31 C
Phnom Penh

សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​ពេល​ជំនុំ​ជម្រះ​ក្តី​លោក​រ៉ាត់ រត្នមុនី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​លើក​ពេល​ជំនុំ​ជម្រះ​ក្តី​របស់​លោក​រ៉ាត់  រត្នមុនី​សកម្ម​ជន​សិទ្ធិ​ការងារ ​និង​ជា​អ្នក​ជួុយ​បក​ប្រែ​ផលិត​វីដេអូ​រឿង​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ទៅ​ថ្ងៃទី​១៣​ខែ​មិថុនា ​ខាង​មុខ​ ដោយ​តម្រូវ​ឲ្យ​ដើម​បណ្តឹង​ចូល​មក​តតាំង​ ទល់​មុខ​គ្នា​ជាមួយ​លោក​រ៉ាត់រត្នមុនី​​នៅ​ពេល​កាត់​ក្តី។​

ដំបូង​ឡើយ​សំណុំ​រឿង​ត្រូវ​បាន​តុលាការ​កំណត់​យក​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ ម្សិលមិញ​ដើម្បី​ជំនុំ​ជម្រះ។​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​លោក​រ៉ាត់ រត្នមុនី​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥​ខែ​តុលា ​ឆ្នាំ​២០១៨​។​ ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​ក្ដី​នេះ​មាន​៤​នាក់។​

លោក​ត្រូវ​សមត្ថ​កិច្ច​ឃុំ​ខ្លួន​ថ្ងៃ​ទី​១៣​ធ្នូ​ឆ្នាំ​២០១៨។ ​សមត្ថ​កិច្ច​ចោទ​ថា​ លោក​ បាន​ឱ្យ​លុយ​ប្រភព​ ដើម្បី​និយាយ​ប្រតិដ្ឋ​សាច់​រឿង​ក្នុង​ភាព​យន្ត​ឯក​សារ​ជួញ​ដូរ​ផ្លូវ​ភេទ​ដែល​លោក​បាន​ជួយ​ផលិត​ឱ្យ​សារ​ព័ត៌មាន​RT ​(Russia Today)​ របស់​រុស្ស៊ី។ ​

ប៉ុន្តែ​លោក​រ៉ាត់ រត្នមុនី​តែង​ឆ្លើយ​បដិសេធ​មិន​ទទួល​យក​ការ​ចោទ​ប្រកាន់​នោះ​ទេ ​ដោយ​អះអាង​ថា​ ឈ្មោះ​ហ្វេសបុក​ដែល​គេ​បង្ហោះ​នោះ​មិនមែន​ជា​របស់​លោក​ទេ ​ហើយ​លោក​មាន​តួនាទី​គ្រាន់តែ​ជា​អ្នក​បកប្រែ​ភាសា​ប៉ុណ្ណោះ។​

ចំណែក​នារី​ជា​តួអង្គ​ពិត​ក្នុង​ភាព​យន្ត​ឯកសារ​នោះ​ខ្លះ​ក៏​ចេញ​មុខ​មក​និយាយ​ថា​ មិន​មាន​អ្នក​ណា​ឱ្យ​លុយ​នាង​ដើម្បី​និយាយ​ការណ៍​ពិត​នោះ​ដែរ។​

ភរិយា​លោក​រ៉ាត់ រត្នមុនី​ លោក​ស្រី​ឡុង​គីមហ៊ាង​ តែង​ចេញ​មុខ​ទាមទារ​តវ៉ា​នៅ​មុខ​តុលាការ​ស្ថាប័ន​ជាតិ​សំខាន់ៗ​ និង​មុខ​ស្ថានទូត​ប្រទេស​រុស្ស៊ី​ ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ប្តី​របស់​អ្នកស្រី​ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តបជា​វិជ្ជមាន​ណាមួយ​នៅ​ឡើយ​ទេ។​

កាលពី​ដើម​ខែ​ឧសភា​ក្នុង​អំឡុង​ពេល​ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​អ្នកស្រី​រ៉ូណា ស្មីត​(Rhona Smith)​មក​បំពេញ​បេសក​កម្ម​នៅ​កម្ពុជា​ អ្នកស្រី​ឡុង គីមហ៊ាង​ក៏​បាន​ជួប​បេសកជន​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ដើម្បី​ស្នើ​សុំ​ឱ្យ​ស្វាមី​របស់​អ្នក​ស្រី​រួច​ផុត​ពី​ការ​ឃុំ​ឃាំង។​

ជាការ​ឆ្លើយ​តប​ អ្នកស្រី​រ៉ូណា ស្មីត​បាន​ទទួល​យក​ញត្តិ​របស់​លោកស្រី​ឡុង គីមហ៊ាង​និង​និយាយ​លើក​ទឹក​ចិត្ត​អ្នកស្រី​និង​កូន​ប្រុស។​ក្រុម​មន្រ្តី​សិទ្ធិ​​មនុស្ស​យល់​ថា​ ចំណាត់​ការ​លើ​លោក​រ៉ាត់ រត្នមុនី​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ថ្នាក់​ដឹកនាំ​សហជីព​ដែល​មាន​ជំហរ​ឯករាជ្យ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស