28.4 C
Phnom Penh

កម្ពុជាបង្កើតក្រុមការងារការពារអធិបតេយ្យព្រំដែនរបស់ខ្លួនជាមួយ ប្រទេសជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនបានសំរេចចិត្តបង្កើតក្រុមការងារពិសេសថ្នាក់ជាតិទទួលបន្ទុកការពារដែនអធិបតេយ្យដែលមានកូនប្រុសច្បងរបស់លោកគឺលោកហ៊ុនម៉ាណែតជាអ្នកអនុវត្តការងារពាក់ព័ន្ធនឹងអធិបតេយ្យភាពតាមបន្ទាត់ព្រំដែនជាមួយប្រទេសថៃ ប្រទេសឡាវ និងព្រំដែនសមុទ្រឲ្យមានប្រសិទ្ធភាពខ្ពស់។

ការសម្រេចបង្កើតក្រុមការងារពិសេសនៅតាមព្រំដែនថៃ និងឡាវនេះធ្វើឡើងក្រោយពីកម្ពុជាធ្លាប់មានបទពិសោធន៍ក្នុងការប្រឈមមុខដាក់គ្នាដោយកំលាំងប្រដាប់អាវុធជាមួយប្រទេសទាំងពីរនេះកាលពីពេលកន្លងមក។

សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារពិសេសថ្នាក់ជាតិទទួលបន្ទុកកិច្ចការអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខាដោយលោក ហ៊ុនសែន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយដែលកាសែតThe Cambodia Dailyទើបទទួលបានឲ្យដឹងថា លោកហ៊ុន សែនបានតែងតាំង លោក ប៊ិន ឈិន ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធានហើយលោក ហ៊ុន ម៉ាណែត ជាអនុប្រធាន។

សេចក្តីសម្រេចរបស់លោកហ៊ុន សែននេះក៏បានឲ្យដឹងផងដែរ ថាក្រុមការងារនេះមានភារកិច្ចគ្រប់គ្រងថវិកាសម្រាប់កិច្ចការអធិបតេយ្យ ដែលស្ថិតក្រោមបញ្ជាផ្ទាល់របស់លោកហ៊ុន សែនហើយសហការជាមួយស្ថាប័នពាក់ព័ន្ធនានាដើម្បីអនុវត្តការងារអធិបតេយ្យភាពនេះ ឲ្យបានជោគជ័យនិងប្រសិទ្ធភាពខ្ពស់។

ក្រុមអ្នកឃ្លាំមើលនិយាយថាកិច្ចការការពារដែនអធិបតេយ្យនេះ គួរតែមានការរិតត្បិតខ្លាំងនៅខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាមដែរ ដោយសារតែប្រទេសមួយនេះតែងរងការចោទប្រកាន់ថាបានរំលោភដែនអធិបតេយ្យរបស់ជាតិកម្ពុជាជាបន្តបន្ទាប់ និងមានការហូរចូលជនអន្តោរប្រវេសន៍ខុសច្បាប់វៀតណាមយ៉ាងអនាធិបតេយ្យទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស