42.2 C
Phnom Penh

ព្រឹត្តិការណ៍​នយោបាយ​សំខាន់ៗ​កាលពី​ឆ្នាំ​២០១៨​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងឆ្នាំ២០១៨នេះ រដ្ឋាភិបាលលោកហ៊ុន សែន បានទទួលទណ្ឌកម្មអន្តរជាតិ ជាហូរហែ ដោយសារតែស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ទណ្ឌកម្មទាំងនេះរួមមាន៖រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកុម្ភៈ បានសម្រេចកាត់ផ្ដាច់ជំនួយជាផ្លូវការទៅរបបលោកហ៊ុន សែនដោយសារតែស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ក្រោយរបបលោកហ៊ុន សែនធ្វើទុក្ខបុកម្នេញយ៉ាងដំណំទៅលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។

ជំនួយ​សំខាន់ៗ​ ដែល​អាមេរិក​ សម្រេច​ឈប់​ផ្ដល់​ដល់​របប​លោក​ហ៊ុន សែន​តទៅ​ទៀត​ រួមមាន​កម្ម​វិធី​ជំនួយ​បរទេស​ ជំនួយ​តាម​រយៈ​កម្ម​វិធី​របស់​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​ សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​(USAID)​និង​កម្មវិធី​ជំនួយ​ផ្នែក​យោធា​អាមេរិក​ ដែល​ធ្លាប់​ផ្ដល់​ឲ្យ​របប​លោក​ហ៊ុន សែន​ក្នុង​ការ​ជួយ​ដល់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ ជួយ​ដល់​ការ​កសាង​សមត្ថភាព​អាជ្ញាធរ​រដ្ឋ​នៅតាម​មូលដ្ឋាន​ និង​ជួយ​ដល់​កង​យោធពល​ខេមរ​ភូមិន្ទ​ នៅពេល​កន្លង​មក។​

នៅ​ខែ​កុម្ភៈ​ដដែល​នេះ ​សហ​ព័ន្ធ​ភ្នាក់ងារ​ចារកិច្ច​អាមេរិកាំង​ ដែល​ជា​បណ្តុំ​ភ្នាក់ងារ​ចារកិច្ច​ចំនួន​១៧​ស្ថាប័ន ​ក្នុង​នោះ​រួមមាន​ទាំង​ភ្នាក់ងារ​សេ.អ៊ី.អា.​(CIA)​ផង​ បាន​ដាក់​លោក​ហ៊ុន សែន​ចូល​ក្នុង​បញ្ជី​នៃ​ឈ្មោះ​ក្រុម​មេ​ដឹកនាំ​«បង្កការ​គំរាម​កំហែង​ប្រចាំ​តំបន់»​អាស៊ី​អាគ្នេយ៍​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក​ និង​អត្ថ​ប្រយោជន៍​អាមេរិក​ នៅ​លើ​ពិភពលោក។​

ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​បាន​ជូន​ដំណឹង​ទៅ​របប​លោក​ហ៊ុនសែន​អំពី​ការ​ព្យួរការ​ផ្ដល់​ទិដ្ឋាការ​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុង​ភ្នំពេញ​រួមមាន​លោក​ហ៊ុនសែន​និង​ក្រុម​គ្រួសារ​និង​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​យោធា​និង​ប្រធាន​តុលាការ​កំពូល​ផង​ដែរ។​

សហ​រដ្ឋ​អាមេរិក ​កាលពី​ថ្ងៃទី​១២​ខែ​មិថុនា ​បាន​ដាក់​មេ​កង​អង្គរក្ស​លោក​ហ៊ុន ​សែន​ឈ្មោះ​ហ៊ីង ប៊ុនហៀង​ជា​បុគ្គល​ទីមួយ​​នៃ​ក្រុម​មន្រ្តី​ គ្រាគ់​ក្នុង​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ទៅក្នុង​បញ្ជី​ខ្មៅ ​ក្រោម​ច្បាប់ ​GLOBAL MAGNITSKY​ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ ​បិទ​ទិដ្ឋាការ​មិន​ឲ្យ​ជាន់​ដី​អាមេរិក​ និង​ហាម​ឃាត់​ក្រុម​ហ៊ុន​ អាមេរិក​មិន​ឲ្យរក​ស៊ី​ជាមួយ​បុគ្គល​រូប​នេះ​ថែម​ទៀត​ ដោយសារ​មេ​កង​អង្គរក្ស​ពាក់​ផ្កាយ​បួន​រូប​នេះ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ។​

សភា​អាមេរិក ​កាលពី​ថ្ងៃ​ទី២៦​​ខែ​កក្កដា​ បាន​អនុម័ត​ច្បាប់​ស្តីពី​ប្រជា​ធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៨​លេខ HR 5754 ​ដើម្បី​ដាក់​ទណ្ឌកម្ម​ក្បាល​ម៉ាស៊ីន​ ដឹក​នាំ​របប​លោក​ហ៊ុន សែន​ទាំងអស់​ដែល​ចូលដៃ​ក្នុង​ការ​បំផ្លាញ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។​

