26 C
Phnom Penh

អាមេរិកដាក់មេកងអង្គរក្សលោក ហ៊ុន សែន ក្នុងបញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យសម្បត្តិមុនគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាមេរិកដាក់មេកងអង្គរក្សលោក ហ៊ុន សែន ក្នុងបញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យសម្បត្តិមុនគេ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមបង្កកទ្រព្យសម្បត្តិមេអង្គរក្សលោក ហ៊ុន សែនមុនគេបង្អស់ក្នុងចំណោមមន្រ្តីពុករលួយ និងរំលោភសិទ្ធិមនុស្សជាច្រើនរូបទៀតដែលមាននៅក្នុងបញ្ជីខ្មៅរបស់អាមេរិក។

ការិយាល័យកិច្ចការសាធារណៈនៃនាយកដ្ឋានរតនាគាររបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែ មិថុនា បានដាក់បញ្ចូលលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃកងអង្គរក្សរបស់លោក ហ៊ុន សែន ក្នុងបញ្ជីខ្មៅនៃបុគ្គលដែលត្រូវរងទណ្ឌកម្មដោយច្បាប់ Global Manitsky ដោយសារមន្រ្តីរូបនេះបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ជាងនេះទៅទៀតសហរដ្ឋអាមេរិករកឃើញថា លោក ហ៊ីង ប៊ុនហៀង បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ រួមទាំងអំពើហិង្សានៅឆ្នាំ២០១៣ នៅក្បែរវត្តភ្នំ និងអំពើហិង្សាវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប នៅមុខរដ្ឋសភានៅឆ្នាំ២០១៥ ។

លើសពីនេះទៅទៀត លោកហ៊ីង ប៊ុនហៀងក៏មានជាប់ពាក់ព័ន្ធនឹងអំពើហិង្សាទៅលើសកម្មជនគណបក្សប្រឆាំង ដូចជាការបោកគ្រាប់បែកលើអ្នកតវ៉ាអហិង្សា កាលពីឆ្នាំ ១៩៩៧ ដែលធ្វើឲ្យស្លាប់ និង របួសមនុស្សជាច្រើន រួមទាំងរបួសជនជាតិអាមេរិកាំងម្នាក់ផងដែរ។

ដូច្នេះរតនាគារអាមេរិកាំងនឹងចាត់វិធានការបង្កកទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្សេងៗទៀត ដែលមានជាប់ពាក់ព័ន្ធនឹងលោកហ៊ីង ប៊ុនហៀង។

ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏នឹងហាមឃាត់ជនជាតិអាមេរិកាំងមិនឲ្យរកស៊ី ឬទាក់ទងជាមួយលោក ហ៊ីង ប៊ុនហៀងនោះឡើយ។

ក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិកទាំងពីរគណបក្សកំពុងបោះពួយឲ្យមានការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ ២០១៨ លេខ H.R.5754 ដើម្បីដាក់ទណ្ឌកម្មបន្ថែម ទៅលើរបបលោក ហ៊ុន សែន និង ក្រុមគ្រួសារ ព្រមទាំងមន្រ្តីជាន់ខ្ពស់ក្នុងរបបភ្នំពេញដទៃទៀត នាពេលឆាប់ៗខាងមុខនេះ។

ទណ្ឌកម្មទាំងនោះរួមមានការបិទទិដ្ឋាការ ការបង្កកទ្រព្យសម្បត្តិ និងការរឹតត្បិតការផ្ទេរសាច់ប្រាក់ ចុះឡើងក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស