34 C
Phnom Penh

សហរដ្ឋអាមេរិក ប្រាប់ឱ្យចិនបញ្ឈប់ការគាបសង្កត់លើប្រទេសក្នុងតំបន់អាស៊ាន ព្រោះតែមហិច្ឆតារបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា សម្តែងការព្រួយបារម្ភចំពោះរបាយការណ៍មួយស្តីពីការជ្រៀតជ្រែករបស់ចិន ទៅនឹងសកម្មភាពពាក់ព័ន្ធនឹងបញ្ហាប្រេង និងឧស្ម័ន នៅតំបន់សមុទ្រចិនខាងត្បូង ដោយរួមមានទាំងសកម្មភាពផលិត និងរុករកជាយូរមកហើយរបស់ប្រទេសវៀតណាម។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលទើបចេញផ្សាយនៅថ្ងៃនេះ ឲ្យដឹងថាសកម្មភាពឥតឈប់ឈរក្នុងការគំរាមកំហែងទៅលើប្រទេសក្នុងតំបន់អាស៊ានពីសំណាក់ចិន មានគោលបំណងនៃមហិច្ឆតារបស់ខ្លួនក្នុងការគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូង ពិសេសការអភិវឌ្ឍលើធនធានប្រេង និងឧស្ម័ននៅតំបន់នេះតែម្តង។

អាមេរិកបានចាត់ទុកទង្វើទាំងនេះ ថាបានគម្រាមកំហែងយ៉ាងពេញទំហឹងដល់សន្តិសុខថាមពលក្នុងតំបន់ ហើយថែមទាំងបានបំផ្លាញទីផ្សារសេរីរបស់ថាមពលនេះនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទៀតផង។

ប្រភពដដែលឲ្យដឹងទៀតថា កន្លងមកលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បានកត់សម្គាល់ថា មធ្យោបាយគំរាមគំហែងរាំងខ្ទប់ការអភិវឌ្ឍន៏នៅតំបន់សមុទ្រចិនខាងត្បូង បានធ្វើឲ្យប្រទេសចិនរារាំងសមាជិកអាស៊ានមិនឲ្យមានលទ្ធភាពទទួលបានថាមពលដែលមានតម្លៃលើសពីជាង២លានលានដុល្លារសហរដ្ឋអាមេរិក( ២,៥00,000,000,000) ។

ប្រទេសមហាអំណាចលោកសេរីមួយនេះ បានលើកឡើងថាការស្តារដី និងការធ្វើយោធូបនីយកម្មនៅប៉ុស្តិ៍ជួរមុខដែលមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង រួមជាមួយនឹងការខិតខំដទៃទៀតក្នុងការទាមទារដោយមិនស្របច្បាប់របស់ចិន លើព្រំដែននៅសមុទ្រចិនខាងត្បូង ដែលរួមមានការប្រើកងជីវពលសមុទ្រ ដើម្បីគម្រាមកំហែង សម្លត់ ប្រទេសដទៃទៀត បំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់ ដោយបង្ហាញឲ្យឃើញកាន់តែច្បាស់ នូវបំណងរបស់ខ្លួនចង់គ្រប់គ្រង ធនធានប្រេង និងឧស្ម័ន នៅសមុទ្រចិនខាងត្បូង។

សហរដ្ឋអាមេរិកប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្ខិតបង្ខំ និងការគម្រាមកំហែងពីសំណាក់ប្រទេសណាមួយ ដែលទាមទារដែនដី ឬដែនសមុទ្រនោះ។

លើសពីនេះទៅទៀត ចិនគួរបញ្ឈប់អាកប្បកិរិយាសម្លុតប្រទេសដទៃ  ហើយជៀសវាងការធ្វើសកម្មភាពបែបបង្ករហេតុ និងធ្វើអោយមានអស្ថិរភាពបែបនេះបន្តទៀត។ ស្ថានទូតចិនឬ ប្រទេសចិន នៅមិនទាន់មានប្រតិកម្មតបជុំវិញបញ្ហានេះនៅឡើយទេ រហូតមកទល់ម៉ោងផ្សាយនេះ។

យ៉ាងនេះក្តីក្នុងរយៈពេលចុងក្រោយនេះ ស្ថានទូតប្រទេសលោកសេរី និងកុម្មុយនីស្ត ទាំងពីរនេះ បានបង្ហាញ​ពី​សង្រ្គាម​ប៉ាកា ឬសង្រ្គាមពាក្យសម្តីនៅលើដែនដីកម្ពុជាម្តងជាពីរដងរួចមកហើយ។

អ្នកវិភាគយល់ថា នេះជារឿងមិនល្អទាល់តែសោះ ដែលប្រទេសមហាអំណាចទាំងពីរ យកដែនដីរដ្ឋអធិបតេយ្យ និងជារដ្ឋឯករាជ្យនៃប្រទេសមួយ មកផ្តោះផ្តងសង្រ្គាមពាក្យសម្តីឥតឈប់ឈរនឹងគ្នាបែបនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស