42.2 C
Phnom Penh

ស.រ.អា.នឹងបញ្ជូនពលរដ្ឋខ្មែរជាង៥០នាក់ទៅកម្ពុជាវិញនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកនឹងបញ្ជូនពលរដ្ឋខ្មែរចំនួន៥១នាក់ ទៅកាន់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ទី០៥ខែមេសាខាងមុខនេះ។

ទំព័រហ្វេសប៊ុករបស់1Love Cambodiaឲ្យដឹងថាក្នុងចំណោមពលរដ្ឋខ្មែរទាំងនោះ មានអ្នកជំងឺផ្លូវចិត្តនិងអ្នកជំងឺផ្លូវកាយរ៉ាំរ៉ៃ ដែលត្រូវការថែទាំសុខភាព មិនអាចខ្វះបានពីសហគមន៍។

ពលរដ្ឋខ្មែរដែលត្រូវចាប់បញ្ជូនទាំងនោះសុទ្ធតែធំដឹងក្តីនៅសហរដ្ឋអាមេរិកដោយសារពួកគេភាគច្រើនបានមកដល់អាមេរិកតាំងពីអាយុមួយឆ្នាំមកម្ល៉េះហើយមិនទាន់ចូលសញ្ជាតិអាមេរិកាំង។

អ្នកដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌត្រូវប្រឈមនឹងការចាប់បញ្ជូនត្រឡប់ទៅកម្ពុជាវិញ ទោះបីពួកគាត់បានធ្លាប់ជាប់ពន្ធនាគារគ្រប់ពេលកំណត់នៅសហរដ្ឋអាមេរិចហើយក៏ដោយ។

បទល្មើសដែលពួកគេធ្លាប់បានប្រព្រឹត្តរួមមានមនុស្សឃាតការជួញដូរគ្រឿងញៀន និងបទល្មើសជាច្រើនទៀត។

កាលពីសប្តាហ៍កន្លងទៅនេះអភិបាលរដ្ឋរដ្ឋកាលីហ្វ័រញ៉ា (California)លោកជេរី ប្រោន(Jerry Brown)បានសម្រេចលើកលែងទោសឲ្យអតីតទណ្ឌិតជនជាតិខ្មែរចំនួនពីរនាក់ ដែលកំពុងប្រឈមមុខនឹងការចាប់បញ្ជូនទៅប្រទេសកម្ពុជាវិញ។

ការលើកលែងទោសនេះ អាចលុបបំបាត់ប្រវត្តិដែលពលរដ្ឋខ្មែរទាំងពីរនាក់នេះ ធ្លាប់មានទោសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលអាជ្ញាធរសហព័ន្ធអាចដាក់បន្ទុកដើម្បីចាប់បញ្ជូនពួកគេទៅប្រទេសកំណើតវិញ។

ទោះជាយ៉ាងណាក៏ដោយការលើកលែងទោសនេះមិនអាចបញ្ឈប់ការបញ្ជូនពួកគេទៅកាន់ប្រទេសកម្ពុជាវិញនោះឡើយ។

ជនជាតិខ្មែរទាំងពីរនាក់នេះមានឈ្មោះចាន់ សុខានិងផាន់ ភៀចត្រូវបានសមត្ថកិច្ចសហរដ្ឋអាមេរិកចាប់ខ្លួន កាលពីឆ្នាំ ២០០២និង២០០៥ ពីបទឧក្រិដ្ឋនិងអំពើហិង្សាក្នុងគ្រួសារ និងការជួញដូរគ្រឿងញៀន។

របាយការណ៍របស់ភ្នាក់ងារអន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិកអោយដឹងថាយ៉ាងហោចណាស់មានជនជាតិខ្មែរជាង ជិត២ពាន់នាក់ក្នុងសហរដ្ឋអាមេរិក កំពុងប្រឈមនឹងការបញ្ជូនទៅកាន់ប្រទេសកម្ពុជាវិញទាំងអស់។

ក្នុងចំណោមអ្នកទាំងនោះមានមនុស្ស ជិត១ពាន់៥រយនាក់ត្រូវបានផ្តន្ទាទោសករណីព្រហ្មទណ្ឌដែលនាំឱ្យពួកគេបាត់បង់សិទ្ធិក្នុងការរស់ស្របច្បាប់ក្នុងសហរដ្ឋអាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស