះមានការផ្ដន្ទាទោសរយៈពេលវែងជាងគេ”។

លោក ខឹម វណ្ណដូ បានថ្លែងថា តុលាការក៏បានបង្គាប់ឱ្យនិរទេសលោក ផាក យូល នៅពេលគាត់អនុវត្តទោសរួច។

ទោះជាយ៉ាងណា លោកបន្ថែមថា “ផ្អែកលើការសន្និដ្ឋានរបស់យើង យើងគិតថាគាត់នឹងប្ដឹងទាស់ការសម្រេចនិរទេសរូបគាត់”។

ប៉ុន្តែលោក រាម ច័ន្ទមុនី អ្នកនាំពាក្យតុលាការបានបដិសេធថា តុលាការមិនបានបង្គាប់ឱ្យនិរទេសក្រោយការអនុវត្តទោសរួចឡើយ។ លោកបានថ្លែងថា ការនិរទេសអាស្រ័យលើថាតើលោក ផាក យូល បានដាក់ពាក្យសុំ និងទទួលបានទិដ្ឋាការពីប្រទេសកម្ពុជាក្រោយពីគាត់អនុវត្តទោសរួចរាល់ឬក៏អត់ និងថាតើប្រទេសកូរ៉េខាងត្បូងចង់ឱ្យធ្វើបត្យាប័នរូបគាត់ឬក៏យ៉ាងណា។

ពេលចាប់ខ្លួនលោក ផាក យូល លោកស្រី ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តបានមានប្រសាសន៍ថា ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងនោះបានសម្រេចរាយ ការណ៍ប្រាប់នគរបាលពីការរំលោភនេះ ពីព្រោះនាងខឹងការដែលគ្រូគង្វាលរូបនេះមិនព្រមឱ្យម៉ូតូនាងមួយគ្រឿង ដែលគាត់បានឱ្យជនរងគ្រោះផ្សេងទៀត។

លោកស្រី ដួង ថាវរី លើកឡើងនៅ ពេលនោះថា “ជនរងគ្រោះមិនគិតថា វាជាប្រភេទនៃការរំលោភផ្លូវភេទឡើយ។ ពួកគេគិតថា ពួកគេស្រឡាញ់គ្រូគង្វាលរូបនេះ ហើយពួកគេមិនគិតដល់ការដាក់ពាក្យបណ្ដឹងឡើយ។ គ្រូគង្វាលរូបនេះតែងតែទំនុកបម្រុងដល់ក្រុមគ្រួសាររបស់ពួកគេ។ ពួកគេមកពីគ្រួសារក្រីក្រ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស