28 C
Phnom Penh

តំណាង​សហភាព​អឺរ៉ុប​នឹង​មក​ទស្សន​កិច្ច​កម្ពុជា​ដើម្បី​ប្រមូល​ភ័ស្តុតាង​បន្ថែម ពាក់​ព័ន្ធ​បញ្ហា​ EBA​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រតិភូ​សហ​ភាព​អឺរ៉ុប​ នឹង​មក​បំពេញ​បេស​កម្ម​ដើម្បី​ប្រមូល​ភ័ស្តុតាង​បន្ថែម​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ការ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នា​ដើម​ខែ​ក្រោយ​នេះ​ បន្ទាប់​ពី​អឺរ៉ុប​ប្រកាស​នីតិវិធី​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​EBA​​មក​លើ​កម្ពុជា។​

ទំព័រ​ហ្វេសប៊ុក​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្រ្គោះ​ជាតិ​លោក​មាជ សុវណ្ណារ៉ា​នៅ​ថ្ងៃ​នេះ ​បាន​អះអាង​ថា​ ក្រុម​ប្រតិភូ​សហភាព​អឺរ៉ុប​នឹង​ចុះ​មក​ដល់​កម្ពុជា​ដើម្បី​ស្វែង​រក​ការណ៍​ពិត​ពី​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៧​ខែ​មិថុនា​នា​សប្តាហ៍​ក្រោយ។​

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ​នៅ​ថ្ងៃ​នេះ​ លោក​ក៏​បាន​បញ្ចប់​ការ​សន្ទនា​គ្នា​រយៈ​ពេល​១​ម៉ោង​ជាមួយ​លោក​ឯក​អគ្គ​រដ្ឋទូត​របស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​គឺ​លោក​George Edgar​ទាក់ទង​បញ្ហា ​EBA ​និង​ការ​ដោះ​លែង​លោក​កឹម សុខា ​ប៉ុន្តែ​លោក​សុំ​មិន​អត្ថាធិប្បាយ​ព័ត៌​មាន​លម្អិត​នៃ​ជំនួប​ជាមួយ​លោក​George Edgar​

 នោះ​ឡើយ។​

សហភាព​អឺរ៉ុប​ កាលពី​ខែ​កុម្ភៈ​បាន​ប្រកាស​អំពី​ដំណើរការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​មក​លើ​កម្ពុជា ​ក្រោយ​ពេល​អឺរ៉ុប ​រក​ឃើញ​ថា​  រដ្ឋាភិបាល​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដោយ​កន្លង​មក​អឺរ៉ុប​ បាន​ស្នើឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ដោះលែង​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា​ព្រមទាំង​ផ្តល់​តំណែង​ឱ្យ​មន្ត្រី​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង​ទាំងអស់​ និង​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​មួយ​នេះ​អាច​ដំណើរ​ឡើង​វិញ​បាន។​

ជាង​នេះ​ទៅ​ទៀត​ សហភាព​អឺរ៉ុប​ក៏​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ សមាគម​សហជីព​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ព្រម​ទាំង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ ក្នុង​ការ​បំពេញ​ការងារ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ​និង​រង​សម្ពាធ​ណាមួយ​ឡើយ។​ ចំណែក​សហ​រដ្ឋ​អាមេរិក​បាន​ប្រាប់​មេ​ដឹកនាំ​រដ្ឋាភិបាល​ថា​ កម្ពុជា​អាច​បញ្ចៀស​​ហានិភ័យ​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ បាន​ ដោយ​គ្រាន់​តែ​ស្តារ​លទ្ធិ​ ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។​ អាមេរិក​ក៏បាន​ណែនាំ​មេ​ដឹកនាំ​ខ្មែរ​ថា​  គប្បី​រក្សា​ផល​ប្រយោជន៍​ជាតិ​ឱ្យធំ​ជាង​ផល​ប្រយោជន៍​នយោបាយ​ឬ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស