30 C
Phnom Penh

ក្រសួងការងារកម្ពុជាជម្រុញឲ្យពលករចំណាកស្រុកក្នុងប្រទេសប្រញាប់បន្តសុពលលិខិតអនុញ្ញាតឲ្យធ្វើការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យក្រសួងការងារកម្ពុជាលោកហេង សួរ បានជំរុញបន្ថែមដល់ពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃ ត្រូវរួសរាន់ទៅបន្តសុពលភាពបណ្ណស៊ីជម្ពូរបស់ខ្លួន ពីការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងការងារថៃឲ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។

ការអំពាវនាវរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងការងាររូបនេះធ្វើឡើងខណៈប្រទេសថៃនឹងបិទដំណើរការបន្តសុពលភាពបណ្ណពណ៌ស៊ីជម្ពូ ដល់ពលករបរទេសកាលពីពេលថ្មីៗនេះ។

លោកហេង សួរ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារថាប្រសិនបើពលករខ្មែរមិនព្រមទៅបន្តសុពលភាពបណ្ណពណ៌ស៊ីជម្ពូនេះទេ នោះអាជ្ញាធរថៃនឹងមិនអនុញ្ញាតឲ្យពលករទាំងនោះអាចស្នាក់នៅនិងធ្វើការនៅប្រទេសថៃបានឡើយ។

មន្រ្តីជាន់ខ្ពស់របស់ក្រសួងការងាររូបនេះបញ្ជាក់ថា បញ្ហាសុំបន្តសុពលភាពបណ្ណពណ៌ស៊ីជំពូនេះ មិនមានការជាប់ពាក់ព័ន្ធនឹងយុទ្ធនាការផ្ដល់ភាពស្របច្បាប់របស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលស្នាក់នៅនិងធ្វើការនៅប្រទេសថៃទេ។

លោកបន្តថា ក្រោយពលករទទួលបានបណ្ណមិនមែនសញ្ជាតិថៃពីអាជ្ញាធរថៃហើយ ពលករកម្ពុជាអាចទៅដាក់ពាក្យស្នើសុំបញ្ជាក់អត្តសញ្ញាណ ពីក្រុមការងារអន្តរក្រសួងចល័តរបស់គណៈកម្មការផ្ដល់ភាពស្របច្បាប់បាន។

លោកបញ្ជាក់ថាពលករខ្មែរត្រូវរួសរាន់បំពេញកិច្ចការចាំបាច់នេះឲ្យខាងតែបានព្រោះបើមិនដូច្នេះទេ នោះក្រុមពលករនឹងត្រូវប្រឈមនឹងការស្នាក់នៅនិងធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ហើយអាជ្ញាធរថៃនឹងចាត់វិធានការយ៉ាងតឹងរឹង និងពុំអនុញ្ញាតឲ្យពលករទាំងនោះស្នាក់នៅនិងធ្វើការនៅប្រទេសថៃនោះឡើយ។

រហូតមកទល់ពេលនេះ គណៈកម្មការផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃបានចំនួនសរុប ជាង៣សែននាក់ហើយយុទ្ធនាការនេះនៅតែអនុវត្តថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស