គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធទី១៣កុម្ភៈសប្តាហ៍មុនអំពីការត្រៀមលក្ខណៈបោះឆ្នោតក្រុមប្រឹក្សា រាជធានីខេត្ត ក្រុង ស្រុក និង ខណ្ឌ នៅថ្ងៃទី២៦ខែឧសភាខាងមុខ ដោយបង្ហាញអំពីចំនួនបេក្ខជនឈរឈ្មោះចំនួនពលរដ្ឋបោះឆ្នោតនិង ចំនួនអាសនៈ។
តាមតារាងបញ្ជីផ្សាយជាសាធារណៈពីគ.ជ.ប. ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ មានចំនួនសរុប៣៥៥៥ មានបេក្ខជនចំនួន៥៥៩នាក់ មានពលរដ្ឋម្ចាស់ឆ្នោតចំនួនជិត១ម៉ឺន១ពាន់៦រយនាក់ មានស្ថានីយ៍បោះឆ្នោតតាមក្រុង ខណ្ឌ និងស្រុកចំនួន២០៣ស្ថានីយ៍។
អ្នកសង្កេតការណ៍មើលឃើញថា បក្សនយោបាយតូចៗ មិនសូវមានឈ្មោះបោះសម្លេង មិនសូវមានធនធានគ្រប់គ្រាន់ដើម្បីរាយបេក្ខជនឈរឈ្មោះ ហើយដោយសារគ្មានវត្តមានបក្សសង្រ្គោះជាតិទៀតនោះ បក្សប្រជាជនកម្ពុជា អាចនឹងគ្រប់គ្រងក្រុមប្រឹក្សាថ្នាក់ រាជធានី ខណ្ឌ ខេត្តស្រុក ក្រុងទាំងស្រុង សឹងតែមិនបាច់បោះឆ្នោតផង៕