បុគ្គល​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​របប​លោក​ហ៊ុន សែន​ទាំង​នោះ​រួម​លោក​ហ៊ុន សែន​ លោក​ស ខេង  ​លោក​ទៀ បាញ់​ លោក​ប្រាក់ សុខុន   លោក​អូន ព័ន្ធមុនីរ័ត្ន ​ស៊ុន ចាន់ថុល ​និង​លោក​កើត រិទ្ធ ​លោក​ឱម យ៉ិនទៀង​ លោក​ជួន សុវណ្ណ​ លោក​ប៉ុល សារឿន​ លោក​នេត សាវឿន ​និង​លោក​សៅ សុខា​ លោក​គន់ គីម​  លោក​ហ៊ីង ប៊ុនហៀង  លោក​ហ៊ុន ម៉ាណែត ​ លោកស្រី​ហ៊ុន ម៉ាណា ​និង​លោក​សុខ ពុទ្ធិវុធ។​

នៅថ្ងៃ​ទី​២៨​​ខែ​កក្កដា​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស​ដោយ​សារ​អវត្តមាន​របស់​គណបក​សង្រ្គោះ​ជាតិ​ក្រោយ​ពី​តុលាការ​កំពូល​នៃ​របប​លោក​ហ៊ុនសែន​រំលាយ​ចោល​និង​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​នេះ​ដាក់​ពន្ធនាគារ។​ជា​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ហើយ​ទទួល​បាន​អាសនៈ​១២៥​លើ​១២៥​​ក្នុង​រដ្ឋ​សភា​ដែល​នាំឲ្យ​សហគមន៍​អន្តរ​ជាតិ​រិះគន់​ថា​ ជា​រដ្ឋ​សភា​ឯកបក្ស។​

ក្រោយ​មក​នៅខែ​សីហា​រដ្ឋាភិបាល​បាន​សម្រេច​ដោះ​លែង​អ្នក​ទោស​នយោបាយ​ជាច្រើន​រូប​រួម​មាន​លោក​មាជសុវណ្ណារ៉ា​លោក​អ៊ំសំអាន​និង​មនុស្ស​ជាច្រើន​ទៀត​រួមទាំង​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​គឺ​លោក​អ៊ួនឈិន​និង​លោក​យាងសុធារិន​ផង​ដែរ។​ហើយ​បន្ទាប់​មក​ក៏​មាន​ការ​បញ្ជូន​ខ្លួន​លោក​កឹមសុខា​ពីគុក​ត្រពាំង​ផ្លុង​មក​ឃុំឃាំង​ក្នុង​ផ្ទះ​រហូត​មក​ទល់​ពេល​នេះ។​

នៅខែ​តុលា ​សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​ផ្លូវ​ការ​ទៅ​របប​លោក​ហ៊ុន សែន​​អំពី​ចំណាត់​ការ​ឈាន​ទៅ​រក​ការ​លុប​ចោល​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ «ទំនិញ​គ្រប់មុខ​លើក​លែង​គ្រឿង​សព្វា​វុធ​ ឬ EBA»​ នេះ។ ​សហភាព​អឺរ៉ុប​បញ្ជាក់​ថា ​ចំណាត់​ការ​នេះ ​គឺដោយ​សារតែ​ពុំមាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជា​ធិបតេយ្យ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ ក្នុង​រយៈ​កាល​កន្លង​ទៅ​នេះ។​ សហភាព​អឺរ៉ុប​ទុក​រយៈ​ពេល​៦ខែ​ពីរ​ដង​ឱ្យ​របប​លោក​ហ៊ុន សែន​ស្តារ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ ហើយ​បើ​ក្នុង​រយៈ​ពេល​នេះ​ របប​ក្រុង​ភ្នំពេញ​មិន​អនុវត្ត​តាម​លក្ខខណ្ឌ​នេះ​ទេ ​នោះ​សហភាព​អឺរ៉ុប​នឹង​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។​ គណៈ​កម្មការ​អឺរ៉ុប​​នឹង​ធ្វើ​សេចក្ដី​សម្រេច​ចុងក្រោយ​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៨​ នេះ​​ពី​ការ​ត្រូវ​គិត​ពន្ធនាំ​អង្ករ​ចូល​ពី​កម្ពុជា​ ក្រោយពី​មាន​សំណើ​ពីប្រទេស​អ៊ីតាលី។​

នៅ​អំឡុង​ដើម​ខែ​ធ្នូ​នេះ​លោក​ហ៊ុនសែន​បញ្ជា​ឲ្យមាន​ការ​ធ្វើ​វិសោធន​កម្ម​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៤៥​ថ្មី​ស្ទួន​ដើម្បី​បើក​ផ្លូវឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ៕​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស