42.2 C
Phnom Penh

មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃអះអាងថានឹងគ្មានការផ្តន្ទាទោសលើអតីតមេដឹកនាំខ្មែរក្រហមទៀតឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃអះអាងថានឹងគ្មានការផ្តន្ទាទោសលើអតីតមេដឹកនាំខ្មែរក្រហមទៀតឡើយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស ខេងអះអាងថាកម្ពុជានឹងបញ្ចប់ការងាររបស់សាលាក្តីខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដោយសារសាលាក្តីមួយនេះបានផ្តន្ទាទោសអតីតមេដឹកនាំខ្មែរក្រហមពីរនាក់ជាលើកចុងក្រោយពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមកាលពីសប្តាហ៍មុននោះហើយ។

លោកស ខេងអះអាងថា សាលាក្តីនេះត្រូវបានបញ្ចប់ហើយនឹងមិនមានការកាត់ទោសបន្ថែមទៀតនោះទេ ចំពោះទង្វើដែលនាំឱ្យមានការស្លាប់មនុស្សប្រមាណជិត២លាននាក់ក្នុងទសវត្សរ៍១៩៧០។

លោកសខេងបានលើកឡើងពីលក្ខខណ្ឌដែលសាលាក្តីនេះត្រូវបានបង្កើតឡើងដោយព្រះរាជអាជ្ញានិងចៅក្រមកម្ពុជានិងអន្តរជាតិដែលបានកំណត់គោលដៅរបស់ខ្លួនចំពោះមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះការប្រព្រឹត្តអំពើឃោរឃៅ។

ការអះអាងរបស់លោកស ខេងធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតឡៅ ម៉ុងហៃបានអះអាងថា ការលើកឡើងរបស់លោកស ខេងគឺរំលោភលើយុត្តាធិការរបស់តុលាការ និងជាការមាក់ងាយដល់តុលាការ ពីព្រោះតុលាការនៅមិន ទាន់បញ្ចប់នីតិវិធីស៊ើបអង្កេតបន្តករណី០០៣ និង០០៤បន្តទៀត។

ក្នុងរយៈពេល៩ឆ្នាំនៃដំណើរការស្វែងរកយុត្តិធម៌របស់តុលាការខ្មែរ ក្រហមដែលបានចំណាយប្រាក់ជាង៣រយលានដុល្លារ តុលាការនេះទើបតែបានផ្តន្ទាទោសអតីតមេដឹកនាំខ្មែរក្រហមពីររូបគឺលោកនួន ជា និងលោកខៀវ សំផន និងប្រធានគុកស២១ ឬគុកទទួលស្លែងឈ្មោះកាំង ហ្គិចអ៊ាវហៅ ឌុចប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស